ពីតំបន់រញ៉ែរញ៉ូវ "ភ្នំពេញផាប់ស្ត្រីត" ប្រកាសស្តារប្រជាប្រិយភាពឡើងវិញ

  • 2018-06-03 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីកន្លែងសប្បាយនាពេលរាត្រីកណ្ដាលទីក្រុងភ្នំពេញ លោកអ្នកប្រហែលជាស្គាល់តំបន់កម្សាន្តមួគេហៅថា Golden Sorya Mall ស្ថិតនៅតាមបណ្តោយផ្លូវប៉ាស្ទ័រ។ ផ្សារនេះ សឹងតែបាត់មុខមាត់បន្តិចម្តងៗ ដោយសារសម្បូរទៅដោយបារ៍ កន្លែងលេងហ្គេម និងការប្រជុំនូវមនុស្សច្រើនជាតិសាសន៍គ្មានសណ្ដាប់ធ្នាប់ អ្នករកស៊ីផ្លូវភេទ និងអ្នកឆ្លៀតឱកាសជួញដូរគ្រឿងញៀន។

ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ វិនិយោគិនផ្សារនេះ ប្រកាសប្ដូរមុខមាត់ថ្មី ជាតំបន់ភ្នំពេញផាប់ស្ត្រីត (Phnom Penh Pub Street) ដែលប្រមូលផ្តុំទៅដោយអាហារដ្ឋានបើកដំណើរការ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។

លោកស្រី វ៉ាន់ ប៉ូលីន នាយិកាគ្រប់គ្រងទូទៅនៃ Golden Sorya Mall ថ្លែងក្នុងពិធីសម្ពោធផ្សារឡើងវិញកាលពីចុងខែ ឧសភា ថ្មីៗនេះថា៖ «នេះគឺជាប្រភេទគម្រោងដែលមានការពេញនិយមខ្លាំងនៅបរទេស ហើយយើងនឹងធ្វើឲ្យតំបន់នេះ ក្លាយទីតាំងកម្សាន្តសម្បូរបែប និងសុវត្ថិភាពសម្រាប់ភ្ញៀវខ្មែរនិងបរទេស»។

គម្រោង P.P Pub Street មានហាងសរុបចំនួន ២៩ មាន​តម្លៃ​ចាប់ពី​ ៩០០ ​ទៅ​ ២៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ ក្នុងនោះហាងខ្លះមានកម្ពស់ ២ ជាន់ជាមួយនឹងការតុបតែងដ៏ទាក់ទាញព្រមទាំងមានកន្លែងលក់អាហារច្រើនប្រភេទ និងច្រើនមុខរួមមានម្ហូបអាហារបែបខ្មែរ កូរ៉េ និងម៉ិកស៊ិកជាដើម។ ដោយឡែកសម្រាប់ទំហំទឹកប្រាក់រៀបចំជាថ្មី លោកស្រីសូមមិនបញ្ជាក់។

ប្រជាពលរដ្ឋរស់់នៅតំបន់ក្បែរផ្សារនេះ បានប្រាប់ថា ធ្លាប់ឃើញមានអ្នកញៀនថ្នាំ និងអ្នកស្រវឹង។ នៅពេលព្រឹកព្រលឹមគេតែងឃើញមានមនុស្សដេកនៅតាមចិញ្ចើមផ្លូវ ខណៈដែលអាណាព្យាបាលដឹកកូនមកចូលរៀននៅសាលាក្បែរៗនោះ។

យុវជន សីហា ចូលរួមក្នុងពិធីសម្ពោធ ឲ្យដឹងថា ប្រសិនបើពួកគេអាចបោសសម្អាតអ្នកញៀនថ្នាំចេញពីតំបន់នេះទៀតនោះ វានឹងអាចទាក់ទាញមនុស្សកាន់តែច្រើនថែមទៀតជាក់ជាមិនខាន។

ពលរដ្ឋម្នាក់សូមមិនបង្ហាញអត្តសញ្ញាណឲ្យដឹងថា «សូមឲ្យម្ចាស់ផ្សារប្ដេជ្ញារៀបចំសណ្ដាប់ឲ្យល្អវិញ ព្រោះទីតាំងនេះជាតំបន់សក្ដានុពលមួយនៅកណ្ដាលក្រុងនៅក្បែរហ្នឹង មានផ្សារទំនើប សណ្ឋាគារ និងអគារខ្ពស់ៗ ជាពិសេសជនបរទេសគេមកលេង យើងត្រូវការឲ្យគេជួយផ្សព្វផ្សាយពីសង្គមរស់នៅរបស់ខ្មែរទៅកាន់ពិភពលោក»៕

អត្ថបទ៖ ស៊ិន សាវ៉េត