ប្រទះ​ឃើញ​ចន្លោះ​ប្រហោង​ថ្មី​លើ Facebook សំណាង​រក​ឃើញទាន់

  • 2018-07-02 00:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​អាស្រូវ​របស់ Cambridge Analytica ធ្លាប់​បាន​ធ្វើ​ឲ្យ​ CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg ប្រកាស​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ពី​ការ​បែក​ធ្លាយ​ទិន្នន័យ​គណនី​អ្នក​ប្រើប្រាស់​ប្រមាណ ៥០ លាន​គណនី ប៉ុន្តែ​រឿងរ៉ាវ​ថ្មី​មួយ​ផ្សេង​ទៀត​ក៏​កំពុង​តែ​រង្គោះរង្គើ ដោយ Hacker បាន​រក​ឃើញ​ថា​ប្រភេទ Quiz App ឲ្យ​ឈ្មោះ NameTests ក៏​ជា​ចន្លោះ​ប្រហោង​ស្រដៀង​គ្នា ដែល​អាច​ធ្វើ​ឲ្យ​ជន​ទី​បី​អាច​ប្រមូល​បាន​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

រូបតំណាងគេហទំព័រ NameTest

ចន្លោះ​ប្រហោង​នេះ​រក​ឃើញ​ដោយ **Inti De Ceukelaire** ហើយ​បាន​បង្ហោះ​ពី​វីដេអូ​ដំណើរការ ដោយ​លោក​កត់​សម្គាល់​ឃើញ​ថា​ប្រសិន​អ្នក​បាន Log In គណនី​ចូល​ប្រើប្រាស់​កម្មវិធី NameTests នោះ​រាល់​ទិន្នន័យ​ទាំង​អំបាលម៉ាន​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​កូដ Javascript ពោល​គឺ​អាច​ឆែក​មើល​បាន​ដោយ​ងាយ​ពី​សំណាក់​បុគ្គល​ដទៃ។

ជុំវិញ​បញ្ហា​នេះ De Ceukelaire ក៏​ធ្លាប់​រាយការណ៍​ទៅ​កាន់ Facebook តាម​រយៈ​កម្មវិធី Data Abuse Bounty Program ដោយ​ប្រាប់​ពី​បញ្ហា​កើត​មាន​លើ NameTests កាល​ពី​ថ្ងៃ​ទី ២២ ​មេសា រហូត​រង់ចាំ​ដល់​ថ្ងៃ​ទី ២៥ ​មិថុនា ទើប​លោក​កត់​សម្គាល់​ឃើញ​ថា​មាន​ការ​ផ្អាក​ដំណើរការ​លួច​យក​ទិន្នន័យ​ពី​ប្រភព​កម្មវិធី​នោះ។ ឆ្លង​កាត់​កិច្ច​ខិតខំ​ប្រឹងប្រែង Facebook បាន​ធ្វើ​តាម​សំណូមពរ​របស់ De Ceukelaire តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​រង្វាន់ ៨ ០០០ ដុល្លារ​ ឲ្យ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល Freedom of the Press Foundation

ទស្សនាវីដេអូ:

ផ្អែក​តាម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត្ណិ​កន្លង​ទៅ Facebook បាន​បញ្ជាក់​ថា​បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ដោយ​ក្រុមហ៊ុន​បង្កើត NameTest ឲ្យ​ឈ្មោះ Social Sweethearts និង​អរគុណ​ជា​ពន់ពេក​ដល់​ការ​រាយការណ៍​របស់ De Ceukelaire។

បញ្ជាក់​ថា NameTests ជា​ប្រភេទ​គេហទំព័រ​កម្សាន្ត​មួយ បង្ហាញ​ពី​ការ​ទស្សន៍ទាយ​ជោគវាសនា​ឬ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ចាប់​លទ្ធផល Random ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ត្រូវ Log In ប្រើប្រាស់​តាម​រយៈ​គណនី Facebook ជាមុនសិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា