គ្រូ​ក្រូអាត​ថា ​ប៉ះ​អាហ្សង់ទីន​យប់​នេះ ​ជា​ប្រកួត​ងាយ​ស្រួល​បំផុត

  • 2018-06-21 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zlatko Dalic ​គ្រូ​​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ​បាន​បញ្ជាក់​ថា ​ការ​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន គឺ​ជា​ប្រកួត​ងាយ​ស្រូល​បំផុត​សម្រាប់​ក្រុម​លោក។

ក្រូអាត​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប៉ះ​ជាមួយ​ក្រុម​អាហ្សង់ទីន​នៅ​យប់​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ។ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dalic ​ក្រូអាត​ត្រូវ​យក​ជ័យជម្នះ​យប់​នេះ​ឱ្យ​បាន ​ដើម្បី​កក់​កៅអី​ឡើង​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ខណៈ​ដែល​ប្រកួត​នេះ ​ប៉ះ​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ច្រើន​មែន ​ប៉ុន្តែ​គ្រូ​បង្វឹក​វ័យ​៥១​ឆ្នាំ ​បែរ​ជា​គិត​ថា​ជា​ប្រកួត​ងាយ​ស្រួល​ទៅ​វិញ។

“ប្រកួត​ជាមួយ​អាហ្សង់ទីន ​គឺ​ជា​ប្រកួត​ងាយ​ស្រួល​សម្រាប់​យើង​នៅ World Cup ​នេះ ព្រោះ​យើង​មាន​៣​ពិន្ទុ​ក្នុង​ដៃ ​ហើយ​យើង​លេង​ជាមួយ​ក្រុម​ខ្លាំង​ថែម​ទៀត។ យើង​គ្មាន​អ្វី​ត្រូវ​ចាញ់​ក្នុង​ប្រកួត​នេះ​ទេ។ ខ្ញុំ​បាន​ប្រាប់​ទៅ​កីឡាករ​របស់​ខ្ញុំ​មុន​ការ​ប្រកួត​ថា ​សូម​រីករាយ​ជាមួយ​ការ​ប្រកួត​មួយ​នេះ​ចុះ”។ សម្ដី​របស់​លោក Dalic ។

ចំពោះ Rakitic ​ដែល​ជា​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Barcelona ​ជាមួយ Lionel Messi ​ដែរ​នោះ ​ក៏​និយាយ​ចំពោះ​ការ​ប៉ះ​អាហ្សង់ទីន​យប់​នេះ​ដែរ៖ “Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​លាក់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​ក្រូអាត​នោះ​ទេ។ តែ​វា​ពិបាក​ក្នុង​ការ​ប្រាប់​រឿង​សម្ងាត់របស់ Messi ដល់​គ្រូ​បង្វឹក​របស់​ខ្ញុំ។ យើង​រស់​នៅ​ក្នុង​សម័យ​កាល Youtube ​ហើយ​វា​មាន​គ្រប់យ៉ាង ​សុទ្ធ​តែ​បាន​បង្ហាញ​ឱ្យ​យើង​ស្គាល់​ច្បាស់​ពី​គាត់។ វា​ស្ទើរ​តែ​គ្មាន​ផ្លូវ​ក្នុង​ការ​បិទ Messi ​ទៅ​ហើយ”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