គម្រោងផ្សារទំនើបអ៊ីអន៣ មានពន្លឺថ្មី តែរង់ចាំកែលម្អផ្សារដែលសង់រួចសិន

  • 2018-06-20 08:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជុំវិញ​គម្រោង​ផ្សារ​ទី៣​នេះ​​ សារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ បាន​​ចេញ​ផ្សាយ​ដោយ​​ស្រង់​សម្ដី​ពី​អ្នក​ជំនួញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ អះអាង​ថា ​ក្រុមហ៊ុន​ជប៉ុន​ ​បាន​ទិញ​ដី និង​គ្រោង​​សាងសង់​ផ្សារ​ទំនើប​អ៊ីអន​៣ ​​នៅ​តំបន់​ភាគ​ខាង​ត្បូង​ ពោល​គឺ​តាម​មហាវិថី​សម្ដេច​ហ៊ុន សែន​ ផ្លូវ ៦០ម៉ែត្រ។​

ឆ្លើយតប​ដំណឹង​នេះ ​លោក​ SEIICHI CHIBA អគ្គនាយក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន ​AEON Mall Co.,Ldt បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​សម្ពោធ​ជា​ផ្លូវ​ការ​ផ្សារ​ទំនើប​ទី២ ​នៅ​ខណ្ឌ​សែន​សុខ ​នៅ​ថ្ងៃ​ទី​ ២០​ ​មិថុនា​ ឆ្នាំ ២០១៨​ ថា ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​ផ្សារ​ទំនើប​ទី៣ ពិតមែន​ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​មាន​រូបរាង និង​ទីតាំង​ច្បាស់​លាស់​នៅ​ឡើយ​ ដោយ​រង់​ចាំ​គម្រោង​ផ្សារ​ចំនួន​ពីរ​ដែល​បាន​បើក​សព្វ​ថ្ងៃ​ដំណើរ​ការ​ឲ្យ​រលូន​​សិន។​

លោក SEIICHI CHIBA អគ្គនាយក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន ​AEON Mall

​​​​ លោក SEIICHI CHIBA ​ថ្លែង​​ថា៖​ « ​យើង​មាន​ផ្សារ​ទំនើប​ចំនួន​ពីរ​រួច​ហើយ ​យើង​ត្រូវ​ការ​កែ​លម្អ​ និង​ស្វែង​រក​បទពិសោធន៍​ថ្មីៗ​​ពី​អតិថិជន​បន្ថែម​ទៀត​ ទើប​យើង​ឈាន​ដល់​គម្រោង​ទី៣»។

ភ្ជាប់​នឹង​មហិច្ឆតា​របស់​អ្នក​វិនិយោគ​ជប៉ុន​មួយ​នេះ ​​ក្រុមហ៊ុន​អ៊ីអន​នៅ​តែ​សង្ឃឹម​ខ្ពស់​ថា ​ផ្សារ​ទំនើប​ទី២ គឺធំ ​និង​ពិសេស​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន​ ​ដែល​នឹង​អាច​ទាក់ទាញ​អតិថិជន​ច្រើន​ជាង​ទី១​។ ​លោក​ឲ្យ​ដឹង​ថា ​កាលពីឆ្នាំ២០១៧ ផ្សារ​អ៊ីអន​១ បាន​ស្រូប​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ប្រមាណ ​១៨ លាន​នាក់​លើស​ការ​រំពឹង​ទុក​ ក្នុង​នោះ​នៅ​ថ្ងៃ​ធម្មតា ​មាន​អតិថិជន​ជាង ៣ម៉ឺននាក់ និង​ថ្ងៃ​បុណ្យ​ទាន ឬ​ឈប់​សម្រាក​មាន​ប្រមាណ ៨ម៉ឺននាក់ ក្នុង​មួយ​ថ្ងៃ។

​ចំពោះ​ផ្សារ​ជប៉ុន​ទើប​សម្ពោធ​ថ្មី​នេះ ​គឺ​គ្របដណ្ដប់​លើ​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ១០០ ០០០ម៉ែត្រការ៉េ ខណៈ​ដែល​គម្រោង​ទី១ មាន​ទំហំ​ត្រឹមតែ ៦៨ ០០០ ម៉ែត្រការ៉េ។ ​ផ្សារទី២នេះ មាន​ចំណត​សម្រាប់​រថយន្ត ​២ ៣០០គ្រឿង និង ម៉ូតូ​៣ ០០០​គ្រឿង និង​មាន​ហាង​ទំនិញ​សរុប​ជាង ២០០​ហាង។ ​​​​

លោក​លើក​ឡើង​ថា ​តាម​ការ​សិក្សា​ចំណូល​ខ្ពស់​​អ្នក​នៅ​ក្រុង​ភ្នំពេញឡើង​ដល់​១ម៉ឺន​ដុល្លារ ក្នុង​១ឆ្នាំ ប្រហាក់​ប្រហែល​ពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ផង​ដែរ។​​​​

​ទោះ​យ៉ាង​ណា អ្នក​ជំនួញ​ជនជាតិ​ជប៉ុន​រូប​នេះ​ ក៏​​បង្ហើប​ដែរ​ថា​ អ្នក​វិនិយោគ​ជប៉ុន​ជា​ច្រើន ចាប់​អារម្មណ៍​មក​រកស៊ី​នៅ​កម្ពុជា តែ​ការ​កង្វះ​ព័ត៌មាន​​នៅ​តែ​ជា​បញ្ហា​សម្រាប់​ពូក​គេ​មក​វិនិយោគ​​នៅ​ក្នុង​ប្រទេស​មួយ​នេះ​៕

​​​​​​ ​​​​

អត្ថបទ៖ ស៊ិន សាវ៉េត