ស្ត្រីខ្មែរតែ១គត់ បោះបង់ជំនាញការងារក្រៅប្រទេស រត់មករកស៊ីច្នៃម៉ូតចង្កៀងលក់ (វីដេអូ)

  • 2018-06-25 04:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​អ្នក​ជំនួញ​វ័យ​ក្មេង​ អ្នកនាង រី ថានី ដែលចាប់របរច្នៃម៉ូតចង្កៀងលក់ដំបូងគេនៅខេត្តសៀមរាប បានពង្រីកខ្លួនជាសិប្បកម្មធំមួយឈ្មោះថា Norea Decor Product មាន​លក់ផលិតផលគ្រឿង​បរិក្ខារ​ជា​ច្រើន​ប្រភេទ ចង្កៀង​ អំពូល ខ្នើយ វាំងនន គ្រឿង​សា​ឡុង ផលិត​ដោយ​ដៃ សម្រាប់​តុបតែង​ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន និង​បន្ទប់​គ្រប់​ប្រភេទ ទាំង​បែប​បុរាណ និង​សម័យ​។

អ្នកនាង រី ថានី

​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ថ្ងៃ​នេះ​ ថានី ក៏មាន​ខ្សែ​ជីវិត​កម្សត់​ទាំង​វ័យ​ក្មេង ​​ដែលត្រូវ​បាត់​បង់​ម្ដាយ​ ត្រូវ​ដើរ​រក​លុយ​ដើម្បី​រៀន​ និង​តស៊ូ​ជម្នះ​ពាក្យ​ប្រមាថ​ទាំង​ទឹក​ភ្នែក​។ តទៅ​នេះ ​សូម​តាម​ប្រវត្តិ​សង្ខេប​ខ្លះ​ៗ ​អ្នក​នាង​ រី ថានី បាន​ពុះ​ពារ​រហូត​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​អាច​ជួយ​លើក​ជីវភាព​ស្ត្រី​មេផ្ទះ និង​​យុវជន​ពេញ​កម្លាំង​ដែល​​ផ្នែក​សំខាន់​មួយ​ក្នុង​សសរស្ដម្ភសេដ្ឋកិច្ច។​​​​

  • ជាស្ត្រីខ្មែរតែមួយគត់​ ជាប់ជាបុគ្គលធ្វើការក្រុមហ៊ុន​លំដាប់នៅក្រៅប្រទេស

ទាក់ទិន​នឹង​​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថានី​​ ជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា ថែម​ទាំង​មាន​ឱកាស​​បានធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ដែល​ជាប់​ជា​បុគ្គលិក​ស្រី​ផ្នែក​ទីផ្សារ​​តែ​ម្នាក់​គត់រើស​ពី​កម្ពុជាក្នុង​ការ​ប្រកួត​ប្រជែង​​កម្មវិធី​ជ្រើសរើស​លំដាប់​ថ្នាក់​អន្តរជាតិ​​របស់​ AIESEC ​ ខណៈ​ប្រទេស​​ទាំង​៩ទៀត​ក្នុង​តំបន់​អាស៊ាន ​សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​​​។ ​

ការងារ​ស្រុក​គេ​​​មិន​ស្រួល​ដូច​គិត​នោះ​ឡើយ​ គ្រាន់​តែ​ទៅ​ដល់ថ្ងៃទី១​​ភ្លាម​ត្រូវ​គេ​ដៀល​ថា «មនុស្ស​ស្រី​ធ្វើ​អី​កើត... គេ​ស្ដី​ឲ្យ​ខ្ញុំ​ចំ​ៗ​នៅ​មុខ​​អ្នក​ដទៃ»។ សម្ដី​មើល​ងាយ​ក្លាយ​ជា​​គំនុំ​ឲ្យ​ថានី​ខំប្រឹង​ទាល់​តែ​ការងារ​ជោគជ័យ​ក្នុង​ចំណោម​មនុស្ស​ប្រុស​មក​ពី​ប្រទេស​ផ្សេងៗ​។​​​​​ អាច​និយាយ​បាន​ថា​ការងារ​នេះ​មាន​ភាព​ជូរចត់​ តែ​មាន​តម្លៃ​អស្ចារ្យ​ដល់​ថានី​ ព្រោះ​មាន​ទាំង​បទ​ពិសោធ​ការងារ​យ៉ាង​ក្រាស់​ក្រែល​ ​និង​យល់​​បែប​ផែន​នៃ​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​កាន់​តែ​ជ្រៅ​​​។

  • ចាប់របរខុសពីជំនាញដែលខ្លួនមាន​

​រយៈពេល​មួយ​ឆ្នាំ ​ត្រូវ​បញ្ចប់​​កុងត្រា​ការងារ​ ថានី​ត្រឡប់​មក​ទឹកដី​កម្ពុជា​វិញ និង​នាំ​យក​ជំនាញ​ខ្លួន​ដើម្បី​ធ្វើការ​នៅ​ក្រុមហ៊ុន​លំដាប់ៗ​ ​​ចិញ្ចឹម​ជីវិត​បន្ត​។ អ្វី​ដែល​ធ្លាប់​គិត​បែរ​ជា​​ប្រែប្រួល ថានី ស្រាប់​តែ​បោះ​ការងារ​ចំណូល​ខ្ពស់​ចោល​ ហើយ​មក​ងាក​​ចាប់​របរ​ធ្វើ​ចង្កៀង​លក់​ ខុស​ជំនាញ​ដែល​ខ្លួន​មាន និង​បាន​សិក្សា​​ទាំង​ស្រុង។​​

ទីតាំងលក់គ្រឿងសង្ហារឹម ខេត្តសៀមរាប

កាល​គ្រា​នោះ​ ថានី​ដើរ​លេង​នៅ​ខេត្ត​សៀមរាប ​ស្រាប់​តែ​ដក់​ចិត្ត​នឹង​ភ្លើង​ចង្កៀង​ភ្ជួរ​នៅ​ផ្សារ​រាត្រី ហើយ​ការ​ទាញ​ប៊ិច​មក​គូរ​ច្នៃ​ម៉ូត​លេង​ រហូត​សុំ​មិត្ត​ភក្តិ​ឲ្យ​ជួយ​ទិញ​ស្នាដៃ​ដំបូង​របស់​ខ្លួន។ យុវតី​កាត់​៤ សាសន៍​រូប​នេះ​ហាក់​ជាប់ចិត្ត​នឹង​របរ​ធ្វើ​ចង្កៀង និង​មាន​ដុង​រក​ស៊ី​ពី​កំណើត​ផង​នោះ​​ ​ក៏​ហ៊ាន​ដាច់​ចិត្ត​យក​​ប្រាក់​ខែ​ដែល​សន្សំ​ទុក​មក គួប​ផ្សំ​នឹង​ជំនាញ​កន្លង​ ​ក៏​សម្រេច​ដើរ​​លើ​វិថី​ជំនួញ​នៅ​​ខេត្ត​សៀមរាប​ ដោយ​សម្លឹង​ឃើញ​ពី​​សក្ដានុពល​តំបន់​ទេសចរណ៍ និង​​អតិថិជន​ជា​ភ្ញៀវ​ជាតិ និង​បរទេស​ស្រាប់​ផង​ដែរ។

អ្នកនាង ថានី និងកូនស្រីនៅកណ្ដាល និងបុគ្គលិក

​មិន​តែ​ប៉ុណ្ណោះ របរ​មួយ​នេះ​ មិន​ត្រឹម​តែ​ជា​ក្ដី​ការ​ស្រឡាញ់​របស់​អ្នក​នាង​​ឡើយ​ ថែម​ទាំង​អាច​ជួយ​​ស្ត្រី​មេផ្ទះ​អាច​រក​ចំណូល​បន្ថែម​ និង​យុវជន​ពេញ​កម្លាំង​កុំ​ឲ្យ​ចំណាក​ស្រុក​ធ្វើការ​នៅ​ស្រុក​គេ​ទៀត​ផង​​។​

មូលហេតុមួយទៀតដោយសារតែ​អ្នក​នាង​​ជា​កូន​អ្នក​ភ្នំពេញ​ ពូកែ​វោហារ​សព្ទ​ចាក់​ទឹក​លិច​តាំង​តែ​ពីតូច។ ​កាល​អាយុ​ ៥ឆ្នាំ ថានី ចូលចិត្ត​ជួយ​ម្ដាយ​រកស៊ី​ស្ទើរ​គ្រប់​មុខ​របរ ​អ្វី​ដែល​ពិសេស​នោះ អ្នកនាង​ចេះ​ធ្វើ​ Marketing (ទីផ្សារ) ​តាំងនៅក្មេងខ្ចី ដែលគ្រា​នោះ ​ថានី​ ជា​អ្នក​លក់​សាំង​តាម​ផ្ទះ​ តែ​ដោយ​​ចង់​លក់​ដាច់​ ក៏​នឹក​ឃើញ​វិធីសាស្ត្រ​មួយ​ គឺ​ចាក់​សាំង​ថែម​ផ្លែ​កន្ទួត​។ ​ពេល​នោះ​ ថានី ​និយាយ​ថា​៖​ «បើ​ពូ​ចាក់​សាំង​ខ្ញុំ ២លីត្រ ខ្ញុំ​នឹង ​Free ឲ្យ​កន្ទួត​កន្លះ​កំប៉ុង​» ហើយ​ភ្ញៀវ​ក៏​ចាក់​ដល់​ទៅ​២លីត្រ​មែន ​ដែល​រឿង​នេះ​បាន​ចាក់ដោត​កុមារី​នេះ​ រហូត​បច្ចុប្បន្ន​​ក្លាយ​សហគ្រិន​វ័យ​ក្មេង​មួយ​រូប​របស់​កម្ពុជា។

  • បរាជ័យ ១០ដង មិនរុញរា តែនៅខ្លាចរឿង២យ៉ាង

​ដូច​លោក​អ្នក​ដឹង​ស្រាប់​ផង​ដែរ ​ការ​រកស៊ី​មាន​ឡើង​មាន​ចុះ​ ឯ​ថានី​ដែល​ទើប​ប្រឡូក​ដំបូង​ក្នុង​វ័យ​ ២២ឆ្នាំ ជួប​ឧបសគ្គ​អស់​លុយ​ពី​ខ្លួន​​ និង​ផ្ដើម​មាន​គំនិត​បោះ​បង់​របរ​នេះ តែ​ក៏​សួរ​ខ្លួន​ឯង​ថា៖ «បើ​បោះ​បង់ ​តើ​បុគ្គលិក​ប៉ុន្មាន​នាក់ ​ដែល​បាន​បង្វឹក​ឲ្យ​មាន​ជំនាញ​នោះ​ នឹង​ទៅ​ជា​យ៉ាង​ណា? … ​ខ្ញុំ​សម្រេច​ចិត្ត​បន្ត​ បើ​ទោះ​សល់​​​​​​​​​​ ​ប្រាក់​​ត្រឹម​តែ​ ៤០០០​រៀល​សម្រាប់​ញាំ​បាយ​ក៏​ដោយ​»។

ទម្រាំ​ឈរ​ជើង​​មក​ទល់​​សព្វ​ថ្ងៃនេះ​ សហគ្រិន​វ័យ ២៨ឆ្នាំ បាន​ហែរ​ឆ្លង​បញ្ហា​បរាជ័យ​ក្នុង​ការ​រក​ស៊ី ​មិន​ក្រោម​ ១០ដង​ឡើយ ហើយដើរ​ដល់​ចំណុច​នេះ ​ថានី​លែង​មាន​គំនិត​ចុះចាញ់​ដូច​មុន ថែម​ទាំង​មាន​ចិត្ត​តស៊ូ​ទ្វេ​ដង។ ទោះ​បែប​ណាក្ដី ភាព​ភ័យ​ខ្លាច​​ ​ក្នុង​នាម​ជា​អ្នក​រកស៊ី​នៅ​តែ​មាន​​ តួយ៉ាង​បញ្ហា​​ធនធានមនុស្ស​ និង​ដើម​ទុន ​​​។ ចង់​ដឹង​ថា​ សហគ្រិនស្រ្តី ដាក់ថ្នាំអ្វី ដើម្បី​បំបាត់​ភាព​ភ័យ​នូវ​បញ្ហា​ស្នូល​ក្នុង​ការ​អាជីវកម្ម​ ​សួម​តាម​ដាន​វីដេអូ​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ស៊ិន សាវ៉េត