ពលរដ្ឋត្រូវយល់ដឹង! កម្ចីពីធនាគារ១០ប្រភេទ អាចនាំទុក្ខដាក់ខ្លួន និងនាំឲ្យរីកចម្រើន

  • 2018-06-11 02:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ការ​ខ្ចី​លុយ​ពី​ធនាគារ ដោយ​ខ្វះ​ការ​វិភាគ​ពី​ហានិភ័យ និង​គោលដៅ​ច្បាស់​លាស់​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ជីវភាព​រស់​នៅ ប៉ុន្តែ​បើ​ខ្ចី​ចំ​គោលដៅ​ យក​ទៅ​ប្រើប្រាស់​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​គ្រួសារ​នោះ​គឺ​ជា​កម្ចី​ល្អ។ ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់ ​លោក​សាស្ត្រាចារ្យ​​ វេង ហៀង បង្រៀន​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ ពី​ប្រភេទ​កម្ចី​ល្អ​បំផុត​សម្រាប់​គ្រួសារ និងកម្ចីអាចនាំឲ្យមានបញ្ហាដល់គ្រួសារ៖

  • កម្ចី៥ប្រភេទគួរពិចារណាឲ្យច្បាស់ប្រយ័ត្ននាំទុក្ខដាក់ខ្លួន៖

១. ​លុយ​ខ្ចី​ទិញ​ទ្រព្យ​សម្បត្តិ

លុយ​ខ្ចី​ទ្រព្យ​សម្បត្តិ​ដូចជា​ឡាន ម៉ូតូ និង​សម្ភារៈ​និយម​ផ្សេងៗ​ទៀត ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ខ្ចី​ធនាគារ។ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ដែល​ពិចារណា​មិន​បាន​វែង​ឆ្ងាយ​នឹក​ឃើញ​ចង់​បាន​អ្វី​ខ្ចី​លុយ​ពី​ធនាគារ​ភ្លាម​ ដោយ​មិន​បាន​វិភាគ​មើល​ឱ្យ​បាន​ច្បាស់​ពី​កម្រិត​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ឬ​មធ្យោបាយ​ទូទាត់​សង​នោះ​ទេ។ ការ​ខ្ចី​លុយ​ទិញ​ទ្រព្យ​សម្បត្តិ មិន​បាន​ធ្វើ​ឱ្យ​លុយ​មាន​លំហូរ​នោះ​ទេ គឺ​កប់​ក្នុង​ទ្រព្យ​នោះ។ ដូច្នេះ​បើ​មិន​ទាន់​មាន​លទ្ធភាព​សង​ត្រឡប់ ដោយ​មិន​ប៉ះពាល់​ដល់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ គួរ​ជៀសវាង​ត្រង់​ចំណុច​នេះ។

២. ​លុយ​ខ្ចី​ធ្វើ​ផ្ទះ

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មាន​មួយ​ចំនួន​ តែង​ជ្រើសរើស​ខ្ចី​លុយ​ពី​ធនាគារ​​សង់​ផ្ទះ​ ដោយ​អាង​មុខ​របរ​ស្រែ​ចម្ការ ឬ​កូន​ធ្វើ​ការ​រោង​ចក្រ ក្នុង​ការ​ទូទាត់​សង​ធនាគារ។ នេះ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ មិន​ខុស​អី​ពី​ខ្ចី​លុយ​ទិញ​ទ្រព្យ​សម្បត្តិ​ឡើយ គឺ​លុយ​ត្រូវ​កប់​ចោល​គ្មាន​ចលនា ចំណែក​ប្រាក់​ចំណូល​ដែល​រក​បាន​មិន​ថេរ មិន​មាន​បង្គោល​គ្រួសារ​ធានា​រ៉ាប់រង។ ដូច្នេះ​ចំណុច​នេះ​ត្រូវ​ពិចារណា​ឱ្យ​វែង​ឆ្ងាយ ព្រោះ​អាច​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​មាន​បញ្ហា។

៣. ​លុយ​ខ្ចី​ដើម្បី​យក​ចង​ការ​ប្រាក់

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូលចិត្ត រកស៊ី​ចង​ការ​ប្រាក់​នៅ​តាម​ភូមិ​ស្រុក ដោយ​ខ្ចី​លុយ​ពី​ធនាគារ។ ការ​ខ្ចី​លុយ​ ដើម្បី​រកស៊ី​មុខ​របរ​នេះ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត ដោយសារ​ការ​ចង​ការ​ប្រាក់​នោះ ពុំ​មាន​លិខិត​លាយ​លក្ខ​អក្សរ​ច្បាស់​លាស់ គ្មាន​អាជ្ញាធរ​ដឹង​ឭ។ ដូច្នេះ​ហើយ មិន​អាច​ធានា ១០០% ថា​គេ​នឹង​សង​ត្រឡប់​នោះ​ទេ ហើយ​នៅ​ពេល​មាន​បញ្ហា​ក៏​ពិបាក​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដែរ។

៤. ខ្ចី​លុយ​បន្ទាន់​ភ្លាមៗ

កម្ចី​ប្រភេទ​នេះ ភាគ​ច្រើន​តែង​បង្ក​ផល​លំបាក​ទៅ​ថ្ងៃ​ក្រោយ​ដូច​គ្នា គឺ​ខ្ចី​លុយ​ពី​ធនាគារ ដោយសារ​មាន​ការ​ចាំបាច់​បន្ទាន់​ដូចជា រៀបការ​ឱ្យ​កូន យក​ទៅ​ទិញ​ដី ជា​ដើម។ ការ​ខ្ចី​បន្ទាន់​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ មើល​ឃើញ​តែ​អ្វី​កំពុង​កើត​ឡើង​ចំពោះ​មុខ​គឺ​នាំ​មាន​ផល​លំបាក​ខ្លាំង ពោល​គឺ ការ​រក​លុយ​សង​ត្រឡប់​នេះ​ហើយ។

៥. ខ្ចី​លុយ​ទូទាត់​បំណុល​ចាស់

កម្ចី​ប្រភេទ​នេះ​កម្រ​មាន តែ​នៅ​តែ​អាច​កើត​ឡើង​នៅ​ពេល​មនុស្ស​មួយ​ចំនួន ដើរ​ដល់​ផ្លូវ​ទាល់​។ កម្ចី​នេះ​នឹង​ធ្វើ​ឱ្យ​បំណុល​កាន់​តែ​កើន​ឡើង​ទ្វេដង រហូត​អាច​ឈាន​ដល់​ការ​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ ឬ​លក់​ផ្ទះ​ដើម្បី​សង​បំណុល​ទៀត​ផង។ ដូច្នេះ​ហើយ​មិន​គួរ​យក​ជម្រើស​នេះ​ដាច់​ខាត ព្រោះ​នឹង​នាំ​កាន់​តែ​មាន​សំពាធ​កាន់​តែ​ខ្លាំង​ឡើង។

  • តទៅ​នេះ​គឺ​ជា​កម្ចី​នាំ​ឲ្យ​គ្រួសារ​រីក​ចម្រើន

១. កម្ចី​បង្កើន​ដើម​ទុន

កម្ចី​បង្កើន​ដើម​ទុន​នេះ​សំដៅ​ថា អ្នក​ខ្ចី​លុយ​ពី​ធនាគារ​មាន​ដើម​ទុន​ខ្លួន​ឯង​ខ្លះ​ហើយ​នៅ​ក្នុង​ដៃ ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ដែល​បាន​រៀបចំ​ផែន​ការ​ច្បាស់​លាស់​រួច​ហើយ ប៉ុន្តែ​នៅ​ខ្វះ​ដើម​ទុន​បន្ថែម​ទៀត មិន​មែន​ខ្ចី​ទាំង​ស្រុង​ឡើយ។ ដូច្នេះ​ជម្រើស​ល្អ​មួយ គឺ​ត្រូវ​ខ្ចី​លុយ​បន្ថែម​ពី​ធនាគារ ចំណែក​ធនាគារ​ក៏​មាន​ទំនុក​ចិត្ត​ផ្ដល់​កម្ចី​ទៅ​អតិថិជន​នោះ​ដែរ។ យ៉ាង​ណា​ក្ដី​អ្នក​ខ្ចី​ត្រូវ​ធានា​ថា ពិត​ជា​មាន​ទុន​បម្រុង​សម្រាប់​ទ្រទ្រង់​ការ​ខាត​បង់​រយៈពេល​វែង ពេល​ដំណើរ​ការ​អាជីវកម្ម និង​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​សង​ត្រឡប់​ទៅ​ធនាគារ។ ​

២.កម្ចី​ពង្រីក​មុខ​របរ​ដែល​មាន​ស្រាប់

ប្រភេទ​កម្ចី​នេះ​នឹង​ជួយ​ឱ្យ​អាជីវកម្ម​គ្រួសារ​កាន់​រីក​ដុះដាល និង​មាន​ភាព​រីក​ចម្រើន។ ប្រជាពលរដ្ឋ​ដែល​មាន​ការ​យល់​ដឹង​ច្បាស់​លាស់​ពី​ការ​ខ្ចី​តែង​ប្រើ​វិធីសាស្ត្រ​នេះ ពង្រីក​អាជីវកម្ម​ដែល​មាន​ស្រាប់ ហើយ​ខ្ចី​ក្នុង​កម្រិត​តិចតួច​មិន​មែន​រាប់​ពាន់​ដុល្លារ​ទេ។ ឧទាហរណ៍​ថា គ្រួសារ​មួយ​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​លក់ តែ​ខ្វះ​បារ​ដើម្បី​បង្កាត់​ពូជ។ ដូច្នេះ​ដើម្បី​បង្កើន​បារ​ជ្រូក គេ​ត្រូវ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​ទិញ​ជ្រូក​ដាក់​បន្ថែម នៅ​ពេល​លក់​ជ្រូក​ដាច់​ អាច​សង​ត្រឡប់​ទៅ​កាន់​ធនាគារ​វិញ។​​

៣. កម្ចី​ទិញ​ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ

ប៉ុន្តែ​ប្រសិន​បើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វើ​ការ​ទាំង​ពីរ​នាក់​ អាច​រក​ចំណូល​បាន​លើស​ពី ៨០០​ដុល្លារ​ក្នុង​មួយ​ខែ​អាច​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​ផ្ទះ​បាន បើ​មិន​ជ្រើស​រើស​វិធី​រំលស់។ ធនាគារ​ភាគ​ច្រើន​អាច​ផ្ដល់​កម្ចី​ត្រឹម​ ៧០​%​នៃ​តម្លៃ​ផ្ទះ ចំណែក​៣០​%​ទៀត​ត្រូវ​កក់​ឱ្យ​ម្ចាស់​ផ្ទះ។ ដូច្នេះ​ក្នុង​មួយ​ខែ អាច​ត្រូវ​ចំណាយ​ខ្ទង់ ៣០០ ឬ​៤០០​ដុល្លារ​បង់​ឱ្យ​ធនាគារ​ក្នុង​កាល​កំណត់​ណា​មួយ។

៤. កម្ចី​ក្នុង​ថ្លៃ​ឱកាស

កម្ចី​ប្រភេទ​នេះ សំដៅ​ដល់​ការ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​ចាប់​យក​ឱកាស​ល្អ​ណា​មួយ​ហក់​ចូល​ក្នុង​ទីផ្សារ​ដូចជា ការ​ទិញ​ប័ណ្ណ​ភាគហ៊ុន​ពី​រដ្ឋាករ​ទឹក ការ​សេង​ហាង​បន្ត ឬ​ចូល​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ណា​មួយ។ កម្ចី​ប្រភេទ​នេះ​ទាមទារ​ឱ្យ​អ្នក​ខ្ចី​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ផ្នែក​សេដ្ឋកិច្ច មាន​គំនិត​ជា​សហគ្រិនភាព មាន​លុយ​ច្រើន​ក្នុង​ដៃ និង​មាន​ប្រាក់​ចំណូល​ថេរ។ ដោយហេតុ​ថា ការ​ឈាន​ជើង​រកស៊ី​មិន​អាច​ធានា​ជោគជ័យ​១០០%​នោះ​ទេ ហើយ​ត្រូវ​រង់ចាំ​ពេល​វេលា​ក្នុង​រយៈពេល​វែង។

៥. កម្ចី​រយៈពេល​ខ្លី

កម្ចី​រយៈពេល​ខ្លី​នេះ សំដៅ​ដល់​ការ​ខ្ចី​លុយ​ពី​ធនាគារ​ ដើម្បី​បង្វិល​ដើម​ទុន ឬ​កែច្នៃ​បន្ថែម​បន្ថយ ក្នុង​អាជីវកម្ម ដើម្បី​ឱ្យ​មាន​ភាព​ទាក់​ទាញ កាន់​តែ​រីក​ចម្រើន។ អ្នក​ខ្ចី​លុយ​ប្រភេទ​នេះ​ភាគ​ច្រើន​គឺ​មាន​លុយ​ខ្លួន​ឯង​ហើយ ប៉ុន្តែ​លុយ​នោះ​អាច​នៅ​ជាប់​អតិថិជន ឬ​យក​ទៅ​ប្រើ​លើ​អ្វី​ដែល​ចាំ​បាច់​សិន​។ ដូច្នេះ​អាច​ខ្វះ​លុយ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ថែម​ថយ ចាំបាច់​ត្រូវ​ការ​ខ្ចី​លុយ​ក្នុង​ការ​ជួសជុល កែច្នៃ​ក្នុង​រយៈពេល​ខ្លី​ណាមួយ។ ក្រោយ​រក​លុយ​បាន​មក​វិញ អាច​បង្វិល​ទៅ​ធនាគារ​ដោយ​មិន​មាន​បញ្ហា​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី