កីឡាជាតិលើកទី២បានបិទបញ្ចប់ផ្លូវការល្ងាចមិញដ៏អធិកអធម
- 2018-06-05 01:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាជាតិលើកទី២បានបិទបញ្ចប់ផ្លូវការល្ងាចមិញដ៏អធិកអធម
ចន្លោះមិនឃើញ
ការប្រកួតកីឡាជាតិលើកទី២ (The 2nd National Games) បានបិទជាផ្លូវការហើយកាលពីល្ងាចមិញ ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី និងមហាជនយ៉ាងច្រើនកុះករនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ក្នុងពិធីបិទដ៏វិសេសវិសាលនេះមានការសម្តែងដោយតារាចម្រៀង មាស សុខសោភា ទៀង មុំសុធាវី និងក្មេងខ្មែរដែលសម្តែងអំពីបទដែលផលិតដោយ Smart។ ជាមួយគ្នានេះក៏មានរបាំសន្តិភាព និងការអភិវឌ្ឍ ការសម្តែងចលនាកាយសមស្របដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF។ ពិធីក្បួនព្យុហយាត្រាតាមប្រភេទកីឡា ព្រមទាំងមានការសម្តែងសិល្បៈកម្សាន្តជាច្រើន។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងសុន្ទរកថាអំពីការរៀបចំប្រកួតកីឡាជាតិលើកទី២ និងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីលទ្ធផលនៃការប្រកួតក្នុងព្រឹត្តិការណ៍២ឆ្នាំម្តង។
អ្វីដែលពិសេសបំផុតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារដើម្បីជំរុញឲ្យមានការអភិវឌ្ឍកីឡាក្នុងប្រទេសឲ្យកាន់តែខ្លាំងឡើងទូទាំងប្រទេសដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ បន្ទាប់មកសម្តេចតេជោបានបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ជាផ្លូវការតាមរយៈពន្លត់ភ្លើងគប់។
ព្រឹត្តិការណ៍កីឡាជាតិលើកទី២បានចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនទូរសព្ទ Smart៕