មកស្គាល់​ កន្លែង​ភ្ញាស់ពងទាកូន​ធំមួយ​កន្លែង នៅ​ខេត្ត​តាកែវ

  • 2018-06-01 03:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

នៅពេល​គេ​និយាយ​ពី​ខេត្ត​តាកែវ គេ​រមែង​នឹក​ឃើញ​ដល់​រសជាតិ​បង្កង​ធម្មជាតិ​ខេត្ត​នេះ​ថាឆ្ងាញ់​ ហើយ​មួយ​ទៀត​នោះ​ គឺ​ពងទាកូន ដែល​ល្បីល្បាញ​ថាឆ្ងាញ់​ជាង​បណ្ដា​ខេត្ត​ផ្សេង​ៗ។ ម៉្លោះហើយ​ថ្ងៃ​នេះ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​វគ្គ២ នឹង​បង្ហាញ​កន្លែង​ភ្ញាស់​ពងទាកូន​មួយ​កន្លែង​ ក្នុង​ខេត្ត​នេះ ដូច​ខាង​ក្រោម៖

១. លោក សូត្រ ផល អាយុ ៤៤ឆ្នាំ ជា​ម្ចាស់​អាជីវកម្ម​ភ្ញាស់​ពង​ទា​កូន នៅ​ភូមិ សាម​គ្គី ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។  លោក​ប្រកប​របរ​នេះ តាំង​ពី​ឆ្នាំ ២០០៧ មក​ម៉្លេះ។ នៅ​មុន​ពេល​ប្រកប​របរ​នេះ លោក សូត្រ ផល គឺ​ជា​ជាង​កាត់​សក់ ជាង​ប៉ះ​កង់ និង ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ពង​ទា​ឱ្យ​គេ។ របរ​ចុង​ក្រោយ​នេះ​ហើយ ដែល​ញ៉ាំង​ឱ្យ​លោក​ហ៊ាន​ប្រថុយ​ មក​រក​ស៊ី​ភ្ញាស់​ពង​ទា​កូន​លក់​ដោយ​ខ្លួន​ឯង និង ឈប់​ស៊ីឈ្នួល​គេ​។ បច្ចុប្បន្ន លោក  សូត្រ ផល លក់​ទាំង​ពង​ទា​កូន និង ទាំង​កូន​ទា។

២. កូន​ប្រុស​លោក សូត្រ ផល កំពុង​លើក​ពង​ទា ​ដែល​ទិញ​បាន​ពី​កសិករ​នៅ​ខេត្ត​កំពត​ ដាក់​ចូល​ក្នុង​ឡាន។  ស្ទើរ​រៀង​រាល់​ថ្ងៃ លោក សូត្រ ផល និង​កូន​ប្រុស តែង​ដើរ​ទិញ​ពងទា​ពី​កសិករ នៅ​តាម​កសិដ្ឋាន​នានា ក្នុង​ខេត្ត​តាកែវ និង ខេត្ត​កំពត​។ កសិករ​ចិញ្ចឹម​ទា​ភាគ​ច្រើន គឺជា​ម៉ូយ​ប្រចាំ​របស់​លោក ហើយ​លោក​បាន​ផ្ដល់​នូវ​ថវិកា​ខ្លះៗ និង ចំណី​ទា​ជាមុន មុន​នឹង​ប្រមូល​ទិញ​។

៣. លោក សូត្រ ផល និង កម្មករ កំពុង​ដាក់​ពង្រាយ និង​ហាល​ពង​ទា​នៅ​លើ​កន្ទេល​ស្លឹក​ត្នោត​ នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ។ ពង​ទា​ដែល​ដឹក​ជញ្ជូន​មក​ដល់​ផ្ទះ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ និង ជ្រើស​រើស​។​ បន្ទាប់​មក​ត្រូវ​ដាក់​ហាល​ថ្ងៃមួយ​សន្ទុះ​ធំ មុននឹង​ដាក់​បញ្ចូល​ក្នុង​ទូ​ភ្ញាស់​។ ការ​ដាក់​ពង​ទា​ហាល​ថ្ងៃ​នេះ ត្រូវ​បាន​លោក ​សូត្រ ផល​ ឱ្យ​ដឹង​ថា​ ជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​ពង​ទា​កូន​របស់​លោក​មាន​រសជាតិ​ឆ្ងាញ់ និង សម្បូរ​សាច់​។

៤. ភរិយាយ​របស់ លោក សូត្រ ផល និង ប្អូន​ស្រី​ កំពុង​ឆ្លុះមើល​ផ្នែក​ខាងក្នុង​នៃ​ពង​ទា ដោយ​ប្រើ​ពិល។​ ពងទា​ដែល​ហាល​ថ្ងៃ​រួច​ហើយ​ ត្រូវ​រៀប​ដាក់​ចូល​ក្នុង​ទូភ្ញាស់។ ៤ថ្ងៃក្រោយ​មក គេ​ត្រូវ​យក​ពង​ទា​ទាំង​នោះ​មក​ក្រៅ ដើម្បី​ពិនិត្យមើល​ម្តង​ទៀត ថា​តើ​ពង​ទា​ណា​ខ្លះ​បង្ក​កំណើត ឬ​មិន​បង្ក​កំណើត​។ ពង​ទា​ដែល​មិ​ន​បង្ក​កំណើត ត្រូវ​ដក​ចេញ​ពី​ទូ​ភ្ញាស់ ហើយ​ដាក់​លក់​ដូច​ពង​ទា​ធម្មតា។ ឯ​ពងទា ដែល​បង្ក​កំណើត ត្រូវ​រៀប​ចំ​ដាក់​ចូល​ក្នុង​ទូ​ភ្ញាស់​វិញ រហូតដល់​ពេល​លក់​ចេញ​បាន​។

៥. បន្ទាប់​ពី​ថ្ងៃ​ទី ១៦​ទៅ គេ​អាច​លក់​ពង​ទា​នៅ​ក្នុង​ទូ​ភ្ញាស់​ឱ្យ​ទៅ​អ្នក​លក់​ពង​ទា​កូន​​បាន​ហើយ។ ប៉ុន្តែ​​បើ​គេ​ចង់​លក់​ជា​កូន​ទា​វិញ គេ​ត្រូវ​រង់​ចាំ​រហូតដល់​ថ្ងៃទី ២៨ ឬ ៣០ ទើប​ពង​ទា ញាស់​ចេញ​ជា​កូន​ទា​អស់​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ភ្ញាស់​ពងទា​នេះ គេ​ត្រូវ​ឧស្សាហ៍​បង្វិល​ពងទា​ចុះឡើង ដោយ​យ៉ាង​ហោច​ណាស់ ២ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឱ្យ​ពង​ទា​ញាស់​បាន​ល្អ។ នៅ​ក្នុង​រូប​នេះ លោក សូត្រ ផល កំពុង​បង្វិល​ពងទា និង ពិនិត្យ​មើល​កូនទា ដែល​ទើប​នឹង​ញាស់​ថ្មីៗ៕  


អត្ថបទ៖ ក្រុមការងារផ្លូវ​ទៅស្រុក​