Galaxy Note9 ត្រៀម​ប្រកាស​ខែ​ក្រោយ សមត្ថភាព​មិន​ធម្មតា​

  • 2018-07-01 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បាន​ចាប់​កាន់​ Galaxy Note9 ដំបូង​គេ​ឈ្មោះ​ Eldar Murtazin ដែល​ជា​អ្នក​ជំនាញ​ជើង​ចាស់​មួយ​រូប​នៅ​ក្នុង​សហគ្រាស​ស្មាតហ្វូន​ បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ចំណុច​ពិសេស​របស់​ស្មាតហ្វូន​ដែល​ត្រៀម​ប្រកាស​ចេញ​នៅ​ខែ​សីហា​ខាង​មុខ។

រូបរាង​របស់​ Galaxy Note9 គឺ​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង​ Galaxy Note8 ដោយ​ខុស​គ្នា​នៅ​ផ្នែក​ខាង​ក្រោយ​បន្តិច។ Galaxy Note9 បាន​រំកិល​ទ្រនាប់​ស្កេន​មក​ដាក់​នៅ​ខាង​ក្រោម​បង្គំ​កាមេរ៉ា​ភ្លោះ​វិញ ដើម្បី​ជៀសវាង​ការ​ប៉ះ​កាមេរ៉ា​ ពេល​ចង់​ស្កេន​ម្រាម​ដៃ។

បន្ថែម​ពី​នេះ Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note8 បន្តិច​ ដោយ​មាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAh។ Eldar បាន​បញ្ជាក់​ថា​ថ្ម​របស់ Note9 អាច​ប្រើ​បាន​​ ១ ទៅ ២ ថ្ងៃ សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន​ ២៣ ទៅ ២៥ ម៉ោង​ឯណោះ។

​​Note9 អាច​នឹង​មាន​ប្រើ​បន្ទះ​ឈីប​ Exynos ថ្មី​ ដោយ​លោក Eldar បាន​បញ្ជាក់​ថា​​​ស្មាតហ្វូន​នេះ​មាន​ដំណើរ​ការ​លឿន​ជាង​មុន។ និយាយ​ពី​ RAM វិញ​ មាន​ទំហំ​ ៦ GB/មេមូរី ១២៨ GB និង​មាន​ប្រភេទ​ RAM ៨ GB អម​នឹង​មេមូរី​ទំហំ​ ២៥៦ GB និង ៥១២ GB ទៀត​ផង។

ចំណែក​កាមេរ៉ា​វិញ​ លោក Eldar មិន​បាន​និយាយ​អ្វី​ច្រើន​អំពី​វា​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​មាន​សមត្ថភាព​ទប់​លំនឹង​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

អេក្រង់​របស់​ Note9 មាន​​សមត្ថភាព​បង្ហាញ​រូបភាព​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ប្រសើរ​ជាង​មុន ដែល​មាន​ន័យ​ថា​ផ្ទាំង​អេក្រង់​របស់​វា​មាន​ពន្លឺ​ភ្លឺ​ជាង​មុន។ ត្បិត​ថា​ដំណឹង​ទាំង​នេះ​បាន​មក​ពី​ប្រភព​គួរ​ទុក​ចិត្ត ប៉ុន្តែ​រង់​ចាំ​មើល​ការ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​ ទាំង​អស់​គ្នា ពី​ចំណុច​ពិសេស​របស់​ Galaxy Note9៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង