មានអ្វីពិសេស ផ្ទាំង និងបណ្តាញផ្សព្វផ្សាយធំៗនាំគ្នានិយាយពីរឿង "បាតដៃខ្មៅ"?​​ (វីដេអូ)

  • 2018-06-22 09:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ពេល​មិន​ដល់​១​សប្តាហ៍​ទៀត​ទេ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "បាត​ដៃ​ខ្មៅ" នឹង​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ហើយ គឺ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ។ មិន​ថា​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្សាន្ត​តូច​ធំ​ក្នុង​ស្រុក នៅ​តាម​រោង​កុន ឬ​ទី​សាធារណៈ សង្កេត​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​ច្រើន​អំពី​រឿង​ដែល​ដក​ស្រង់​ចេញ​ប្រលោម​លោក​ដ៏​ល្បី​ដែល​មាន​អ្នក​អាន​រាប់​លាន​នាក់​មួយ​នេះ។

តើ​ភាព​យន្ត​ខ្នាត​ធំ "បាត​ដៃ​ខ្មៅ" មាន​ចំណុច​ពិសេស​អ្វីខ្លះ ទើប​លេច​ធ្លោ​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយបែបនេះ?

បើ​តាម​អ្នក​ដឹក​នាំ​រឿង លោក មាស រស្មី "បាត​ដៃ​ខ្មៅ" ជា​រឿង​ខ្នាត​ធំ​ទី​មួយ​ក្នុង​អាជីព​ការងារ​ជិត១០​ឆ្នាំ​របស់​លោក។ លោក​បាន​ចំណាយ​ពេល​ជាង​មួយ​ភាគ​បី​នៃ​គម្រោង​ទៅ​លើ​ការ​សរសេរ​អត្ថបទ​រឿង ដោយ​ត្រូវ​សម្រួល​ពី​ប្រលោម​លោក​ដែល​សរសេរ​សម្រាប់​ការ​ស្រមៃ​ មក​ជា​អត្ថបទ​រឿង​ដែល​សរសេរ​សម្រាប់​ការ​ថត​ជា​រូបភាព​ និង​សំឡេង​។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ចំណាយ​ពេល​ចុះ​ទៅ​ដល់​ខេត្ត​ដែល​សាច់​រឿង​ដើម​បាន​និយាយ​ ដូច​ជា​តាកែវ ស្ទឹង​ត្រែង​ជា​ដើម​។

លោក​ថា "បាត​ដៃ​ខ្មៅ" នេះ​មិន​មែន​ត្រឹម​តែ​ជា​រឿង​ខ្នាត​ធំ​ទី​មួយ​របស់​លោក​ប៉ុណ្ណោះ​ទេ វា​ជា​រឿង​ខ្នាត​ធំ​ទី​មួយ​របស់​តួ​អង្គ​យុវវ័យ​ដូច​គ្នា​! ដូច្នេះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ខិត​ខំ​សម្រិត​សម្រាំង​អស់​ពី​សមត្ថភាព។ "​ខ្ញុំ​គិត​ថា​រឿង​នេះ​គឺ​ស័ក្តិឥត​ខ្ចោះ​ទៅ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន​ ដែល​បង្ហាញ​ពី​ភាព​រកាំ​រកូសមួយ​ចំនួន​រវាង​យុវវ័យ​សម័យ​ថ្មី​ និង​វប្បធម៌​បុរាណ​ខ្មែរ​"។

បទសម្ភាសន៍ជាមួយលោក មាស រស្មី អ្នកដឹកនាំរឿង "បាតដៃខ្មៅ"

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែល​អ្នក​វិនិយោគ​ក្នុង​ការ​ផលិត​រឿង​នេះ បញ្ជាក់​ថា "បាត​ដៃ​ខ្មៅ" ជា​ភាពយន្ត​ថ្មីប្លែក​ខុស​ពី​អ្វី​ដែល​មាន​នៅ​លើ​ទីផ្សារ​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ន វា​ជា​ភាពយន្ត​មាន​ខ្លឹមសារ​បណ្ដុះ​គំនិត​យុវវ័យ​អោយ​ចេះ​កំណត់​គោលដៅ​ជីវិត របៀប​ដែល​ត្រូវ​ដើរ និង​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា។ លោក​ថា ការ​វិនិយោគ​ទៅ​លើ​វ័យ​ជំទង់ គឺ​ជា​ការ​វិនិយោគ​ដ៏ល្អ​មួយ​ដោយ​សារពួក​គេ​មាន​​​គំនិត​ច្នៃប្រឌិត​ខ្ពស់ មាន​ទេពកោសល្យ​ ហើយ​មោះ​​មុត​នឹង​ការងារ​។

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay

មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ អ្វី​ដែល​ពិសេស និង​ខុស​ប្លែក​ពី​រឿង​ដទៃ​នោះ ស្នាដៃ​ភាពយន្ត​ថ្មី​នេះ ​ប្រមូល​ម្តុំ​ដោយ​តារា​Original Song ល្បីៗ ដូច Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និងយុជនវ័យក្មេង ហេង ចន្ទតារាវិត។ ពួក​គេ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ខាង​ចម្រៀង​ប៉ុណ្ណោះ​ទេ តែ​សមត្ថភាព​សម្តែង​ក៏​រស់​រវើក ស៊ី​នឹងសាច់​រឿង​ដ៏​ល្អ​បែប​យុវវ័យ​មួយ​នេះ។​

អ្វី​ដែល​មិន​អាច​រំលង ថែម​ទាំង​ជួយ​រំលេច​ផ្ទៃ​រឿង​ទាំង​មូល​ឲ្យ​កាន់​តែ​ល្អ​នោះ គឺ​បទ​ចម្រៀង ដែល​ប្រកប​ដោយ​អត្ថន័យ និង​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​របស់​យុវវ័យ ដែល​បទ​នេះ​មាន​ចំណង​ជើង​ថា "មិន​ព្រាត់"។ ​ចម្រៀង​ថ្មី​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ដោយ​អ្នក​និពន្ធ​រឿង​នេះ​ផ្ទាល់​ គឺអ្នកស្រី​ ម៉ីសន សុធារី ហើយ​អ្នកបង្កើត​សាច់​ភ្លេង​ជា​តន្រ្តីករ​ដ៏​មានទេព​កោសល្យ​ លោក កង ពិសិដ្ឋ និង​ច្រៀង​ដោយ​ តារាចម្រៀង​ សាយ និង ខាំ ជេន ដែល​ជា​តួ​សំខាន់​ក្នុង​រឿង​ «បាតដៃខ្មៅ»។

អ្នកនិពន្ធ ម៉ីសន សុធារី

បើ​តាម​អ្នក​និពន្ធ​បទ​ចម្រៀង​នេះ «មិនព្រាត់» ជា​ចម្រៀង​ដែល​បង្ហាញ​ពី​មិត្តភាព​របស់ក្រុម​តន្រ្តី​ក្មេង​វ័យ​មួយ​ក្រុម​ លាយឡំមនោសញ្ចេតនា​​ជ្រាលជ្រៅ​។ បទ​នេះ​ត្រូវ​បាន​លោក កង ពិសិដ្ឋ រៀប​ចំ​សាច់​ភ្លេង​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​ស្រលាញ់​លើស​លុប ព្រោះ​ជា​ស្នាដៃ​រួម​បញ្ចូល​គ្នា​ជាមួយ​អ្នក​មាន​ទេព​កោសល្យ។

ងាកមកតួអង្គដ៏សំខាន់ម្នាក់ក្នុងរឿងនេះ Sai សម្តែងតួ រ៉ាយុទ្ធ បានឱ្យដឹងថា ភាពយន្តថ្មីនេះបង្កើត​ឡើងដោយក្តីស្រលាញ់ភាពយន្ត ហើយគ្រប់គ្នាដែលផលិតរឿងនេះ សង្ឃឹមថានឹងមានការ​គាំទ្រ​ច្រើន។ Sai បន្តថា នេះជារឿងខ្នាតធំ​មួយដែលមានទាំងសារអប់រំ និងមានចំណុចបត់បែនច្រើន ដែលទស្សនិកជនទៅទស្សនាមិនស្តាយលុយឡើយ។

វីដេអូចម្រៀង "មិនព្រាត់"

ទាំង​នេះ​គ្រាន់​តែ​ជា​លក្ខណៈ​ពិសេស​ត្រួសៗ​របស់​ភាពយន្ត​ខ្មែរ​រឿង «បាតដៃខ្មៅ» តែ​ប៉ុណ្ណោះ នៅ​មាន​ចំណុច​លេចធ្លោ​ជា​ច្រើន​ទៀត ដែល​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​មិន​អាច​បង្ហាញ​បាន​ច្រើន​ជាង​នេះ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សាច់​រឿង​ទាំងមូល។

បើ​សិន​ជា​ចង់​ជ្រាប​ច្បាស់​ពី​សាច់​រឿង​មួយ​នេះ និង​គាំទ្រ​ដល់​ភាពយន្ត​ខ្មែរ ប្រិយមិត្ត​កុំ​ភ្លេច​ទៅ​ទស្សនា​រឿង «បាត​ដៃ​ខ្មៅ»  ដែល​នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត ចាប់​ពី​ថ្ងៃទី​២៨ ខែ​មិថុនា​នេះ​តទៅ៕

ទស្សនា Trailder រឿង "បាតដៃខ្មៅ"

អត្ថបទ៖ ដេត ធន្នី