អ្នករៀននៅភ្នំពេញតិចអត់ស្គាល់! បណ្ណាល័យធំៗ៨ សៀវភៅរាប់ម៉ឺនក្បាលចង់អាន-ខ្ចី Free

  • 2018-06-11 09:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម លើ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​សិក្សា គឺ​សំខាន់​បំផុត​សម្រាប់​សិស្ស​និស្សិត ដើម្បី​បង្កើន​ចំណេះ​ដឹង​ឲ្យ​កាន់​តែ​ទូលំទូលាយ។ អ្នក​ស្នេហា​ការ​សិក្សា ប្រាកដ​ជា​ចង់​ដឹង​ថា​ នៅ​ភ្នំពេញ​មាន​បណ្ណាល័យ​ណា​ខ្លះ អាច​ចូល​ស្រាវជ្រាវ និង​ខ្ចី​សៀវភៅ​ដោយ​មិន​គិត​ថ្លៃ។ ខាង​ក្រោម​នេះ​ជា​បណ្ណាល័យ​ធំៗ​នៅ​ភ្នំពេញ​៨​កន្លែង​មិន​គួរ​មើល​រំលង៖

១. បណ្ណាល័យ​ជាតិ​កម្ពុជា

បណ្ណាល័យ​​នេះ ​មាន​សៀវភៅ​ជា​ច្រើន​ផ្នែក​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​។ -អាស័យដ្ឋាន៖ នៅ​ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បណ្ដោយ​​​​ផ្លូវ​គ្រីស្តួភើ ហូវ (​ផ្លូវ​​៩២) ខណ្ឌ​ដូនពេញ  ភ្នំពេញ​ ​-ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ (លើក​លែង​ សៅរ៍​-អាទិត្យ និង​ថ្ងៃបុណ្យ) -បើក​ចាប់​ពី​ម៉ោង​ ៨:០០ ដល់​ម៉ោង ១១:០០ ព្រឹក និង ២:០០ ដល់​ម៉ោង​៥:០០​ រសៀល។ សម្គាល់៖ អាច​ខ្ចី​សៀវភៅ​តម្រូវ  ​លុះ​ត្រា​តែ​​​​ធ្វើ​កាត​សមាជិក​​ ហើយ​លោក​អ្នក​​​អាច​ខ្ចី​សៀវភៅ​បាន​២​ក្បាល​រយៈ​ពេល​២​សប្ដាហ៍។

២. បណ្ណាល័យ ហ៊ុន សែន​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

​បណ្ណាល័យ​ស្ថិត​ក្នុង​បរិវេណ​​សាកលវិទ្យាល័យ​​ចំណាស់​ជាង​គេ​មួយ​នេះ​​ ​មាន​សៀវភៅ​​ច្រើន​ជាង ១០​ម៉ឺន​ក្បាល ​​ដែល​ទាក់ទង​មុខ​វិជ្ជា​ផ្សេង​ៗ ​ដូច​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​ វិទ្យាសាស្ត្រ ធនាគារ​ជា​ដើម​។ -អាសយដ្ឋាន៖ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិថី​សហព័ន្ធ រុស្សី​ ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ ០៧:០០ ព្រឹក ដល់​០៥:០០​ល្ងាច។ ឯ​ថ្ងៃ​សៅរ៍​​បើក​ពី​ម៉ោង​​ ៨:០០ ព្រឹក ដល់​ ០៤:០០ ​ល្ងាច។ សម្គាល់៖ អាច​ខ្ចី​សៀវភៅ​​បាន​ ​លុះ​តា​តែ​​​​​ធ្វើ​កាត​សមាជិក​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​សម្រាប់​សាធារណជន សិស្ស​និស្សិត​សាលា​ផ្សេង​​​។ ឯ​ការ​ខ្ចី​​​សៀវ​​​ភៅ គឺ​​តម្រូវ​ឲ្យ​កក់​ប្រាក់​​ខ្លះ​​។

៣.មជ្ឈមណ្ឌល​ធនធាន​ព័ត​មាន Information Resource Center (IRC)

ជា​បណ្ណាល័យ​ដែល​គ្រប់​គ្រង​ដោយ​ ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ស្ថាន​ទូត ​អាមេរិក។ IRC មាន​សៀវភៅ​ ភាពយន្ត​ឯកសារ ទស្សនាវដ្ដី​ និង ​Database ​សម្រាប់​ការ​​ស្រាវជ្រាវ​អំពី​សហរដ្ឋអាមេរិក។ អ្វី​ដែល​ពិសេស​គឺ​​ IRC មាន​លក្ខណៈ​ខុស​ពី​បណ្ណាល័យ​ភាគ​ច្រើន​នៅ​កម្ពុជា ​ត្រង់​ថា​​​និស្សិត​ និង​អ្នកស្រាវជ្រាវ អាច​រាវ​​រក​ចំណង​ជើង​សៀវភៅ និង​ទស្សនាវដ្ដី​​បណ្ណាល័យ​នេះ តាម​អ៊ីនធើណេត​បាន មុន​នឹង​មក​ខ្ចី​សៀវភៅ ឬ​ទស្សនាវដ្ដី​​។ ដូច្នេះ​​​អ្នក​ស្រាវជ្រាវ​ចំណេញ​ពេល​វេលា​បាន​ច្រើន​​ ដោយ​​​គ្រាន់​តែ​ចូល​ទៅ​​គេហទំព័រ​​ ខាងក្រោម និង​បញ្ចូល​ឈ្មោះ​បណ្ណាល័យ IRC Cambodia និង​មិន​​បាច់​ត្រូវ​ការ​​លេខ​សំងាត់​​។

IRC (រូបភាព៖ Flicker/usembassyphnompenh)

​ម្យ៉ាង​ទៀត ​បើសិស្ស​និស្សិត ​លំបាក​​រក​អត្ថបទ ឬ​ឯកសារ​អំពី​សហរដ្ឋអាមេរិក បុគ្គលិក​របស់ IRC អាច​ជួយ​​ស្រាវជ្រាវ​​ជួន​​។ IRC ​ថែម​ទាំង​​មាន​​កំព្យូទ័រ ភ្ជាប់​អ៊ីនធើណេត សម្រាប់​​ឲ្យ​​សិស្សនិស្សិត​ស្រាវជ្រាវនិ ង ព្រីន​ឯកសារស្រាវជ្រាវ ​ណា​មួយ​​តាម​ចិត្ត​​ដោយ​ឥតគិតថ្លៃ។   -អាសយដ្ឋាន៖​ អាគារលេខ១ ផ្លូវ​លេខ​៩៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ (លើក​លែង​ សៅ​-អាទិត្យ និង​ថ្ងៃបុណ្យ) -បើក​ចាប់​ពី​ម៉ោង​ ៨៣០ ដល់​ម៉ោង ១១:៣០ ព្រឹក និង ១:៣០ ដល់​ម៉ោង​៤:៣០​ រសៀល។   សម្គាល់៖   ការ​​ធ្វើ​កាត​សមាជិក​​ដើម្បី​​ខ្ចី​សៀវ​ភៅ គឺ​​​ពុំ​មាន​គិត​ថ្លៃ​ទេ។ អាច​ខ្ចី​សៀវភៅ ស៊ីឌី ឌីវីឌី ឃីនឌល(Kindle) និង​ Playaways ហើយ​អាច​ទទួល​បាន​គណនី eLibraryUSA ទៀត​​។

៤. បណ្ណាល័យ អាមេរិក​ខែន ខរនើ (American Corner)   អាមេរិក ​ខែន ខរនើ នីមួយៗ​មាន​សៀវភៅ​សម្រាប់​សិក្សា​ភាសា​អង់គ្លេស​ និង​ធនធាន​ឯកសារ​ផ្សេងៗ​ទៀត​ ស្ដី​ពី​សហរដ្ឋអាមេរិក​ ដោយ​ក្នុង​នោះ​ មាន​ព័ត៌មាន​ថ្មីៗ​ និង​ត្រឹមត្រូវ​ទាក់ទង​នឹង​ប្រធាន​បទ​ជា​ច្រើន​ ​រួម​មាន​ការ​សិក្សា​ពី​ពលរដ្ឋ​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ ពាណិជ្ជកម្ម​ ច្បាប់​ នយោបាយ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ របស់​សហរដ្ឋអាមេរិក។   -អាសយដ្ឋាន៖ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ ៧:៣០ ព្រឹក ដល់​៨:៣០​យប់។ រី​ឯ​​សៅរ៍​-អាទិត្យ ​បើក​ពី​ម៉ោង ៨:០០​ព្រឹក ដល់​ ៥:៣០ រសៀល។ សម្គាល់៖   ​ការ​​ខ្ចី​សៀវភៅ​ គឺ​​តម្រូវ​ឲ្យ​ធ្វើ​កាត​សមាជិក​ ដោយ​ពុំ​មាន​គិត​ថ្លៃ​​។ អាច​ខ្ចី​សៀវភៅ​​ម្ដង​​បាន​ពីរ​ក្បាល​ និង​រយៈ​ពេល​ពីរ​សប្ដាហ៍។

