យុវតី​កម្ពុជា​២​រូប​មាន​មហិច្ឆតា​ច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​ក្លាយ​ជា​ថ្នល់​កៅស៊ូ​​​ប្រណីត

  • 2018-07-08 07:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "ទីក្រុង​គុជអាស៊ី" ដែល​មាន​ស្ថាបត្យកម្ម​សំណង់​ល្អ​ឯក​ សួនច្បារ ដើមឈើ និង​ជា​​ប្រទេស​រីក​ចម្រើន​​មួយ​​​ក្នុង​តំបន់​ បន្ទាប់​ពី​សម័យ​​អាណានិគម។ ប៉ុន្តែ​​បច្ចុប្បន្ន​គំនរ​ចាក់​សំរាម​នៃ​​ទីក្រុង​មួយ​នេះ​បាន​ក្លាយ​ទៅ​ជា​កូន​ភ្នំ​គ្រប​ដណ្ដប់​លើ​ដី​រាប់​ហិចតា។

សុខកញ្ញា និង ប៊ុនហឿង អំឡុង​ការ​ប្រកួត​ពាណិជ្ជកម្មមេគង្គ

យ៉ាង​ណា ថ្ងៃ​ណា​មួយ​គេ​នឹង​ឃើញ​សំរាម​ទាំង​នោះ​ក្លាយ​ទៅ​​ជា​ផ្លូវ​ថ្នល់​ដ៏​ស្រស់​ស្អាត ​ប្រសិន​បើ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ​ចាប់អារម្មណ៍​នឹង​​សំណើ​របស់​និស្សិត​​​ស្រី​កម្ពុជា​២​នាក់​​ គឺ​​យុវតី លី សុខកញ្ញា និង យុវតី តាន់​ ប៊ុនហឿង។ ពួក​គេ​មាន​​គម្រោង​ច្នៃ​បង្កើត​បៃតង​ដែល​អាច​ធ្វើ​ឱ្យ​កាកសំណល់​ប្លាស្ទិក​ទៅ​ជា​ផ្លូវ​ថ្នល់​ដែល​​មាន​គុណភាព​ល្អ​ប្រសើរ និង ចំណាយ​តិច​ជាង​មុន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​សិង្ហបុរី Channel News Asia ទើប​បាន​ចុះ​ផ្សាយ​ថ្ងៃ​នេះ។

យុវតី​វ័យ​២១​ឆ្នាំ​ទាំង​២​រូប​ បាន​ចាប់​ដៃ​គ្នា​បង្កើត​សហគ្រិន​បង្កើត​ថ្មី​កាល​ពី​ឆ្នាំ​២០១៦ ឈ្មោះ​ថា Eco-Plastic ដើម្បី​ផ្លាស់ប្ដូរ​សំរាម​ទៅ​ជា​ផ្លូវថ្នល់។ សុខកញ្ញា ​ជា​និស្សិត​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ និង ជា​អ្នក​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បាត់ដំបង។ ចំណែក​កញ្ញា​ តាន់​ ប៊ុនហឿង មាន​កំណើត​ពី​ខេត្ត​សៀមរាប និង កំពុង​សិក្សា​​មុខវិជ្ជា​ការ​គ្រប់គ្រង​អាជីវកម្ម​នៅ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ។

សហគ្រិន​វ័យ​ក្មេង​ទាំង​២​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ស្រាវជ្រាវពី​វិធី​ដែល​អាច​​ច្នៃ​បង្កើត​ "នរក​ប្លាស្ទិក" ទៅ​ជា ផលិត​ផល​បៃតង។ ​

​​​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ពួក​គេ​បាន​នាំ​ឱ្យ​មាន​ការ​បង្កើត PAC - Plastic Asphalt Concrete ជា​ការ​ផ្សំ​ចូល​គ្នា​នៃសំណល់ប្លាស្ទិច និង កៅស៊ូ​ក្រាល​ថ្នល់ ដែល​ជា​ល្បាយ​ខ្មៅ​នៃ​អ៉ីដ្រូកាបូន សម្រាប់​ក្រាល​ថ្នល់។ ភាព​ខុស​គ្នា​រវាង PAC និង ថ្នល់​កៅស៊ូ​ នៅ​ត្រង់ PAC ចំណាយ​តិច​ជាង​មុន​ ការ​ផលិត​ផ្លូវ​ថ្នល់​រឹង​មាំ និង ប្រើ​បាន​យូរ។

ទិន្នន័យ​ពី​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ផលិត​កាកសំណល់​ជាង ៤ ០០០ តោន​ក្នុង​មួយ​ថ្ងៃ។ គ្រាន់​តែ​ភ្នំពេញ កាក​សំណល់​មាន​ដល់​ទៅ​ជាង ២ ០០០ តោន​ក្នុង​១​ថ្ងៃ។ ប្រភព​ខាង​លើ​បន្ត។

ថ្មីៗនេះ​យុវតី​ទាំង​២​រូប​ដែល​មាន​កំណើត​មក​ពី​ខេត្ត​សក្ដានុពល​បំផុត​របស់​កម្ពុជា បាន​ឈ្នះ​មេដាយ​ប្រាក់​នៅ​ក្នុង​ការ​ប្រកួត​ពាណិជ្ជកម្ម​តំបន់​មេគង្គ​​នៅ​ប្រទេស​ប៊ុយតាន។ កាល​ពី​ខែ​ឧសភា​ពួកគេ​បាន​ទទួល​ការ​ផ្តល់​កិត្តិយស​នៅ​ឯ​​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​គំរូ​អន្តរជាតិ​ឆ្នាំ ២០១៨ នៅ​រដ្ឋ​យូថាហ៍​សហរដ្ឋអាមេរិក បន្ទាប់​ពី​គម្រោង Eco-Plastic របស់​ពួកគេ​ជាប់​ក្នុង​ចំណោម​ Top 10 ជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​របស់​អាជីវកម្ម​បង្កើត​ថ្មី​ទូទាំង​សកលលោក​របស់​​ក្រុម​និស្សិត​រាប់ពាន់​មក​ពី​ជុំវិញ​ពិភពលោក។

ប៊ុនហឿង និង សុខកញ្ញា នៅ​ឯ​​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​គំរូ​អន្តរជាតិ​​សហរដ្ឋអាមេរិក

សុខកញ្ញា​បាន​និយាយ​ថា ៖"ជំហាន​បន្ទាប់​របស់​​យើង​គឺ​ការ​ស្រាវជ្រាវ និង អភិវឌ្ឍន៍។ យើង​កំពុង​ស្រាវជ្រាវ​រក​វត្ថុធាតុដើម​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​របស់​យើង​កាន់​តែ​ពិសេស ចំណាយ​តិច និង ដំណើរ​ការ​ដោយ​រលូន"។ ប្រភព​ខាង​លើ​បន្ថែម។

យុវតី​ទាំង​២​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​​អភិវឌ្ឍ​ផលិតផល​របស់​ពួកគេ និង ជួយ​បរិស្ថាន។ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក៏​បាន​​ផ្តល់​ឲ្យ​ពួកគេ​នូវ​ "ការ​គាំទ្រ​យ៉ាង​ខ្លាំង"​ ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​ផលិតផល​របស់​ពួកគេ។ ប៉ុន្តែ​កញ្ញា​ទាំង​២​បាន​និយាយ​ថា ពួក​គេ​នៅ​តែ​ជួប​​​បញ្ហា​ប្រឈម ដោយ​សារ​តែ​ខ្វះ​ឱកាស​វិនិយោគ​ក្នុង​ស្រុក ជំនាញ​បច្ចេកទេស​​មាន​កំណត់ និង សម្ភារៈ​​បរិក្ខារ​សម្រាប់​ពិសោធ​​មិន​គ្រប់គ្រាន់៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម