ពិត​ទេ Lukaku នឹង​បាន​ប្រាក់​ Bonus ពី Man Utd បើ​ក្លាយ​ជា Top Scorer ប្រចាំ World Cup លើក​នេះ?

  • 2018-06-21 12:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun ខ្សែ​ប្រយុទ្ធ Romelu Lukaku នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ពី​ក្លឹប Manchester United បើ​ក្លាយ​ជា​ Top Scorer ប្រចាំ World Cup ២០១៨ នេះ។

ក្នុង​ថ្ងៃ​នេះ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី Old Trafford បាន​ប្រាប់​ The Sun ថា ខ្សែ​ប្រយុទ្ធ Romelu Lukaku នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​រហូត​ដល់​ខ្ទង់​សែន​ផោន ពី Manchester United បើ​សិន​ជា​កីឡាករ​បែលហ្សិក​ក្លាយ​ជា​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​បំផុត​ប្រចាំ World Cup ២០១៨។

ប្រភព​មិន​បាន​បញ្ជាក់​ថា​ មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​ក្លឹប​សម្រេច​ធ្វើ​បែប​នេះ ឡើយ ប៉ុន្តែ​បាន​អះអាង​ថា លក្ខខណ្ឌ​នេះ​មាន​នៅ​កុងត្រា​របស់​កីឡាករ​បែលហ្សិក។

“Rom (Lukaku) និង​ភ្នាក់ងារ​របស់​គេ​ពូកែ​ចរចា​ជាមួយ​ Manchester United ណាស់ រហូត​ដល់​អាច​ដាក់​បញ្ចូល​លក្ខខណ្ឌ​បែប​នេះ​ចូល​ទៅ​ក្នុង​កុងត្រា​របស់​គេ​បាន ពេល​ដែល​គេ​មក​ចូល​រួម​ជាមួយ​ក្លឹប​ដំបូង"។ ប្រភពខាងលើនិយាយ។

សូម​បញ្ជាក់​ផង​ដែរ​ថា Lukaku បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម​ពី Everton កាល​ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​ក្ដៅ ២០១៧ ហើយ​ស៊ុត​ចូល ២៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥១ លើក​ឲ្យ​ក្លឹប​ថ្មី​ខ្លួន។

ក្នុង World Cup នៅ​រុស្ស៊ី កីឡាករ​រក​បាន ២​គ្រាប់​ហើយ គិត​មក​ទល់​ពេល​នេះ។

បែលហ្សិក​នឹង​ត្រូវ​ប្រកួត​ជាមួយ​ទុយណេស៊ី​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ វេលា​ម៉ោង ៧ យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម