រមណីយដ្ឋាន​ទឹកជ្រោះផ្អោក ស្រុកគីរីវង់ សម្បូរត្បូង​ថ្ម ធម្មជាតិ​មានតម្លៃ

  • 2018-06-03 02:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុកគីរីវង់ ខេត្តតាកែវ មាន​រមណីយដ្ឋាន​មួយ​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ គឺ​ទឹកជ្រោះផ្អោក ព្រោះ​នៅ​ទី​នោះមាន​ទឹក​ធ្លាក់ និង​សម្បូរ​ត្បូង​មាន​តម្លៃ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តទឹក​ធ្លាក់​ នៃ​ទឹក​ជ្រោះផ្អោក​មាន​ប្រវែង ១ ០០០ម៉ែត្រ ​និង​ទទឹង ២ម៉ែត្រ ដែល​ហូរ​ធ្លាក់​ពី​លើភ្នំ​មក​នោះ គឺ​ភ្ញៀវ​អាច​រក​ទិញ​ត្បូង​មាន​តម្លៃ​​ជាច្រើន​។ ដូច្នេះ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ សូមបង្ហាញ​ ពី​របរ​​លក់​ត្បូង​ ដូចខាងក្រោម​នេះ៖

១. អ្នកស្រី ឈុន ណាត វ័យ៦១ឆ្នាំ អ្នក​លក់​ត្បូង​គ្រប់​ប្រភេទ នៅ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក ស្រុក​គីរីវង់ ខេត្ត​តាកែវ។ ដោយសារ​តែ​ប្រជុំ​ភ្នំ​នៃ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក សម្បូរ​ត្បូង​ថ្ម ធម្មជាតិ​មាន​តម្លៃ​ អ្នក​ស្រី​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន ដោយ​ការ​ដើរ​ទិញ​ត្បូង​ពី​អ្នក​ជីក​ យក​ទៅ​ច្នៃ ហើយ​ផ្ញើ​គេ​លក់​តាម​ហាង ក្នុង​អំឡុង​ឆ្នាំ ២០០៣ -២០០៤។ នៅ​ឆ្នាំ ២០០៧ អ្នកស្រី ឈុន ណាត សម្រេចចិត្ត​ចេញ​មក​រកស៊ី និង បើក​ហាង​លក់​ត្បូង​ដោយខ្លួនឯង​តែ​ម្តង ។

២. ក្នុង​អាជីវកម្ម​របស់​ខ្លួន ទោះ​បី​ជា​កុងសែ​ស្រី​ក៏ដោយ ក៏​អ្នក​ស្រី ឈុន​ ណាត ហ៊ាន​ពុះពារ​រាល់​ការ​លំបាក ឡើង​ភ្នំ​ចុះ​ទួល​ ស្កាត់​ជួប​អ្នក​ជីក​ត្បូង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្លង​អូរ​ឆ្លង​ជ្រោះ​ ដើម្បី​ទិញ​ត្បូង​ឱ្យ​បាន​មុន​កុងសែ​ប្រុសៗ​ដទៃ​ទៀត​។ នៅ​ក្នុង​រូប​នេះ អ្នក​ជីកត្បូង​ម្នាក់ កំពុង​លុង​ដី​ជីក​ត្បូង​នៅ​ជើង​ភ្នំ​មួយ ក្នុង​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក។

៣. ការ​ជីក​លុង​ដី រុករក​ត្បូង​គឺជា​ការ​ប្រថុយ​ប្រថាន​មួយ​សម្រាប់​កម្មករ​ត្បូង។ ថ្ងៃ​ខ្លះ​អាច​ជីក​បាន​ត្បូង ថ្ងៃ​ខ្លះ​អាច​ជីក​អត់​បាន​សោះ​។ តែ​ចំពោះ​កម្មករ​ត្បូង​របស់​អ្នក​ស្រី ឈុន ណាត ម្នាក់​នេះ​ គាត់​មាន​សំណាង​ច្រើន​ជាង​អត់​។ គាត់​ប្រកប​របរ​នេះ​ជាង ១០ឆ្នាំ​មក​ហើយ។ ហើយ​គាត់​ចេះ​មើល​សណ្ឋាន​ដី ដែល​អាច​នឹង​មាន​ត្បូង​ឬ​អត់​ទៀត​ផង​។ បុរស​វ័យ​ជាង៤០​ឆ្នាំរូប​នេះ កំពុង​បង្ហាញ​ត្បូង​ពណ៌ ស មួយ​គ្រាប់​ដែល​គាត់​ទើបនឹង​ជីក​បាន​។

៤. ត្បូងថ្ម​ដែល​អ្នក​ស្រី ឈុន ណាត ប្រមូល​ទិញ​ពីពួក​កម្មករ​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ផ្ទះ​ច្នៃ​ត្បូង។ អ្នក​ច្នៃ​ត្បូង​ក៏​ជា​កម្មករ (កូន​ជាង)​ របស់​អ្នក​ស្រីដែរ​។ ពួក​គេ​ច្នៃ​ត្បូង​ទៅតាម​តម្រូវ​ការ​របស់​អ្នក​ស្រី។ យូរៗ​ម្តង​ អ្នក​ស្រី​ឈុន ណាត ទៅ​ឈរ​មើល​កូនជាង​ច្នៃម៉ូត​ត្បូង។ ប៉ុន្តែ​ភាគ​ច្រើន​ អ្នកស្រី​ចាំ​យក​ត្បូងដែល​ច្នៃ​ហើយ នៅ​ឯ​ផ្ទះ​ប៉ុណ្ណោះ​។

៥. អ្នកស្រីឈុន ណាត កំពុង​ចរចារ​នឹង​អតិថិជន នៅ​ហាង​របស់​ខ្លួន​ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​ទឹក​ជ្រោះ​ផ្អោក។ ទំនាក់​ទំនង​ល្អ រវាង​អ្នកស្រី និង​អ្នក​ជីក​ត្បូង រវាង​អ្នកស្រី និងអ្នកទិញ បាន​ធ្វើឱ្យ​អ្នកស្រី ឈុន ណាត​ ក្លាយ​ជា​កុងសែ​ដែល​ទិញ​ត្បូង​បាន​ល្អៗ​ និង​ជាទី​ទុក​ចិត្ត​របស់​អតិថិជន​។ រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ អ្នកស្រី មាន​អតិថិជន​ច្រើន​គ្រប់​ទិស​ទី ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក៕

សូមចុចអាន៖ រមណីយដ្ឋាន​ ទឹកជ្រោះ​ផ្អោក​គីរីវង់ សម្បូរ​ត្បូង

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក