អស្ចារ្យ​ណាស់! យុវជន​ខ្មែរ​មួយ​ក្រុម បង្កើត​បាន​ក្បាល​មនុស្ស​យន្ត AI អាច​និយាយ​គ្នា​បាន

  • 2018-06-20 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម បាន​រួម​គ្នា​បង្កើត​បាន​ក្បាល​មនុស្ស​យន្ត(រ៉ូប៉ូត) ដែល​មាន​បំពាក់​បច្ចេកវិទ្យា AI(Artificial intelligence) ដែល​អាច​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​មនុស្ស​បាន​យ៉ាង​អស្ចារ្យ។

ប្រធាន​ក្រុម​បង្កើត​មនុស្ស​យន្ត លោក សុភ័ណ វោហា បាន​ឲ្យ Sabay ដឹង​ថា មនុស្ស​យន្ត AI នេះ​មាន​ឈ្មោះ​ថា Robocam។ វា​កើត​ចេញ​ជា​រូប​រាង​ត្រឹម​តែ​រយៈ​ពេល​តែ​ជាង ១ ខែ​ប៉ុណ្ណោះ។ វា​ដំណើរ​ការ​អាស្រ័យ​ដោយ Google API អាច​ឆ្លើយ​ឆ្លង​សំនួរ អាច​ចង​ចាំ​មុខ​មនុស្ស​បាន(Face recognition) អាច​ចង​ចាំ​ការ​បង្រៀន​ផ្សេងៗ និង​អាច​ប្រាប់​ពី​ពេល​វេលា ​ថ្ងៃ​ខែ​ឆ្នាំ និង​អាកាស​ធាតុ​បាន។

ចំពោះ​ដំណើរ​ការ​វិញ Robocam ដំណើរការ​ដោយ​​ម៉ូទ័រ​លំងាក់មុំ (Servo motor) ប្រព័ន្ធ​ប្រតិបត្តិការ (MCU & CPU) កាមេរ៉ា​ (Camera) PLA 3D printer material សម្ភារៈ​អេឡិចត្រូនិច (Electronic components) មាន​ប្រភព​ថាមពល ១២វ៉ុល។

លោក​បន្ត​ថា "រ៉ូប៉ូត​នេះ ពួក​យើង​មិន​ទាន់​ធ្វើ​វា​ចប់ ១០០ ភាគរយ​ទេ ធ្វើ​ហើយ​ត្រឹម​តែ​ក្បាល​បន្តិច​ប៉ុណ្ណោះ តែ​យ៉ាង​ណា វា​អាច​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​​មនុស្ស​បានជា​ភាសា​ខ្មែរ និង​អង់គ្លេស​។"

មនុស្ស​យន្ត Robocam

វោហា បាន​បន្ថែម​ថា​គោល​បំណង​ដែល​បង្កើត​រ៉ូប៉ូត​នេះ​ឡើង ចង់​បង្ហាញ​ថា យុវជន​ខ្មែរ​ក៏​មាន​សមត្ថភាព​អាច​បង្កើត​មនុស្ស​យន្ត AI ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ផ្សេង​ៗ​ដែរ ចង់​បង្ហាញ​អំពី​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ ជាពិសេស​ចង់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ AI ដែល​គេ​ប្រើ​សម្រាប់​សម្រួល​ដល់​ការ​ប្រើប្រាស់​ជំនួស​បុគ្គលិក​ផ្ដល់​ព័ត៌មាន។

ប្រធាន​ក្រុម​បង្កើត​មនុស្ស​យន្ត Robocam បាន​បន្ថែម​ថា រ៉ូប៉ូត AI នេះ​ចេញ​ជា​រូបរាង​បាន​ដោយ​សារ​សមាជិក​ផ្សេង​ៗ​ដូចជា​លោកជ្រិន ជីវ៉ា ជា​អ្នក​សរសេរ​កម្មវិធី​ឲ្យ​រ៉ូប៉ូត កែវ មនោរម្យ ជា​មេកាតិចនិក (មេកានិច+អេឡិចត្រូនិក) និង​លោក ហ៊ន ម៉េង​ហ័ង ជា​អ្នក​រចនា​បន្ទះ​ឈីប​ធ្វើ​រ៉ូប៉ូត ដែល​ពួក​គេ​សុទ្ធ​តែ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អគ្គិសនី និង​អេឡិចត្រូនិក មក​ពី​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ​។

ត្បិត​ថា សម្រេច​បាន​​ប៉ុណ្ណោះ តែ​ក្រុម​របស់​លោក​ជួប​ឧបសគ្គ​ច្រើន ព្រោះ​ក្រៅ​ពី​សាលា​ជួយ​ជា​(ម៉ាស៊ីន​ព្រីន 3D) និង​សម្ភារៈ​ផ្សេងៗ ពួក​គេ​នៅ​ខ្វះ​ខាត​ថវិកា​ច្រើន​សម្រាប់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ យ៉ាង​ណា​ក្ដី ក្រុម​យុវជន​ដែល​មាន​មហិច្ឆតា​ធំ​ក៏​មិន​បោះ​បង់​ពោល​គឺ គ្រោង​នឹង​ភ្ជាប់​ជាមួយ​ដៃ ជើង និង​តួ​ខ្លួន​ដើម្បី​ឲ្យ​ចេញ​ជា​រូបរាង​មនុស្ស​តែ​ម្ដង៕

មនុស្ស​យន្ត Robocam
ក្រុម​បង្កើត​មនុស្ស​យន្ត Robocam

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី