អ្នក​វិភាគ​បង្ហើប​តម្លៃ iPhone ​ក្បាល​ឆក​ទាំង​បី​ ចេញ​ឆ្នាំ​ ២០១៨

  • 2018-06-27 03:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​វិភាគ​កំពូល​មួយ​រូប​របស់​ធានា​​​បណ្ដាក់​ទុន​ល្បី​ឈ្មោះ Morgan Stanley បាន​​វិភាគ​ពី​តម្លៃ​ iPhone បី​ម៉ូដែល​ដែល​ត្រៀម​ចេញ​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ។

អ្នក​វិភាគ​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ iPhone ដែល​ប្រើ​អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​ ។ ចំណែក​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ​ ខណៈ​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​មាន​តម្លៃ​​ចន្លោះ​ពី​ ៦៩៩ ទៅ ៧៦៩ ដុល្លារ

ជា​មួយ​តម្លៃ​លក់​នេះ​​ តម្លៃ​លក់​ជា​មធ្យម​នៃ​ iPhone មួយ​គ្រឿង​ នឹង​ត្រូវ​ធ្លាក់​ចុះ ឬ កើន​ឡើង​ ២% ផ្អែក​លើ​​ចំនួន​លក់​របស់​ Apple។

ក្នុង​ករណី​ដែល​អាក្រក់​បំផុត​នោះ (អាក្រក់​​សម្រាប់​អតិថិជន) អ្នក​វិភាគ​ដដែល​នេះ​បាន​វិភាគ​ថា​ iPhone អេក្រង់​ ៦,៥ អ៊ីញ​នឹង​មាន​តម្លៃ​ចាប់​ពី​ ១០៩៩ ដុល្លារ , iPhone អេក្រង់​ ៥,៨ អ៊ីញ​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ និង iPhone អេក្រង់​ ៦,១ អ៊ីញ​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ ។ នេះ​មាន​ន័យ​ថា​តម្លៃ​លក់​ជា​មធ្យម​នៃ​ iPhone មួយ​គ្រឿង នឹង​អាច​​កើន​ឡើង ៧,២%។ ប៉ុន្តែ​មាន​ភាគ​រយ​តិច​ដែល​ Apple ត្រូវ​ដំឡើង​តម្លៃ​ iPhone ឲ្យ​​កាន់​តែ​ថ្លៃ​ជាង​មុន​បែប​នេះ។

​គួរ​ដឹង​ថា​​​​តម្លៃ​លក់​ជា​មធ្យម​នៃ​ iPhone មួយ​គ្រឿង​​បាន​កើន​ឡើង​ខ្ពស់​បំផុត​ដល់​ ៦៥២ ដុល្លារ នៅ​ឆ្នាំ​ ២០១៧ ដោយ​សារ​វត្តមាន​ iPhone X ដែល​ជា​ iPhone ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង