មិនរួចខ្លួនទេ! ហ្វីលីពីន ចេញគម្រោងបង្ក្រាបគ្រឿងញៀន នៅតាមសាលារៀន

  • 2018-06-22 07:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​មន្រ្តី​ហ្វីលីពីន​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា ហ្វីលីពីន​កំពុង​គ្រោង​នឹង​បង្ក្រាប​គ្រឿងញៀន តាម​បញ្ជា​របស់​ប្រធានាធិបតី Rodrigo Duterte នៅ​តាម​សាលារៀន ដោយ​ការ​ត្រួតពិនិត្យ​កាតាប និង ទូ​ដាក់​ឥវ៉ាន់​របស់​សិស្ស ក៏​ដូច​ជា​ការ​ធ្វើ​តេស្ត​លើ​គ្រូ​បង្រៀន​ផង​ដែរ។

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte

គួរ​រំលឹក​ឲ្យ​ដឹង​ថា មេដឹកនាំ​ខាង​លើ​បាន​បង្កើត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន បន្ទាប់​ពី​បាន​ចូល​កាន់​តំណែង កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៦ ដោយ​ក្នុង​អំឡុង​នោះ ប៉ូលិស​បាន​សម្លាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ជាង ៤ ២០០នាក់​មក​ហើយ។

ជា​មួយ​គ្នា​នេះ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​មាន​គម្រោង​បង្កើត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដោយ​ស្នើសុំ​ការ​ធ្វើ​តេស្ត​លើ​គ្រូបង្រៀន នៅ​តាម​សាលា​បឋម​សិក្សា ក៏​ដូច​ជា​សិស្ស​ថ្នាក់​ទី៤ ដែល​មាន​អាយុ​ចាប់​ពី ១០ឆ្នាំ​ឡើង​ផង​ដែរ។

យ៉ាងណាមិញ លោក Catalino Cuy ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឿងញៀន Dangerous Drugs Board ហៅ​កាត់​ថា DDB បាន​និយាយ​ថា ការិយាល័យ​របស់​លោក​នឹង​សិក្សា​បន្ថែម​លើ​សំណើ​នោះ ដើម្បី​ពង្រឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​សាលារៀន និង​ចេញ​គោលនយោបាយ​ធានា​ការ​អនុវត្ត​ត្រឹមត្រូវ​ប្រសិន​បើ​ចាំ​បាច់៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី