ផ្ទុះ​ការ​រិះគន់​ខ្លាំង​ពេក ចន ច័ន្ទលក្ខិណា ថា កម្មវិធី​​​ពិសា​បាយ​ជុំ​អ្នក​សិល្បៈ​​ប៉ុន្មាន​ថ្ងៃ​មុន​មិនមែន​ជា​កម្មវិធីរបស់​នាងទេ

  • 2018-06-17 04:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​សាមគ្គី​ដែល​ប្រជុំ​ទៅ​ដោយ​​សិល្បករ​សិល្បៈ​ការិនី​ជាង​៣០០នាក់​​ក្រោម​វត្តមាន​ឯកឧត្ដម​ ហ៊ុន ម៉ានី និង​លោក​ជំទាវ​ជា​ភ្ញៀវ​កិត្តិយស​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ២០១៨​កន្លង​ទៅ អ្នក​នាង ​ចន ច័ន្ទលក្ខិណា បាន​ប្រកាស​ថា កម្មវិធី​​មួយ​នេះ មិនមែន​ជា​កម្មវិធី​របស់​សមាគម​សិល្បករ​ខ្មែរ​ដែល​​មាន​នាង​ជា​ប្រធាន​ឡើយ កម្មវិធី​នោះ គឺ​ជា​កម្មវិធី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម  ដែល​មាន​លោក ​ហេង ឡុង អនាគត​ស្វាមី​របស់​នាង​ជា​ប្រធាន ។

អ្នកនាង ចន ច័ន្ធលក្ខិណា ថ្ងៃរៀបចំកម្មវិធីអាហារសាមគ្គី

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​កម្មវិធី​ខាង​លើ​ត្រូវ​បាន​មហាជន​​ ជា​ពិសេស​អ្នក​សិល្បៈ​បាន​រិះគន់​ចំៗ​ថា សិល្បករ​សិល្បៈ​ការិនី​ដែល​ត្រូវ​អញ្ជើញ​ចូល​រួម​ គឺ​សុទ្ធតែ​ជា​មនុស្ស​​ជិត​ស្និទ្ធនឹង​សមាគម និយាយ​ដោយ​ខ្លី​ ភាគ​ច្រើន​សុទ្ធតែ​បក្សពួក​ខ្លួន​តែ​ប៉ុណ្ណោះ។ អ្នក​នាងចន ច័ន្ទលក្ខិណា បាន​​ពន្យល់​ថា កម្មវិធី​អាហារ​សាមគ្គីម​នោះ គឺ​ជាការ​រៀប​ចំ​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ដែល​មាន​លោក ​ហេង ឡុង  ជាប្រធាន មិន​មែន​ជា​ការ​រៀបចំ​របស់​សមាគម​សិល្បករ​ខ្មែរ​ទេ ។ រូប​នាង​ បាន​លា​លែង​តំណែង​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​យូរ​មក​ហើយ ដូច្នេះ​សូម​កុំ​ប​ន្ទោស​ថា​ អ្នក​នាង​អញ្ជើញ​តែ​អ្នក​ជិត​ដិត បក្ស​ពួក​ឲ្យ​សោះ ។

អតីត​ភរិយា​លោក យុទ្ធតារា​ឆានី ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា អ្នក​នាង​តែង​ឮ​មក​ជារឿយៗ​ ហើយ​ម្នាក់ៗ​បន្ទោស​នា​ក្នុង​រឿង​​រៀបចំ​កម្មវិធី​ម្តងៗ ។ អ្នក​​ថា អ្នក​នាង​ទៅ​ចូលរួម​អាហារ​សាមគ្គី​នោះ​ជា​​ភ្ញៀវកិត្តិយស​ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​អ្នក​ជួយ​សម្រប​សម្រួល​ផ្នែក​ពិធីការ និង ក្រុមការងារស្ម័គ្រចិត្ត​ប៉ុណ្ណោះ ។

ចំពោះ​ការ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​កម្មវិធី​ អ្នក​នាង​ថា ខ្លួន​មិន​បាន​អញ្ជើញ​ដោយ​ផ្ទាល់​ទេ គឺ​ជា​តួនាទី​បុគ្គលិក​រដ្ឋបាល​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ជា​អ្នក​អញ្ជើញ អ្នក​នាង អត់មានសិទ្ធិ​នោះ​ទេ។

ជា​មួយ​គ្នា​នោះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​រូប​នេះ បាន​សំណូមពរ​ដល់​​សិល្បករ​សិល្បៈ​ការិនី​ទាំង​អស់​សូម​កុំ​ប្រកាន់​ និង​មាន​ការ​យល់​ច្រឡំ​លើ​រូប​នាង​ទៀត ហើយ​កម្មវិធី​កន្លង​ទៅ​នោះ​ផ្តោត​សំខាន់​ទៅ​លើ​សិល្បករ​ចាស់​ជរា​ប៉ុណ្ណោះ។

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ត្រូវ​បាន​​បង្កើត​ឡើង​​ដោយ​មាន​លោក ហេង ឡុង​ ជា​ស្ថាបនិក ដែល​ដំបូង​ឡើយ​បាន​ជ្រើស​រើស​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​​ប្រធាន ហើយ​ថ្មីៗ​អតីត​ភរិយា​លោក យុទ្ធតារា​ឆានី ​រូប​នេះ​បាន​លាលែង​ពី​តំណែង បន្ទាប់​អ្នក​នាង​ត្រូវ​បាន​ជាប់​ត្នោត​ជា ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

សមាគម​ទាំង​ពីរ​ដែល​ដឹក​នាំដោយ​គូ​ស្នេហា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​កិច្ច​ការ​បម្រើ​ដល់​​អ្នក​សិល្បៈ​ដូច​គ្នា ។ ចំពោះ​ថវិកា​ទ្រទ្រង់​លើ​សកម្មភាព​វិញ សមាគម​សិល្បករ​ខ្មែរ មិន​សូវ​មាន​សប្បុរស​ជន​ជួយ​​​​ច្រើន​ឡើយ ប៉ុន្តែ​បើ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ឃើញ​មាន​សប្បុរសជន​ជួយ​ច្រើន ជា​ពិសេស​ថ្នាក់​ដឹក​នាំ និង អ្នក​ជំនួញ​ធំៗ ដោយ​យ៉ាង​ហើយ​ណាស់​​ក្នុង​១ឆ្នាំ សមាគម​មួយ​នេះ​មាន​ថវិកា​យ៉ាង​តិច​១៥ម៉ឺន​ដុល្លារ​ឯណោះ ។ ការ​ពិសា​អាហារ​សាមគ្គី​ខាង​លើ គឺ​ជា​លើក​ទី២​ហើយ​ដែល សមាគម​មួយ​នេះ ចាប់​​ផ្ដើម​បង្កើត​មក ជា​ឆន្ទៈ​​​ លោក​ឋ ហេង ឡុង បាន​ប្ដេជ្ញា​ថានឹង​បន្ត​ធ្វើ​ឲ្យ​បាន​ជា​រៀង​រាល់​ឆ្នាំ៕

អត្ថបទៈ ស៊ុនហួត