ធ្លាប់ថើបថ្នាក់ថ្នម តែឥឡូវសុនខសំណព្វរបស់ Yuri បាន​ស្លាប់ចោល​ម្ចាស់ឲ្យនៅតែឯង

  • 2018-06-15 01:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សុនខ​សំណព្វ​ចិត្ត​របស់​ Yuri សមាជិក​ក្រុម​ Girls' Generation បាន​ស្លាប់​ចោល​ម្ចាស់​ហើយ​ ក្រោយ​ស្ថិត​ក្រោម​ការ​មើល​ថែ​ ៧ឆ្នាំ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​សោកស្ដាយ​ឥត​ឧបមា​ ក្រោយ​ដឹង​ដំណឹង​នេះ។

Yuri បាន​ទម្លាយ​រឿង​ក្ដុកក្ដួល​នេះ​លើ​គណនី​ Instagram កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ថា​សុនខ​ជាទីស្រឡាញ់​របស់​ខ្លួន​ឈ្មោះ​ Hani មាន​ជំងឺ​តម្រង់​នោម​ដំណាក់កាល​ចុង​ក្រោយ​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​អាណិត​អាសូរ​ជា​ខ្លាំង។ ទីបំផុត​ សុនខ​កម្សត់​នេះ​ បាន​ស្លាប់​ចោល​ម្ចាស់​ហើយ ក្រោយ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​អស់​រយៈ​ពេល​ជាយូរ។

ដើម្បី​បញ្ជាក់​ពី​ស្រឡាញ់​ និង​អារម្មណ៍​សោកស្ដាយ​ឥត​ឧបមា​ Yuri ក៏​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​កាល​ពី​ម្សិលមិញ​ ពី​សត្វចិញ្ចឹម​សំណព្វ​ចិត្ត​នាង​មួយ​នេះ។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ថា៖ "ខ្ញុំ​សម្លឹង​មើល​ភ្នែក​ឯង​គ្រប់ពេល​ និង​តែង​បន់ស្រន់​សុំ​ឲ្យ​ឯង​ឆាប់​ជា​​វិញ​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ត្រឡប់​មក​វិញ។ ថ្ងៃ​ដែល​ខ្ញុំ​ជិះ​យន្តហោះ​ជាមួយ​អារម្មណ៍​តឹងតែង ក្រោយ​ខ្ញុំ​ឃើញ​រូបឯង។ ឯង​ប្រាកដ​ជា​ឈឺ​ចាប់​ពេញ​ខ្លួន​ និង​ខំ​ជម្នះ​ខ្លាំង​ណាស់​ហើយ។ តាំង​ពី​ដើម​មក​ ឯង​តែង​នៅ​ក្បែរ​ខ្ញុំ​រហូត ហើយ​ខ្ញុំ​ក៏​តែង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ឯង​ដែរ។ គ្រប់​ពេល​ដែល​នៅ​ជាមួយ​គ្នា​ យើង​សប្បាយ​ចិត្ត។ ខ្ញុំ​ក៏​សង្ឃឹម​ថា​ឯង​នឹង​នៅ​ជាមួយ​ខ្ញុំ​ឲ្យ​បាន​យូរ​អង្វែង​នៅ​ជាតិ​ក្រោយ។ រង់​ចាំ​រហូត​ដល់​ថ្ងៃ​យើងជួបគ្នា​ជាថ្មី...អរគុណ! ខ្ញុំស្រឡាញ់ឯង​ និង​សុំ​ទោសផង​ Hani”។

Yuri គឺជា​តារា​ K-Pop ម្នាក់ដែល​ស្រឡាញ់​សត្វ​ខ្លាំង​ ហើយ​កន្លង​មក​នាង​តែង​បង្ហោះ​រូបភាព​ជារឿយៗ​ជាមួយ​សុនខ​ជាទីស្រឡាញ់។ ប៉ុន្តែ​ពេលនេះ​បែរ​ជាត្រូវជួប​រឿង​ស្មានមិនដល់ក្នុង​មួយ​ពព្រិចភ្នែក ហើយ​អារម្មណ៍​ពេល​នេះ​ មាន​តែ​អ្នក​ធ្លាប់ចិញ្ចឹម​ និងស្រឡាញ់សត្វទេ​ ទើបយល់៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី