ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក
- 2025-08-01 09:25:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ "ការលើកកម្ពស់ប្រជាជន និងសហគមន៍" ដែលជាសសរស្តម្ភចីរភាពស្នូលមួយរបស់ខ្លួន ក្រុមហ៊ុន Smart នៅតែបន្តចូលរួមយ៉ាងសកម្ម ដើម្បីផ្តល់ជំនួយជាបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមកម្ល៉េះ។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «Smart Axiataក្នុងនាមជាក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីដែលបានបង្កើតឡើងយូរហើយនៅកម្ពុជា Smart Axiata តែងតែរក្សាជំហរ រួមគ្នាតែមួយជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ មូលនិធិនេះមិនមែនគ្រាន់តែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ វាឆ្លុះបញ្ចាំងពីភាពជឿជាក់របស់យើង ទៅលើការតាំងចិត្ត និងស្មារតីដ៏មុតមាំបស់ប្រទេសកម្ពុជា។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយស្តារនូវជីវភាពរបស់ប្រជាជនខ្មែរឡើងវិញ និងផ្ដល់ក្តីសង្ឃឹមដល់បងប្អូនប្រជាជនខ្មែរទាំងឡាយដែលបានរងនូវផលប៉ះពាល់។» លោកបានបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាជ្ញាធរមូលដ្ឋានសម្រាប់ការសម្របសម្រួល និងការគាំទ្រឥតស្រាកស្រាន្តក្នុងគ្រាលំបាកនេះ។ ពួកយើងក៏សូមសម្ដែងការគោរព និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃប្រជាជនដែលបានបាត់បង់ជីវិតដោយសារជម្លោះនេះ។ ហើយយើងសូមគោរពចំពោះវីវភាព និងការលះបង់របស់កងកម្លាំងជួរមុខ ព្រមទាំងក្រុមគ្រួសារ ដែលបានឈរជើងយ៉ាងរឹងមាំដើម្បីការពារប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនមួយដែលតែងតែបម្រើដល់ប្រជាជនកម្ពុជា យើងមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ប៉ុណ្ណោះទេ យើងក៏បានយកចិត្តទុកដាក់លើកិច្ចការសង្គម ដើម្បីឆ្ពោះទៅមុខរួមគ្នាជាមួយប្រទេសកម្ពុជា។»
រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន Smart Axiata បានចែកកញ្ចប់ស្បៀងចំនួនជាង 13,000 កញ្ចប់ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ និងទៅដល់កងកម្លាំងជួរមុខ និងក្រុមគ្រួសារយោធិនផងដែរ។ សកម្មភាពនៃការចែកជួនរួមមាន៖ • ស្បៀង 6000 កញ្ចប់ សម្រាប់ប្រជាជនភាសសឹក និងស្បៀង 2500 កញ្ចប់ សម្រាប់កងកម្លាំងយោធាជួរមុខ ព្រមទាំងក្រុមគ្រួសារយោធិន ក្នុងខេត្តព្រះវិហារ • ស្បៀង 3000 កញ្ចប់ សម្រាប់ជនភាសសឹកក្នុងខេត្តឧត្តរមានជ័យ ហើយស្បៀងចំនួន 1,500 កញ្ចប់ទៀតកំពុងធ្វើដំណើរទៅកាន់ខេត្តឧត្ដរមានជ័យដូចគ្នា។
កញ្ចប់នីមួយៗមានស្បៀងអាហារសំខាន់ៗដើម្បីបំពេញនូវតម្រូវការអាហាររូបត្ថម្ភរបស់បងប្អូនខ្មែរក្នុងគ្រាលំបាកនេះ។ ជាការឆ្លើយតបនឹងតម្រូវការបន្ទាន់នេះ ក្រុមហ៊ុន Smart បានកៀងគរបុគ្គលិកស្ម័គ្រចិត្ត ដើម្បីទិញទំនិញ វេចខ្ចប់ និងដឹកជញ្ជូនកញ្ចប់ស្បៀងទាំងនេះទៅដល់តំបន់ដែលមានតម្រូវការបំផុត។
គិតត្រឹមថ្ងៃទី 1 ខែសីហានេះ អ្នកប្រើប្រាស់អុីនធឺណិតរបស់ ក្រុមហ៊ុន Smart ទាំងអស់ (ទាំង Prepaid និង Postpaid) នឹងទទួលបានទិន្នន័យដាតា 3,333 MB សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេ ដើម្បីតាមដានព័ត៌មានថ្មីៗ និងដើម្បីចូលរួមគ្នាកសាងប្រទេសជាតិឡើងវិញ។ កញ្ចប់ «ដាតាជាមួយអ្នក» គឺសម្រាប់អតិថិជនស្មាតទាំង 25 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសេវាគ្របដណ្ដប់ជាមួយនឹងអង់តែនសេវាច្រើនជាង 4200 នៅទូទាំងប្រទេស។
មូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជានេះ ជាជំហានបន្ទាប់ដើម្បីបន្ថែមលើការគាំទ្របច្ចុប្បន្ន ដោយផ្តោតលើតម្រូវការបន្ទាន់ផង និងតម្រូវការរយៈពេលវែងផង។ មូនិធិនេះប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងតម្លាភាពជាគោល ហើយរាល់ការឧបត្ថម្ភទាំងអស់ត្រូវបានឆ្លងកាត់គណៈកម្មការបរធនបាលកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាព។ មូលនិធិនេះ នឹងផ្ដោតលើចំណុចសំខាន់ៗដូចជា៖ • ជំនួយលើតម្រូវការបន្ទាន់ និងទីជម្រក • ការស្តារជីវភាពរស់នៅ និងការគាំទ្រសហគ្រាស ធុនមីក្រូ តូច និងមធ្យម (MSME) • ការតភ្ជាប់ជាមួយនឹងប្រព័ន្ធឌីជីថល និង ការអប់រំ • សុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត សកម្មភាព ព្រមទាំងវឌ្ឍនភាពទាំងឡាយរបស់មូលនិធិនេះ នឹងត្រូវប្រកាសនៅលើវេទិកាឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ជាភាសាខ្មែរ និងភាសាអង់គ្លេស។ មូលនិធិនេះត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ រក្សាតម្លាភាព និងមានភាពបត់បែនក្នុងការផ្លាស់គោលដៅគាំទ្រ ប្រសិនបើការចំណាយជាក់ស្តែង មានចំនួនទាបជាងចំនួនដែលបានកំណត់។ ក្រុមហ៊ុន Smart Axiata នឹងបន្តធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតាមសហគមន៍ ដើម្បីធានាថា ការគាំទ្រ និងការសម្រាលបន្ទុកប្រជាជនកម្ពុជានេះ ធ្វើឡើងប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងមានអត្ថន័យពិតប្រាកដដល់ប្រជាជនដែលរងផលប៉ះពាល់។
ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 8 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។