៥សន្លឹក​ បង្ហាញ​ពីសកម្មភាព​យ៉ាងសកម្ម នៃ​របរចម្លាក់ថ្មកែវ នៅខេត្តពោធិ៍សាត់

  • 2018-05-30 02:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តអ្នកអានភាគច្រើន​ធ្លាប់​ដឹង​ហើយថា ថ្ម​កែវ ​មាន​ប្រភព​មក​ពី​ភ្នំតាសៃ ភ្នំយ៉ន និង ភ្នំស្ពង់​ ស្ថិត​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​តំបន់​នេះ​ទេ មាន​ថ្ម​កែវ​ស្អាត​ជាង​គេ ​ហើយ​ក៏​ជា​កន្លែង​ផលិត​ច្រើន​ជាង​គេ​ផង​ដែរ។ ដូច្នេះ ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុកសូមបង្ហាញ​សិប្បកម្ម​ចម្លាក់​ថ្មីកែវមួយកន្លែង ដែល​ទទួល​ការ​ពេញ​និយម​ ដូចខាងក្រោម។

១. លោក​ម៉ៃ ភុន អាយុ ៣៣ឆ្នាំ ម្ចាស់​សិប្ប​កម្ម​ចម្លាក់​ថ្មកែវ​នៅ ភូមិ​សាលា​គំរូ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់។ លោក​ចាប់​ប្រឡូក​ក្នុង​សិល្បៈ​ចម្លាក់​ថ្មកែវ​ចាប់ពី​ឆ្នាំ២០០៥មក។ ​លោក​ចាប់​ផ្ដើម​អាជីព​ពី​កម្មករ​ស៊ីឈ្នួល​អារ​ថ្មកែវ ​ធ្វើ​កូន​ជាង​ចម្លាក់​ធ្វើ​ជា​មេជាង​ចម្លាក់ និង​ចុង​ក្រោយ​ចេញ​មក​បើក​សិប្បកម្ម​ចម្លាក់​ថ្មកែវ​ដោយ​ខ្លួន​ឯង ។

២. ដូច​ជា​ការ​សាង​សង់​សំណង់​ធំៗ​នៅកន្លែង​ផ្សេងៗ​ក្នុង​ប្រទេស​ខ្មែរ​ដែរ មុន​ពេល​ចាប់​ផ្ដើម​គម្រោង​ធំៗ លោក លោក ម៉ៃ ភុន តែ​រៀបចំ​សែន​ព្រះពិស្ណុការ និង​បួងសួង​សុំ​ឱ្យ​ការ​ឆ្លាក់​របស់​លោក​បាន​ល្អ​ស្អាត និង​សុខសប្បាយ​។ នៅ​ក្នុង​រូប​នេះ លោក ម៉ៃ ភុន កំពុង​បួងសួង​សូម​ឱ្យ​ព្រះ​ពិស្ណុការ​ចូល​តម្រែតម្រង់ សូម​ឱ្យ​លោក​មាន​ទឹក​ដៃ​ល្អ។

៣. កូន​ជា​ង លោក ម៉ៃ ភុន ម្នាក់ កំពុង​ឆ្លាក់​ព្រះពុទ្ធ​បដិមា​ពី​ថ្មកែវ នៅ​ក្នុង​រោង​ជាង។ សិប្ប​កម្ម​ចម្លាក់​ថ្មកែវ​របស់​លោក ម៉ៃ ភុន មាន​ទទួល​ផលិត​រូប​បដិមា​ពី​ថ្ម​កែវ និង ថ្មភក់ គ្រប់​ប្រភេទ និង គ្រប់​ទំហំ​តាម​តម្រូវ​ការ​របស់​អតិថិជន និង ដើម្បី​ដាក់​លក់​ ក្នុង​ហាង​របស់​លោក​ផង​ដែរ។

៤. ជាង​ភុន និង​កូនជាង​កំពុង​ស្ទូច​ព្រះពុទ្ធ​បដិមា​ដាក់​ឡាន ដឹក​ឱ្យ​អតិថិជន។ ក្រោយពី​ការ​ឆ្លាក់ និង​លាបលន​ថ្នាំ​រលោង​លើ​បដិមា​រួចហើយ ជាងភុន តែង​រៀប​ចាំ​ដឹក​ជញ្ជូន​បដិមា​ទាំងនោះ​ឱ្យ​អតិថិជន។ អតិថិជន​របស់​លោក​មាន​នៅ​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ប្រទេស​ខ្មែរ និង អាណិក​ជន​ខ្មែរ​នៅ​ឯ​បរទេស។

៥. ការ​បង្កើត​សិប្ប​កម្ម​របស់ ​ជាងភុន បាន​រួមចំណែក​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​យុវជន​ក្នុង​ភូមិ ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ និង បាន​បន្ត​មរតក​សិល្បៈ​ចម្លាក់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ផងដែរ។ នៅ​ក្នុង​រូប​នេះ លោក ម៉ៃ ភុន និង​កូនជាង​កំពុង​ថត​រួបរួម​គ្នា​លេងកម្សាន្ត បន្ទាប់ពី​សម្រាក​ពី​ការងារ​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក