នីហ្សេរីយ៉ា​ស៊ុត​អ៊ីស្លង់​២​គ្រាប់ នាំ​ក្តី​សង្ឃឹម​ដល់​អាហ្សង់ទីន​ឡើង​វគ្គ​បន្ត

  • 2018-06-23 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស៊ុត​​បញ្ចូល​ទី​២​គ្រាប់​របស់​​ខ្សែប្រយុទ្ធ​​ Ahmed Musa មក​ពី​ក្លឹប Leicester City មិន​ត្រឹម​តែ​ជួយ​ឲ្យ​នីហ្សេរីយ៉ា​ឈរ​លេខ​២​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជ័យជម្នះ​លើ​អ៊ីស្លង់​នេះ​ថែម​ទាំង​ជា​ក្តី​សង្ឃឹម​ដល់​​អាហ្សង់ទីន​​ក្នុង​ការ​ឡើង​វគ្គ​បន្ត​ទៀត​ផង។

Ahmed Musa ស៊ុត​គ្រាប់​ទី​២​ទល់​នឹងអ៊ីស្លង់ រុញ​ឲ្យ​នីហ្សេរីយ៉ា​ឈរ​លេខ​២​ក្នុង​ពូល​ D បណ្តោះ​អាសន្ន

​​​ឆ្លងកាត់​ការ​ប្រកួត​២​ជុំ​ក្នុង​ពូល​D៖ ក្រូអាត​ឈរ​នៅ​លេខ​១ មាន​​៦​ពិន្ទុ នីហ្សេរីយ៉ា លេខ​២ មាន​៣​ពិន្ទុ អ៊ីស្លង់ និង អាហ្សង់ទីន ឈរ​នៅ​លេខ​៣ និង លេខ​៤​រៀង​គ្នា​ ដោយ​មាន​១​ពិន្ទុ​ដូច​គ្នា។

ខាង​ក្រោម​នេះ គឺ​ជា​លក្ខខណ្ឌ​ដាច់ខាត​២​យ៉ាង​​​​ដែល​អាហ្សង់ទីន​អាច​ឡើង​ទៅ​វគ្គ​បន្ត ដែល​នឹង​ត្រូវ​កាត់​សេចក្ដី​នៅ​ជុំ​ទី​៣៖​​

លក្ខខណ្ឌ​ទី​១៖ ​អាហ្សង់ទីន ត្រូវ​ឈ្នះ​ នីហ្សេរីយ៉ា​ដាច់​ខាត ហើយ អ៊ីស្លង់ ត្រូវ​​ចាញ់​ ឬ ស្មើ​ក្រូអាត

បើ​អ៊ីស្លង់​ចាញ់ តារាង​ពិន្ទុ​នឹង​ប្រែប្រួល​គឺ ក្រូអាត​៩​ពិន្ទុ អាហ្សង់ទីន​៤​ពិន្ទុ នីហ្សេរីយ៉ា​៣​ពិន្ទុ អ៊ីស្លង់​១​ពិន្ទុ។ បើ​អ៊ីស្លង់​ស្មើ តារាង​​ក្នុង​ពូល​ D ពី​លេខ​១​ដល់​លេខ​៤​ក៏​មិន​ប្រែប្រួល​ដែរ ពោល​គឺ ក្រូអាត និង អាហ្សង់ទីន​នឹង​ដឹកដៃ​គ្នា​ទៅ​វគ្គ​បន្ត។​

លក្ខខណ្ឌ​ទី​២៖ បើ​អ៊ីស្លង់​ឈ្នះ​ក្រូអាត ហើយ អាហ្សង់ទីន​ឈ្នះ​នីហ្សេរីយ៉ា

ខ្សែការពារអាហ្សង់ទីន Nicolas Otamendi បាន​ប៉ះ​ទង្គិច​ជាមួយខ្សែបម្រើ Luka Modric និង Ivan Rakitic របស់​ក្រូអាត

លក្ខខណ្ឌ​នេះ អ៊ីស្លង់ និង អាហ្សង់ទីន​​ មាន​៤​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ខុស​គ្រាប់​ស៊ុត។ បច្ចុប្បន្ន​អាហ្សង់ទីន​ជា​ក្រុម​បាត​តារាង​ក្នុង​ពូល​D ដោយ​ជំពាក់​គ្រាប់​ស៊ុត​ចំនួន ៣ គ្រាប់ ខណៈ​អ៊ីស្លង់​​ជំពាក់​គ្រាប់​ស៊ុត​តែ​២​គ្រាប់។ ដូច្នេះ ​ក្នុង​ន័យ​នេះ ​អាហ្សង់ទីន​អាច​ឡើង​ទៅ​វគ្គ​បន្ត​​បាន​លុះ​ត្រា​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​អ៊ីស្លង់​​យ៉ាង​ហោច​ណាស់​១​គ្រាប់។ ឧទាហរណ៍ បើ​អ៊ីស្លង់​យក​ឈ្នះ​ក្រូអាត ១-០ អាហ្សង់ទីន ដាច់​ខាត​ត្រូវ​ឈ្នះ​នីហ្សេរីយ៉ា ២-០៕

វីដេអូ​ហាយឡាយ​រវាង នីហ្សេរីយ៉ា និង អ៊ីស្លង់៖

អត្ថបទ៖ សុខ លាងហ៊ត