ពលករខ្មែរ​ បន្ដសម្រុកចូលប្រទេស​ កំពុងកកកុញនៅច្រកទ្វារអន្ដរជាតិព្រំ​​ និងបានឡែម ក្រសួងកំពុងពិនិត្យលទ្ធភាពជួយបន្ថែម!

  • 2025-07-30 04:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បន្ដសម្រុកចូលមកស្រុកកំណើត ក្នុងប្រទេសកម្ពុជាវិញ។ សម្រាប់ច្រកទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងបានឡែម​ ខេត្ដបាត់ដំបង​ ជាប់ខេត្ដច័ន្ទបុរី ថៃ កំពុងកកកុញដោយពលករខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។

សេចក្ដីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងនៅមុននេះថា ពលករខ្មែរកំពុងកកស្ទះនៅច្រកទ្វារចាន់បុរី ដើម្បីបំពេញបែបបទចូលមកស្រុកកំណើតវិញ ដោយសារតែទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាកាន់តែអាក្រក។ ជាពិសេសភាពភ័យខ្លាចកើតចេញពីសង្គ្រាមនៅតាមព្រំដែនរយៈពេល ៥ថ្ងៃកន្លងទៅ បើទោះបីជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាត្រូវបានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ ដោយឥតលក្ខណ្ឌ​​ ត្រូវបានភាគីទាំងពីរបានអនុវត្ដតាំងពីយប់ថ្ងៃទី២៨​ ហើយក្ដី។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod ថៃ។

រូបភាពមន្ដ្រីច្រកទ្វារព្រំដែនកម្ពុជា-ថៃ៖​ ច្រកទ្វារបានឡែម​ បាត់ដំបង

ពលករដែលបានត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកនានា ជាពិសេសនៅច្រកព្រំ ខេត្ដប៉ៃសិន បាននិយាយថា ចំពោះការងារជាមួយថៅកែនៅប្រទេសថៃមិនចោទជាបញ្ហានោះទេ ប៉ុន្ដែខ្លួនភ័យខ្លាចគេធ្វើបាប ដោយប៉ុន្មានថ្ងៃមកនេះពួកគាត់ឃើញផ្ទាល់ភ្នែក ជនជាតិថៃវាយធ្វើបាប និងករណីខ្លះបានឈានដល់កាប់ដាច់ដៃទៀតផង។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជា ពលករម្នាក់បានបង្ហាញក្ដីបារម្ភថា ឃើញគ្រោះថ្នាក់នៅនឹងភ្នែកច្បាស់ៗបែបនេះ ទើបធ្វើឲ្យគាត់កាន់តែភ័យខ្លាច រួចក៏នាំប្រពន្ធ និងកូនតូចៗពីរនាក់វិលមកស្រុកកំណើតនៅខេត្ដព្រៃវែងវិញជាបន្ទាន់។

ទាក់ទងបញ្ហានេះ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហើបឲ្យដឹងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃម្សិលមិញថា រយៈពេល ២ខែ ពលករដែលធ្វើការងារនៅប្រទេសថៃជាង ៤០ម៉ឺននាក់បានវិញត្រឡប់មកកម្ពុជាវិញតាមច្រកនានា។

លោកថា ចំនួនពលករត្រឡប់មកស្រុកវិញ ពិតជាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយរូបលោកក្នុងនាមថ្នាក់ដឹកនាំក្រសួង កំពុងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យមើលលទ្ធភាពផ្ដលកញ្ចប់ណាមួយជួយពួកគាត់ ជាពិសេសវិធីសាស្ដ្រឲ្យពលករទាំងនោះអាចបញ្ជ្រាប់ទៅក្នុងសង្គម និងការងារនៅកម្ពុជា។ លោក ហេង សួរ “សំខាន់ ក្នុងកាលៈទេសៈនេះ ឲ្យពួកគាត់បានចូលមកស្រុកវិញដោយសុវត្ថិភាពសិន"៕

អត្ថបទ៖ សំណាង