ងាកមកមើលការងារសង្គម និងសិល្បៈរបស់ VJ អារីយ៉ា មុនពេលធ្លាក់ខ្លួនឈឺ
- 2018-06-26 02:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាកមកមើលការងារសង្គម និងសិល្បៈរបស់ VJ អារីយ៉ា មុនពេលធ្លាក់ខ្លួនឈឺ
ចន្លោះមិនឃើញ
ព័ត៌មានជុំវិញការធ្លាក់ខ្លួនឈឺ របស់តារាសម្ដែង និងពិធីការិនី VJ អារីយ៉ា បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងមហាជន និងក្នុងចង្កោមអ្នកសិល្បៈ។ ត្បិតជាតារាដែលនិយមលេងសិចស៊ីមិនចាញ់បរទេស ប៉ុន្តែមុនធ្លាក់ខ្លួនឈឺរហូតចូលសង្គ្រោះបន្ទាន់គួរឲ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែ។
ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ អាលីយ៉ា ធ្លាប់បានផ្ដើមគំនិតក្នុងប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់សិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន ។ ជាមួយគ្នានោះ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខ វីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
អ្វីដែលមហាជនកាន់តែដោតសរសើរអំពីទឹកចិត្តនាងគឺក្នុងអំឡុងខែ កក្កដាឆ្នាំ២០១២ នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ នៅសាលមហោស្រពចតុមុខ មាន ឈ្មោះថា «តន្ត្រីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា»។
ជាមួយការងារមនុស្សធម៌នេះនាងក៏តែងតែចូលរួមសកម្មភាពជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។
មុនពេលបាត់មុខសិល្បៈ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ ២០១៦ តារាស្រីរូបនេះធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។
ជីវិតនាងចាប់ផ្តើមប្រែប្រួលក្រោយពីរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេលជាង២ឆ្នាំមកហើយ ហើយពេលនេះនាងនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ក្រៅពីរងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ នាងក៏ត្រូវបានគេរំលោភយកហាងលក់សម្លៀកបំពាក់ បូករួមទាំងសម្ភារៈក្នុងហាងជាច្រើន រហូតធ្វើឲ្យនាងកាន់តែបាត់បង់អស់ទីពឹងមួយផ្នែកធំ។
ទោះបែបនេះក្តី តារាស្រីរូបនេះក៏នៅតែប្រឹងប្រែងបន្តសកម្មភាពសិល្បៈនិងធ្វើខ្លួនជាមនុស្សរឹងមាំម្នាក់ ដោយមិនចុះចាញ់នឹងវិបត្តិផ្លូវចិត្ត និងការមាក់ងាយជាច្រើន។ ប៉ុន្តែការប្រឹងប្រែងរបស់នាងកន្លងមក ហាក់មិនអាចទប់ទល់នឹងរឿងរ៉ាវជាច្រើនបន្តបន្ទាប់។
ការខ្វះខាតមុខក្រោយ ជំងឺផ្លូវចិត្ត បានរុញច្រានឲ្យជីវិតនាងកាន់តែដុនដាប រហូតធ្លាក់ខ្លួនឈឺស្វិតដៃជើង និងជំងឺរលាកទងសួតកាន់តែខ្លាំង រហូតនាងសុខចិត្តរស់នៅក្នុងទីស្ងប់ស្ងាត់ មិនភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។
អាលីយ៉ា នៅតែសង្ឃឹមថា យុត្តិធម៌នឹងមិននៅឆ្ងាយពីនាងនោះទេ ហើយនាងក៏ជឿដែរថា ទេវតាពិតជាមានភ្នែកមើលឃើញពីទុក្ខលំបាករបស់នាង ផ្ដល់ឲ្យនាងនូវពន្លឺជីវិតវិញជាថ្មីនៅថ្ងៃខាងមុខ។
បច្ចុប្បន្ននាង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទាំងរាងកាយស្គមស្គាំងព្រោះជំងឺសួតរ៉ាំរ៉ៃ និងគ្មានប្រាក់សូម្បីមួយរៀលជាប់ខ្លួន។ ដំណឹងនេះបានធ្វើឲ្យមិត្តសិល្បករ និងសប្បុរសជនជាច្រើន មានការសង្វេគជាខ្លាំង ហើយបានចុះសួរសុខទុក្ខ និងផ្ដល់ថវិកាមួយតាមលទ្ធភាពជាបន្តបន្ទាប់៕