១ចំណុចនេះ ពីសិស្សខ្មែរនៅអូស្រ្តាលី ចាប់ជំនាញកម្រទី១ ​

  • 2018-06-12 03:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ខ្មែរ​ទី១ ដែល​កំពុង​រៀន​ជំនាញ​កម្រ​ទី១​ នៅ​សាលា​ល្បី​ឈ្មោះ​ ក្នុង​ទឹកដី​ប្រទេស​អូស្ត្រាលី​ បាន​ប្រាប់​ថា សហគ្រិន​ភាព​​បែប​សង្គម​ ជា​ជំនាញ​ថ្មី​១ ដែល​ខ្លួន​កំពុង​រៀន ​គឺ​ពិត​ជា​ជំនាញ​ប្លែក​គេ មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​រៀន​ដូច​ជំនាញ​ដទៃ។

ហេតុ​ផល​សំខាន់​១ ដែល​និស្សិត​ខ្មែរ​ ចង់​ចាប់​យក​ជំនាញ​នេះ គឺ​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គម មាន​ក្រម​សីលធម៌​ក្នុង​ប្រតិបត្តិការ និង​គិត​ពី​និរន្តរភាព​ជាចម្បង។

អ្នកស្រី វិរៈ បុណ្ណារ័ត្ន ជា​និស្សិត​ខ្មែរ​ទី១ កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​សហគ្រិន​ភាព​បែប​សង្គម​ នៅ​សាកល​វិទ្យាល័យ Macquarie ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ សម្រាប់មុខវិជ្ជានេះ ទើបតែបានបង្កើត​រយៈពេល ៤ឆ្នាំ ។

អ្នកស្រី វិរៈ បុណ្ណារ័ត្ន បានប្រាប់ Sabay ថា បើ​គ្រាន់​តែ​លឺ​ពាក្យ​សហគ្រិន ប្រហែល​ជា​យើង​គិត​ដល់​រឿង​ប្រាក់​ចំណេញ ឬ​មុខ​ជំនួញ​តែ​១​មុខ។ ប៉ុន្តែ​មុខវិជ្ជា​ ដែល​អ្នកស្រី​កំពុង​រៀន​ គឺ​ពិសេស​ជាង​គេ​បន្តិច ព្រោះជាជំនួញ​បែប​សង្គម​ មិនមែន​សំដៅ​តែ​ជំនួញ​ខ្នាត​តូច​តែ​មួយ​មុខ​ទេ​។ ជំនាញនេះគឺ ផ្ដោត​លើ​ការ​ប្រើប្រាស់​គោលការណ៍​ជំនួញ និង​គ្រប់គ្រង​ក្នុង​ការ​ដោះ​ស្រាយ​ បញ្ហា​របស់​សង្គម​ ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់។

អ្នកស្រី វិរៈ បុណ្ណារ័ត្ន ថតនៅប្រទេសអូស្រ្តាលី (រូបភាពផ្តល់ឲ្យ)

អ្នក​ស្រី​បន្ត​ថា មុខវិជ្ជា​នេះ​ អាច​រៀន​បាន​សម្រាប់​អ្នក​ដែល​ចង់​បើក ឬ​ធ្វើការ​ក្នុង​ជំនួញ​បែប​សង្គម​ណាមួយ អ្នក​ដែល​ធ្វើការ​​កសាង​ទំនួល​ខុស​ត្រូវ ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម និង​បរិស្ថាន។

និសិ្សតខ្មែរខាងលើ បន្តថាជំនាញនេះ ក៏អាចក្នុង​ការ​រួម​ចំណែក​ កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​បង្កើត​សហគ្រាស​ បែប​សង្គម​ណាមួយ​ ដែល​អាច​ផ្ដល់​សេវាកម្ម ឬ​ផលិតផល​ត្រូវនឹង​តម្រូវ​ការ​ប្រជាពលរដ្ឋ​ និង​អាច​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល​ដល់​ក្រុម​គោលដៅ​ ដែល​ជា​ក្រុម​ងាយ​រងគ្រោះ។

អ្នកស្រី វិរៈ បុណ្ណារ័ត្ន ថតនៅប្រទេសអូស្រ្តាលី (រូបភាពផ្តល់ឲ្យ)

សូម​បញ្ជាក់​ថា សហគ្រិន​ភាពបែប​សង្គម​ គឺជាមុខជំនួញដ៏សំខាន់១​ ក្នុង​ការអភិវឌ្ឍន៍​សង្គម ដែល​ទទួល​ការ​គាំទ្រ​ទាំង​ថវិកា និង​ផ្នែក​ច្បាប់ ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​អូស្ត្រាលី។

ប្រភព​ពី​និស្សិត​ខ្មែរ​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​អូស្ត្រាលី មាន​សហគ្រាស​សង្គម​ ដ៏​ធំ​មួយ​ មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ Thank you ដែល ផ្តល់សេវាលក់​ទឹកសុទ្ធ ​និង​ផលិតផល​ទារក​ រក​ចំណូល​បាន​ប្រមាណ​ជាង ៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និងបានបរិច្ចាគប្រាក់ចំណេញ 100% ជួយដល់អ្នកក្រីក្រ។

អត្ថបទ៖ ពៅ រក្សា