ពេល​ទៅចុះ​បញ្ជីកំណើត​ឱ្យកូន! ប៉ាម៉ាក់ត្រូវដឹង​ពីចំណុច​ទាំងអស់​នេះសិន កុំឱ្យទៅមកច្រើនសារ

  • 2024-05-13 07:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៣ មានខ្លឹមសារបញ្ជាក់​ថា រាល់កំណើតរស់​ដែល​កើតឡើង​ក្នុងព្រះរាជាណាចក្រ​កម្ពុជា គឺ​ត្រូវរាយការណ៍ និងចុះបញ្ជី​ នៅ​ការិយាល័យ​អត្រានុកូលដ្ឋានណាមួយនៃ៖

ក. ឃុំ សង្កាត់ ដែល​កំណើត​រស់បាន​កើតឡើង។

ខ. ឃុំ សង្កាត់ ដែល​អ្នករាយការណ៍​ស្នាក់នៅ។

គ. កន្លែងផ្សេងទៀត តាមការកំណត់​ដោយលិខិត​បទដ្ឋានគតិយុត្តរបស់​ក្រសួងមហាផ្ទៃ។

គួរដឹងថា អ្នករាយការណ៍​ត្រូវដាក់ពាក្យ​ដើម្បីចុះបញ្ជី​កំណើតរស់​ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទ​ដែលទារកកើត។

បុគ្គល​ទទួលខុសត្រូវ​ជាអ្នករាយការណ៍​អំពី​កំណើត​រស់ ត្រូវបាន​កំណត់​តាមអាទិភាព​ ដូចជា៖ ម្តាយរបស់​ទារក, ឪពុក​របស់​ទារក, អ្នកអាណាព្យាបាលទូទៅរបស់​ឪពុកម្តាយទារក, ញាតិ​ជានីតិជន​ដែលមើលថែទារក, រដ្ឋមន្រ្តី​ក្រសួង​ ឬប្រធានស្ថាប័ន​ ឬអ្នក​តំណាង​ឬបុគ្គលផ្សេងទៀត ដែល​កំណត់​ដោយច្បាប់​នេះ ឬច្បាប់​ផ្សេងទៀត។ ក្នុងករណីចាំបាច់ អ្នករាយការណ៍​ក្រៅពីបុគ្គល​ដែលបានកំណត់នេះ គឺ​ត្រូវកំណត់ដោយ​អនុក្រឹត្យ។

ចំពោះ​ការដាក់ពាក្យសុំ​ចុះ​បញ្ជីកំណើតរស់​ អ្នករាយការណ៍​ អាច​ដាក់​ពាក្យ​សុំចុះបញ្ជី​កំណើត​រស់​ជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់​មាត់ ឬតាមទម្រង់​អេឡិចត្រូនិក។ អ្នករាយការណ៍​ត្រូវបំពេញ​ពាក្យ​សុំនូវ​ចំណុចខាងក្រោម៖

ក. ឈ្មោះរបស់ទារក។

ខ. ភេទរបស់ទារក។

គ. ថ្ងៃ ខែ ឆ្នាំកំណើត ម៉ោង និងទីកន្លែងទារកកើតរស់។

ឃ. ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត លេខកូដសម្គាល់​អត្តសញ្ញាណបុគ្គល សញ្ជាតិ និងលំនៅឋានរបស់​ឪពុកម្តាយរបស់​ទារក។

ង. ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត លេខកូដសម្គាល់​អត្តសញ្ញាណបុគ្គល និងអាសយដ្ឋាន​បច្ចុប្បន្ន​របស់​អ្នករាយការណ៍ ក្នុងករណី​ដែល​អ្នករាយការណ៍​មិនមែន​ជាម្តាយ ឬឪពុក។

ច. ថ្ងៃ ខែ ឆ្នាំ ដែលពាក្យសុំត្រូវបានធ្វើឡើង។

ឆ. ចំណុចផ្សេងទៀត ដែលបានកំណត់​ដោយ​ប្រកាសរបស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះដែរ សម្រាប់​ឯកសារ​ភ្ជាប់ទៅជាមួយ​វិញ គឺអ្នករាយការណ៍​ ត្រូវភ្ជាប់​ឯកសារ​បញ្ជាក់​អំពី​កំណើតរស់​ ឬ​ឯកសារផ្សេងទៀត​ដែលអាចបញ្ជាក់​អំពីកំណើតរស់​របស់​ទារក ជាមួយ​នឹង​ពាក្យ​សុំចុះបញ្ជី​កំណើតរស់។ ជាមួយគ្នានេះ អ្នករាយការណ៍​ក៏ត្រូវភ្ជាប់ផងដែរនូវឯកសារ​ដែល​អាចបញ្ជាក់​អត្តសញ្ញាណ​របស់​ឪពុកម្តាយ​របស់​ទារក​ ជាមួយ​នឹង​ពាក្យ​សុំចុះបញ្ជីកំណើតរស់ផងដែរ៕

អត្ថបទ៖ សំភី