៥. បណ្ណាល័យ ព្រឹទ្ធសភា   បណ្ណាល័យ​​មួយ​នេះ​​មាន​សៀវភៅ​ជា​ច្រើន​ផ្នែក​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​។ -អាសយដ្ឋាន៖ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ​ ០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ រសៀល។ ចំណែក​ថ្ងៃ​​សៅរ៍ បើក​ពី​ម៉ោង​​ ០៧:៣០ ដល់ ១១:០០ ព្រឹក   សម្គាល់៖  ចង់​​ខ្ចី​សៀវភៅ គឺ​​តម្រូវ​ឲ្យ​​មាន​​​កាត​សមាជិក​ ដែល​ស្នើ​ធ្វើ​​ដោយ​ពុំ​មាន​គិត​ថ្លៃ​ទេ។ អាច​ខ្ចី​សៀវភៅ​​ម្ដង​​បាន​ពីរ​ក្បាល​ និង​រយៈ​ពេល​ពីរ​សប្ដាហ៍​ ដោយ​កក់​ប្រាក់​ចាប់​ពី​៥​ពាន់​រៀល​ឡើង​ទៅ។

៦.​បណ្ណា​ល័យ​អាឡីយ៉ង់​ ហ្វ្រង់សេ ​ ​បណ្ណាល័យនេះជា​បណ្ណាល័យ​ឯកជន តែ​អ្នក​សិក្សា​អាច​ចូល​អានសៀវ​ភៅ​នៅទីនោះ​បាន​ដោយ​មិន​ថ្លៃ។ ក្នុង​បណ្ណាល័យ​នោះ​មានសៀវភៅ​គ្រប់ប្រភេទ​ ​ទាំង​ភាសាជាតិ​ ​ភាសាបារាំង​ ​អង់គ្លេស​ ជាពិសេស​កន្លែងអង្គុយ​បំពាក់ដោយ​ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព​ ប្រសិន​បើសិស្ស​និស្សិត​ចង់ខ្ចី​សៀវភៅ​ត្រូវកាត​សមាជិក​។ ​បណ្ណាល័យ​នេះ​ មាន​ទីតាំង​នៅ​លើ​ផ្លូវ​១៨០ ចន្លោះ​ផ្លូវ​ត្រសក់​ផ្អែម និង​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៧. បណ្ណាល័យ​បៃតង​

​បណ្ណាល័យ​បង្កើត​ដោយ​ក្រសួង​បរិស្ថាន​កាល​ពីដើមឆ្នាំ ​២០១៧ ​ដែលមាន​ផ្ទុក​សៀវភៅ​អប់រំ​បរិស្ថាន​ ​អភិវឌ្ឍ​ជីវៈ​ចម្រុះ​ ការ​បំពុល កិច្ច​គាំពារ​បរិស្ថាន ​ប្រព័ន្ធ​អេកូឡូស៊ី ក៏​ដូច​ជា​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព ព្រម​ទាំង​សៀវភៅ​ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ សេដ្ឋកិច្ច​បៃតង​ ។ ចំពោះទីតាំងស្ថិតស្ថិត​នៅ​ទីស្ដីការ​​​ក្រសួង​បរិស្ថាន​​ផ្លូវ​ទៅ​កោះពេជ្រ។

៨.បណ្ណាល័យ​បញ្ញាវ័ន្ត​

​បណ្ណាល័យ​បញ្ញាវ័ន្ត​ មាន​ទីតាំង​ស្ថិត​នៅក្បែរ​សាលា​បឋមសិក្សា​ទួលស្លែង​ ក្នុង​ខណ្ឌ​ចំការមន​។ ​បណ្ណាល័យ​ មាន​ផ្ទុក​សៀវភៅ​ជាច្រើន​ក្បាល​ពាក់ព័ន្ធ​នឹង​សៀវភៅ​ច្បាប់​ ​សេដ្ឋកិច្ច​ ​បរិស្ថាន​ ​អក្សរសាស្ត្រ ​និង​រឿងព្រេង ដែល​មាន​ទាំង​ភាសា​ខ្មែរ​ និង​បរទេស​ជាដើម។៕

អត្ថបទ៖ វឌ្ឍនៈ