មកដឹងវិធីភ្ញាស់កូនមាន់លក់ របស់​អ្នកស្រុកត្រាំកក់

  • 2018-06-11 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. លោក​ហ៊ី សុធី វ័យ ៤៦ឆ្នាំ ជា​ម្ចាស់​អាជីវកម្ម​ភ្ញាស់​កូន​មាន់​លក់ នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។​ ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​កូន​មាន់ មាន​ការ​កើន​ឡើង លោក សុធី បាន​សម្រេច​ចិញ្ចឹម​មេមាន់ និង ភ្ញាស់​កូន​លក់ នៅ​ឆ្នាំ​២០១៦។ បច្ចេកទេស​នៃ​ការ​ភ្ញាស់​កូន​មាន់​នេះ បាន​មកពី​ការ​ស្រា​វ​ជ្រាវ​តាម Youtube ដោយ​ខ្លួន​លោក​ផ្ទាល់ និង​ទទួល​បានការ​គាំទ្រ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (CIRD)។

លោក ហ៊ី សុធី

២. លោក ហ៊ី សុធី ចាប់ផ្ដើម​អាជីវ​កម្ម​របស់​ខ្លួន ដោយ​ការ​ចិញ្ចឹម​មេមាន់​ ៣០ក្បាល និង មាន​ទូ​ភ្ញាស់​កូន​មាន់​តែមួយ​ប៉ុណ្ណោះ។​ បច្ចុប្បន្ន​លោក​មាន មេមាន់ ១០០​មាន់ឈ្មោល១៥ ក្បាល និង មាន​ទូភ្ញាស់​ចំនួន៤។ ក្រៅពី​នេះ លោក​ក៏​មាន​ទទួល​ទិញ​ពងមាន់​ស្រែ ពី​កសិករ​ដែល​ជា​ដៃគូ​ផ្គត់​ផ្គង់ ផង​ដែរ។

៣. ជា​រៀងរាល់​ថ្ងៃ លោក ហ៊ី សុធី តែង​ដើរ​ប្រមូល​ពងមាន់​ពី​ទ្រុង​យក​មក​រក្សា​ទុក​ដោយ​ឡែក។ ហើយ​រៀងរាល់ ៥ថ្ងៃម្តង លោក​តែង​យក​ពងមាន់​ទាំងនោះ ដាក់​ចូល​ក្នុង​ទូភ្ញាស់។ មុន​នឹង​ដាក់​ចូល​ក្នុង​ទូភ្ញាស់ លោក ហ៊ី សុធី ចុះ​កាល​បរិច្ឆេទ (ថ្ងៃ​ដាក់ចូល និង ថ្ងៃ​ញាស់) នៅ​លើពង​មាន់​ទាំង​នោះ។ ​

៤. លោក ហ៊ី សុធី កំពុង​យក​ពង​មាន់​ដាក់​ចូល​ក្នុង​ទូ​ភ្ញាស់​ ក្រោយ​ពេល​គាត់​ប្រមូល​បាន​ពី​ទ្រុង។ ក្នុង​មួយ​ទូៗ លោក ហ៊ី សុធី ដាក់​ពងមាន់​ប្រមាណ​ជា ៥០០គ្រាប់។ ទូ​ភ្ញាស់​នេះ ត្រូវ​មាន​កម្ដៅ (ចន្លោះ​ពី ៣៧ ទៅ ៣៨ អង្សា​សេ) សំណើម និង ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ ទើប​ធ្វើ​ឱ្យ​ពង​មាន់​ញាស់​ល្អ។ ២១ថ្ងៃ​ក្រោយ ពងមាន់​ទាំងនោះ នឹង​ញាស់​ជាកូន​មាន់។

៥. បន្ទាប់​ពី​ញាស់​ហើយ កូន​មាន់​ទាំងនោះ នឹង​ត្រូវ​ចាប់​ទៅ​ដាក់​ក្នុង​ទ្រុង​កម្តៅ មួយ​ដាច់​ដោយ​ឡែក។ ក្នុង​ទ្រុង​នោះ​មាន​ទឹក និង​ចំណី​សម្រាប់​កូន​មាន់​ស៊ី។ ចាប់ពី​៣​ថ្ងៃ​ឡើង​ទៅ គេ​អាច​ចាប់​កូន​មាន់​ល​ក់បាន​ហើយ។ កូន​មាន់​អាយុ ៣ថ្ងៃ មាន​តម្លៃ ៣ ៣០០រៀល ឯ​កូន​មាន់​អាយុ ១០ថ្ងៃ មាន​តម្លៃ ៤ ០០០រៀល៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក