ក្រុមហ៊ុនបច្ចេកវិទ្យា ២០ មាន​តម្លៃ​ លក់​ចេញ​ថ្លៃបំផុតលើ​លោក​

  • 2018-06-20 03:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ដូច​ជា Microsoft, Facebook, Google បាន​ចំណាយ​លុយ​ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ដទៃ​មក​ចូល​ជា​ចំណុះ​របស់​ខ្លួន។ ខ្លះ​ក្រោម​មូលហេតុ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ឬ​ចង់​បិទ​ចោល​ស្លាកយីហោ​គូ​ប្រជែង​នៅ​ក្នុង​ទីផ្សារ។ ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​ទិញ​យក​ទាំង ២០ ដែល​ថ្លៃ​ចំណាយ​ចាប់​ពី ១ ទៅ ៣៤ ពាន់​លាន​ដុល្លារ។

២០.Facebook ទិញ Instagram តម្លៃ ១ ពាន់​លាន​ដុល្លារ:

ក្រុមហ៊ុន Facebook បាន​ទិញ​បណ្តាញ​សង្គម​ចែករំលែក​រូបភាព​និង​វីដេអូ​ក្នុង​តម្លៃ ១ ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១២។ ក្រោយ​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​ដោយ​ជោគជ័យ ចំនួន​អ្នក​ប្រើប្រាស់ IG បាន​កើន ២៣ ភាគរយ រហូត​ដល់ ៨០០ លាន​នាក់ ខណៈ Facebook បាន​ត្រឹម ៣ ភាគរយ ប្រហែល ២,១ ពាន់​លាន​នាក់ នេះ​ផ្អែក​តាម​របាយការណ៍​ក្នុង​ឆ្នាំ ២០១៧។

១៩.Yahoo ទិញ Tumblr តម្លៃ ១,១ ពាន់​លាន​ដុល្លារ:

ជា​បណ្តាញ​សង្គម​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Yahoo តាំង​ពី​ខែ​ឧសភា ក្នុង​ឆ្នាំ ២០១៣ ពោល​ក៏​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ស្រី Marissa Mayer។ គិត​ត្រឹម​ខែ​មករា ឆ្នាំ ២០១៨ Tumblr ជាប់​ឈ្មោះ​ជា​បណ្តាញ​សង្គម​ពេញ​និយម​បំផុត​លំដាប់​ទី ៨។

១៨.Ebay ទិញ Paypal ​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ:

នា​ខែ​មិថុនា ឆ្នាំ ២០០២ ក្រុមហ៊ុន Ebay មាន​សិទ្ធ​កាន់កាប់​លើ PayPal ជា​ផ្លូវការ ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ អនុញ្ញាត​ឲ្យ​ផ្ញើ​លុយ​និង​ទូទាត់​ទំនិញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ គិត​ត្រឹម​ឆ្នាំ ២០១៧ ថ្លៃ​ទូទាត់​សរុប​កើន​ដល់ ៤៥០ ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ចំណូល​ប្រចាំ​ឆ្នាំ​ទទួល​បាន ១៣ ពាន់​លាន​ដុល្លារ។

១៧.Google ទិញ YouTube តម្លៃ ១,៦៥ ពាន់​លាន​ដុល្លារ:

ស្ថាបនិក​លោក Steve Chen និង Chad Hurley បាន​សម្រេច​លក់​គេហទំព័រ​ចែករំលែក​វីដេអូ​ឲ្យ​ទៅ Google នា​ខែ​តុលា ឆ្នាំ ២០១៦។ គិត​ត្រឹម​ឆ្នាំ ២០១៨ មាន​អ្នក​ចូល​ទស្សនា​ប្រចាំ​ខែ​ប្រមាណ ១,៣ ពាន់​លាន​នាក់ និង វីដេអូ​ ៣០០ ម៉ោង​បង្ហោះ​ចូល​រៀងរាល់​នាទី បន្សំ​ការ​ចុច​ទស្សនា​លើ​វីដេអូ​ជាង ៥ ពាន់​លាន​រៀងរាល់​ថ្ងៃ។

១៦.Dell ទិញ Quest Software តម្លៃ ២,៣៦ ពាន់​លាន​ដុល្លារ:

ជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់ TOAD ផលិតផល​ប្រើ​ដោយ​អ្នក​អភិវឌ្ឍ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ មុន​ដល់​ថ្ងៃ​ទី ២ ​កក្កដា ឆ្នាំ ២០១២ ក្រុមហ៊ុន Dell បាន​ប្រកាស​ទិញ​យក។

១៥.Microsoft ទិញ Minecraft តម្លៃ ២,៥ ពាន់​លាន​ដុល្លារ:

ក្រុមហ៊ុន​ផលិត​ហ្គេម​របស់​ស៊ុយអែត​ឲ្យ​ឈ្មោះ Mojang បាន​ជោគជ័យ​លើ​ហ្គេម Minecraft រហូត​ត្រូវ​ក្រុមហ៊ុន​យក្ស​​អាមេរិក​ហ៊ាន​ជះ​លុយ​ដុំ​ទិញ​យក​កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា ឆ្នាំ ២០១៤។

១៤.Google ទិញ Nest Labs តម្លៃ ៣,២ ពាន់​លាន​ដុល្លារ:

ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ស្វ័យប្រវត្តិ​ក្នុង​គេហដ្ឋាន មាន​ស្ថាបនិក​លោក Tony Fadell ដែល​ធ្លាប់​ជា​អ្នក​ផ្តួចផ្តើម​ជួយ Apple ផលិត​បាន​ iPod។

១៣.Verizon ទិញ Yahoo តម្លៃ ៤,៨ ពាន់​លាន​ដុល្លារ:

ក្រៅ​ពី​សេវាកម្ម Search Engine ក្រុមហ៊ុន Yahoo ក៏​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​ក្នុង​វិស័យ​ដទៃ​ទៀត ពោល​គឺ​ថ្វី​បើ Verizon ទិញ​យក​ក្រុមហ៊ុន​យក្ស​អ៊ីនធឺណិត​នេះ​ក្តី ប៉ុន្តែ​ម្ចាស់​ហ៊ុន​ក៏​នៅ​មាន​សិទ្ធ​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ចិន Alibaba និង Yahoo Japan។

១២.Microsoft ទិញ Nokia តម្លៃ ៧,២ ពាន់​លាន​ដុល្លារ:

ក្រោយ​បាត់បង់​ទំនុក​ចិត្ត​និង​តួ​លេខ​លក់​ចេញ​ស្មាតហ្វូន ក្រុមហ៊ុន Nokia ក៏​សម្រេច​បើក​ផ្លូវ​ឲ្យ Microsoft ចូល​គ្រប់គ្រង​អាជីវកម្ម​ខ្លួន​បន្ត ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​បរាជ័យ​សារ​ជា​ថ្មី។

១១.Oracle ទិញ Sun Microsystems តម្លៃ ៧,៤ ពាន់​លាន​ដុល្លារ:

ជា​អ្នក​ផ្តួចផ្តើម​បង្កើត​ឡើង​នូវ​ភាសា Java ធ្វើ​ឲ្យ Oracle ហ៊ាន​បោះ​លុយ​ទាំង​ដុំ​ទិញ​យក​ក្រុមហ៊ុន Sun Microsystems ដើម្បី​បញ្ចៀស​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុមហ៊ុន IBM។

១០.Microsoft ទិញ GitHub តម្លៃ ៧,៥ ពាន់​លាន​ដុល្លារ:

នា​ថ្ងៃ​ទី ៤ មិថុនា ២០១៨ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ជា​ផ្លូវការ​ជុំវិញ​ការ​ទិញ​យក​ GitHub ។ ហេតុផល​ក៏​ដោយ​សារ​នា​ឆ្នាំ ២០១៧ ក្រុមហ៊ុន​យក្ស​អាមេរិក​ធ្លាប់​បិទ​ចោល​គូ​ប្រជែង Codeplex ម្តង​រួច​មក​ហើយ មួយ​ផ្សេង​ទៀត​អ្នក​អភិវឌ្ឍ​កម្មវិធី​រាប់​ពាន់​នាក់​នៃ​ក្រុមហ៊ុន​ខ្លួន​បាន​ផ្ទុក​កូដ​យ៉ាង​សកម្ម​ទៅ​ក្នុង​សេវាកម្ម​គ្រប់គ្រង​កូដ​របស់ GitHub។

៩.Microsoft ទិញ Skype តម្លៃ ៨,៥ ពាន់​លាន​ដុល្លារ:

សេវាកម្ម​ផ្ញើ​សារ​និង​ទាក់ទង​តាម​រយៈ​សំឡេង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​បាន​លក់​ឲ្យ eBay នា​ឆ្នាំ ២០០៥ ក្នុង​តម្លៃ ៣,១ ពាន់​លាន​ដុល្លារ ហើយ​លក់​បន្ត​ទៅ​ឲ្យ​វិនិយោគិន​ឯកជន​ប្រមាណ ៤០ ភាគរយ ទើប Microsoft សម្រេច​ទិញ​បន្ត​នា​ខែ​ឧសភា ឆ្នាំ ២០១១ ក្នុង​តម្លៃ​ឡើង​ដល់ ៨,៥ ពាន់​លាន​ដុល្លារ ក្រោយ​មក​កម្មវិធី Sykpe រមែង​លោត​មាន​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ Windows។

៨.Hewlett-Packard ទិញ Autonomy តម្លៃ ១០,២៤ ពាន់​លាន​ដុល្លារ:

នា​ខែ​សីហា ឆ្នាំ ២០១១ ក្រុមហ៊ុន HP បាន​ទិញ​យក Autonomy ប៉ុន្តែ​ដោយ​ផ្ទុះ​រឿង​អាស្រូវ​ផ្នែក​គណនេយ្យ​ក្រោម​ភាព​បរាជ័យ​មិន​អាច​សម្រេច​គោលដៅ​ចំណូល លោក Leo Apotheker និង​នាយក​ប្រតិបត្តិ Mike Lynch ត្រូវ​បាន​បញ្ឈប់​ពី​មុខ​តំណែង។

៧.Google ទិញ Motorola Mobility តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ:

ក្នុង​គោលដៅ​ប្រជែង​ទីផ្សារ​ស្មាតហ្វូន​ជាមួយ​ក្រុមហ៊ុន Apple ខ្លួន​ក៏​សម្រេច​ជះ​លុយ​ ១២,៥ ពាន់​លាន​ដុល្លារ​ទិញ​អាជីវកម្ម​ Motorola Mobility។ តិច​ជាង ៣ ឆ្នាំ ក្រុមហ៊ុន​ក៏​លក់​បន្ត​ឲ្យ​ទៅ Lenovo (មាន​ ២០០០ ប៉ាតង់) ក្នុង​តម្លៃ ២,៩១ ពាន់​លាន​ដុល្លារ។

៦.Amazon ទិញ Whole Foods តម្លៃ ១៣,៧ ពាន់​លាន​ដុល្លារ:

ក្រុមហ៊ុន​លក់​ចំណី​អាហារ Whole Foods បាន​ទទួល​លុយ​សុទ្ធ ១៣,៧ ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Amazon ក្រោយ​កិច្ចព្រមព្រៀង​ត្រូវ​បញ្ចប់​នា​ខែ​សីហា ឆ្នាំ ២០១៧ ហើយ​ក្នុង​មួយ​ភាគហ៊ុន​គ្រា​នោះ​ថ្លៃ ៤២ ដុល្លារ។

៥.Walmart ទិញ Flipkart តម្លៃ ១៦ ពាន់​លាន​ដុល្លារ:

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ធំ​បំផុត​របស់​ឥណ្ឌា បាន​លក់​ចេញ​ទៅ​ឲ្យ Walmart កាល​ពី​ថ្ងៃ​ទី ៩ ឧសភា ឆ្នាំ ២០១៨ ក្នុង​ភាគហ៊ុន ៧៧ ភាគរយ​ស្មើ​នឹង​តម្លៃ ១៦ ពាន់​លាន​ដុល្លារ។ ក្នុង​គោលដៅ​ផ្តួល Amazon India ចាប់​តាំង​ក្រុមហ៊ុន​អាមេរិក​បាន​ប្រលូក​ចូល​ទីផ្សារ​យក្ស​មួយ​នោះ។

៤.Facebook ទិញ WhatsApp តម្លៃ ១៩ ពាន់​លាន​ដុល្លារ:

ដោយ​សង្កេត​ឃើញ​គូ​ប្រជែង​នៃ​សេវាកម្ម​ដទៃ (WhatsApp) ជះ​ឥទ្ធិពល​ដល់​ទំហំ​អ្នក​ប្រើប្រាស់​របស់​ខ្លួន Facebook ក៏​សម្រេច​ចាយ​លុយ ១៩ ពាន់​លាន​ដុល្លារ​ទិញ​សេវាកម្ម​ផ្ញើ​សារ​រហ័ស​រក​ឃើញ​ដោយ​លោក Brian Acton និង Jan Koum។ ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់ កម្មវិធី​ប្រើ Chat មាន​ដូច Telegram ឡើង​ការ​ទាញ​យក ៥ លាន​ដង​ក្នុង​មួយ​ថ្ងៃ ខណៈ WhatsApp ត្រូវ​បាត់បង់​អ្នក​ប្រើប្រាស់​គ្រា​នោះ​ជាង ១ លាន​នាក់ ប៉ុន្តែ​ដោយ​ជោគជ័យ​រួម​ជាមួយ​ក្រុមហ៊ុន​លោក Mark កម្មវិធី​នេះ​ក៏​ទទួល​បាន​អ្នក​ប្រើ​រហូត​ដល់ ១,៥ ពាន់​លាន​នាក់​ទល់​ពេល​បច្ចុប្បន្ន។

៣.Hewlett-Packard ទិញ Compaq តម្លៃ ២៥ ពាន់​លាន​ដុល្លារ:

រក​ឃើញ​ក្នុង​ឆ្នាំ ១៩៨២ Compaq ជា​ក្រុមហ៊ុន​លក់​ផលិតផល​កុំព្យូទ័រ ដោយ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ក្រុមហ៊ុន​នេះ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ PC ធំ​បំផុត​ក្នុង​លោក។ លុះ​ដល់​ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ ២០០១ ក៏​ត្រូវ​បាន​ក្រុមហ៊ុន HP ទិញ​យក​ដើម្បី​ផ្តួល IBM ក្នុង​តម្លៃ ២៥ ពាន់​លាន​ដុល្លារ។

២.Microsoft ទិញ LinkedIn តម្លៃ ២៦,២ ពាន់​លាន​ដុល្លារ:

ជា​បណ្តាញ​សង្គម​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៤០០ លាន​នាក់ លុះ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៦ ត្រូវ​បាន​ក្រុមហ៊ុន Microsoft ទិញ​យក ទាំង​ដែល​លោក Jeff Weiner នៅ​បន្ត​កាន់​តំណែង​ជា CEO ហើយ​ក៏​ជា​អ្នក​ធ្វើ​របាយការណ៍​ឲ្យ​ទៅ​ CEO ក្រុមហ៊ុន​មេ​លោក Satya Nadella។

១.CenturyLink ទិញ Level 3 Communications តម្លៃ ៣៤ ពាន់​លាន​ដុល្លារ:

ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ទូរគមនាគមន៍​ធំ​បំផុត​លំដាប់​ទី ៣ នៅ​សហរដ្ឋអាមេរិក CenturyLink បាន​ទិញ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត Level 3 Communication តាម​រយៈ​លុយ​សុទ្ធ​និង​ភាគហ៊ុន​ក្នុង​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ។ ដើម្បី​ពង្រឹង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​រវាង​ក្រុមហ៊ុន​ខ្លាំង​មាន​ដូច​ជា Verizon និង AT&T។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ rankred   ប្រែ​សម្រួល៖ កៅ រក្សា