ពួក​ម៉ាក​ជិះ​ម៉ូតូ​អស់​សាំង​ហើយ​អត់​លុយ មក​ពឹង​ចំ​អ្នកមាន​លុយ​ត្រឹម ១៥០០ទៀត ​មាន​រឿង​កើត​ឡើង?

  • 2018-06-08 11:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខក​ខាន​២​ដង ឥឡូវ "ទំព័រ​ហួស​ចិត្ត" បាន​ការ​ចែក​រំលែក​ពី​បង​ប្រុស​ម្នាក់​នៅ​ឧត្តុង្គ ដែល​សាច់​រឿង​មាន​ដូច​ត​ទៅ៖

ខ្ញុំ​មាន​រឿង​មួយ ជា​អនុស្សាវរីយ៍​គួរ​ឲ្យ​ចង​ចាំ​មួយ​ជា​មួយ​មិត្ត​កម្សត់​កម្រ​ម្នាក់។ រឿង​នេះ ទំនង​មិន​បាន​ជួយ​ឲ្យ​បង​ប្អូន​សើច​ទេ​មើល​ទៅ ដូច្នេះ​សុំ​កុំ​ប្រកាន់ គ្រាន់​តែ​ហួស​ចិត្ត​បន្តិច​ដែរ ដែល​មិន​ដឹង​បង​ប្អូន​ណា​ទៀត​ដែល​ធ្លាប់​ជួប​រឿង​បែប​នេះ។

ខ្ញុំ និង​មិត្តភ័ក្ដិ​មក​ពី​ឧត្តុង្គ​ដូច​គ្នា ពួក​យើង​គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​តាំង​នៅ​រៀន​វិទ្យាល័យ។ ប៉ុន្តែ​ក្រោយ​មក ពួក​ម៉ាក​ខ្ញុំ បាន​ឈប់​រៀន​កណ្ដាល​ទី ដោយ​កត្តា​ជីវភាព និង​បាន​ឡើង​មក​ភ្នំពេញ​ក្រោម​ផ្ចុងផ្ដើម​របស់​សាច់​ញាតិ​ម្នាក់។ ដូច្នេះ​ហើយ ពួក​យើង​ក៏​បែក​គ្នា​រហូត​មក ព្រោះ​កាល​ណោះ អំឡុង​ឆ្នាំ ៩០​ជាង អ្វី​ក៏​គ្មាន​ប្រើ​ដែរ មិន​ថា​ទូរសព្ទ ឬ​អ៊ីនធឺណិត។

រហូត​ដល់​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ឡើង​មក​ធ្វើ​ការ​(យាម​ផ្ទះ​គេ)នៅ​ភ្នំពេញ​ដែរ​អំឡុង​ឆ្នាំ ២០០០ ទើប​ពួក​យើង​មាន​ឱកាស​បាន​ជួប​គ្នា​វិញ។ បើ​ទោះ​កាល​នៅ​ស្រុក ជីវភាព​គ្រួសារ​ខ្ញុំ​ប្រសើរ​ជាង​វា​ឆ្ងាយ ប៉ុន្តែ​ដោយ​សារ​ម៉ាក់​ខ្ញុំ​រក​ស៊ី​ខាត ព្រម​ទាំង​ត្រូវ​គេ​បោក​តុងទីន​ផង ធ្វើ​ឲ្យ​អ្វី​ៗ​ត្រូវ​ចាប់​ផ្ដើម​ពី​សូន្យ​ឡើង​វិញ។ នោះ​ជា​មូលហេតុ​ដែល​ត្រូវ​ឡើង​មក​ភ្នំពេញ​យាម​ផ្ទះ​គេ។

និយាយ​ពី​ពួក​ម៉ាក​ខ្ញុំ ក្រោយ​បាន​ជួប​គ្នា​ជា​ថ្មី​នៅ​ភ្នំពេញ វា​បាន​ប្រែ​ស្ថានភាព​ប្រសើរ​ជាង​ខ្ញុំ​វិញ ដោយ​ពេល​នោះ វា​មាន​ការងារ​ធ្វើ​ប្រសើរ​មួយ ថែម​ទាំង​មាន​ឡាន​ទីកូ​ជិះ​ទៀត(កាលណោះ​ទីកូ​ពេញ​និយម​ណាស់)។ ពួក​យើង​ឧស្សាហ៍​មាន​កម្មវិធី​ជាមួយ​គ្នា​ក្នុង​នាម​ជា​មិត្តភ័ក្ដិ។ បើ​ទោះ​បែប​នេះ ពួក​ម៉ាក​ខ្ញុំ វា​ឧស្សាហ៍​មាន​បញ្ហា​ខ្លះ​ៗ​នៅ​ក្នុង​គ្រួសារ ជាក់​ស្ដែង​នៅ​ថ្ងៃ​មួយ វេលា​ម៉ោង ប្រមាណ​១​រសៀល ខ្ញុំ​ទទួល​ទូរសព្ទ​ពី​ពួក​ម៉ាក​ខ្ញុំ​ម្នាក់​នេះ។

ពួក​ម៉ាក​ខ្ញុំ៖ “អាឡូ...អា​ភណ្ឌ អ្ហែង​នៅ​ផ្ទះ​តើ​អ្ហី...” ខ្ញុំ៖“អើ​នៅ​តើ...មាន​ការ​អី" ពួក​ម៉ាក​ខ្ញុំ៖ "អើ...អញ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ក៏​ទាញ​ម៉ូតូ​ជិះ​ចេញ​ពី​ផ្ទះ​ម៉ោ ភ្លេច​យក​កាបូប​លុយ ឥឡូវ​ម៉ូតូ​អស់សាំង​ជិត​ផ្ទះ​អ្ហែង ចេញ​មក​ជួយ​តិច​ម៉ោ​អ្ហា...!”។ ខ្ញុំ៖ "អឹម...អើ​ៗ...អញ​ទៅ​ដល់​ឥឡូវ​ហើយ!”។

មិត្តភ័ក្ដិ​មាន​អាសន្ន​ក៏​ចេញ​មក​ភ្លាម ប៉ុន្តែ​តាម​ពិត​ពេល​នោះ​ក្នុង​ខ្លួន​ខ្ញុំ​មាន​លុយ​តែ ១៥០០​រៀល​គត់ ខណៈ​សាំង​កាល​ណោះ ដូច​ជា ៣ពាន់​ជាង(ចាំ​មិន​ច្បាស់)។ ពេល​មក​ដល់​ខ្ញុំ​ប្រាប់​វា​ថា "អញ​អត់​លុយ​ដែរ​ទេ​អ្ហើយ...គឺ​មាន​តែ ១៥០០​រៀល​ប៉ុណ្ណោះ!”។ "អីចឹង​គិត​ម៉េច​ទៅ​អីចឹង!” មិត្តភ័ក្ដិ​ខ្ញុំ​ពោល។ "មាន​អី...យើង​សុំ​គេ​ចាក់​ប៉ុណ្ណឹង​ទៅ"។ ដោយ​សារ​វា​ធ្លាប់​នៅ​ក្នុង​ស្ថានភាព​ប្រសើរ ពេល​នោះ វា​មិន​ហ៊ាន​អូស​ម៉ូតូ​ទៅ​ចាក់​សាំង​នៅ​ហ្គារ៉ាស​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ។

“ម៉ោះ...បើ​អ្ហែង​មិន​ហ៊ាន អត់​អី​ទេ ចាំ​អញ​អូស​ទៅ​ចាក់​ឲ្យ"។ ខ្ញុំ​បាន​អូស​ម៉ូតូ​វា ទៅ​ហ្គារ៉ាស់ ប្រាប់​អ្នក​ចាក់​សាំង​ថា "ជួយ​ចាក់​សាំង​ឲ្យ​ខ្ញុំ ១៥០០​រៀល​ម៉ោ​​បង"។ អ្នក​ចាក់​សាំង​មើល​មុខ​ខ្ញុំ ខ្ញុំ​ដឹង​ពី​ក្រសែ​ភ្នែក​គាត់ ទើប​ឆ្លើយ​កាត់​ភ្លាម "បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង​ទៅ​បង...ខ្ញុំ​ដាច់​ហើយ!”។ អ្នក​លក់​ក៏​ចាក់​ឲ្យ​តាម​ចំនួន​លុយ។បាន​សាំង​ហើយ អា​ពួក​ម៉ាក​ខ្ញុំ ក៏​អរគុណ និង​លា​ខ្ញុំ​ចេញ​ទៅ​បាត់​ទៅ ដែល​ពេល​នោះ មិន​ដឹង​ថា គោល​ដៅ​វា​ទៅ​ផង។

រឿង​ខ្ញុំ និង​ពួក​ម៉ាក ចប់​ត្រឹម​នេះ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បាន​ជួប​អ្នក​ផ្សេង ដែល​មាន​រឿង​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ពេល​ក្រោយ។ កាល​ណោះ ពេល​ជិះ​តាក់ស៊ី ត្រឡប់​ពី​ស្រុក​វិញ មក​ដល់​ចំណុច​វត្ត​ភ្នំ អ្នក​ដំណើរ​ម្នាក់​ដែល​មាន​វ័យ​ស្របាល​ខ្ញុំ បាន​កេះ​ខ្ញុំ​ប្រាប់​ដោយ​ចង្អុល​ទៅ​កន្លែង​ចាក់​សាំង(សាំង​ដប) មួយ​នៅ​ជាប់​ផ្លូវ​ថា "បង...យប់​មិញ ខ្ញុំ​សុំ​គេ​ចាក់​សាំង​នៅ​ហ្នឹង គឺ​ចាក់ ៥០០​រៀល"។

ខ្ញុំ​សើច...ហួស​ចិត្ត...គេ​ប្រាប់​ថា គ្នា​គេ​ជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់ ស្រាប់​តែ​អស់​សាំង​កណ្ដាល​ផ្លូវ ខណៈ​ម្នាក់​ៗ​សុទ្ធ​តែ​អត់​មាន​លុយ ពោល​គឺ ៣នាក់​នោះ​មាន​លុយ​តែ ៥០០​រៀល​ប៉ុណ្ណោះ។ "ខ្ញុំ​បាន​សុំ​មីង​អ្នក​លក់ អង្វរ​ផង​ថា​ជួយ​ចាក់​ឲ្យ​បន្តិច បាន​ប៉ុណ្ណា​ក៏​យក​ដែរ​មីង។ មីង​អ្នក​លក់ ក៏​ចិត្ត​ល្អ​ដែរ បាន​ចាក់​ឲ្យ​ខ្ញុំ​ជិត​កន្លះ​លីត្រ បាន​ជិះ​ទៅ​ដល់​ផ្ទះ​ជួល​នៅ​ម្ដុំ​ចាក់​អង្រែ"។

ដល់​អីចឹង​ទៅ ទើប​ដឹង​ថា រឿង​ខ្ញុំ និង​ពួក​ម៉ាក​គ្រាន់​ជាង​គេ​នោះ​ផង គឺ​ហោច​ណាស់​មាន ១៥០០រៀល ឯ​គេ​ម្នាក់​នោះ គ្នា​៣នាក់ មាន​តែ ៥០០​រៀល។ នេះ​បាន​ថា រឿង​កម្សត់​កម្រ​ជាមួយ​មិត្តភ័ក្ដិ​មែន...!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា