បណ្ដាំគ្រូ៖ បើគិតថាខ្លួនខ្សោយគណិតវិទ្យា ពេលប្រឡងគួរអនុវត្តរឿង៥យ៉ាងនេះ
- 2018-07-09 08:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាំគ្រូ៖ បើគិតថាខ្លួនខ្សោយគណិតវិទ្យា ពេលប្រឡងគួរអនុវត្តរឿង៥យ៉ាងនេះ
ចន្លោះមិនឃើញ
គណិតវិទ្យា ជាមុខវិជ្ជាដែលពិបាកយកពិន្ទុពេញ រហូតដល់ ១២៥ពិន្ទុ សម្រាប់ថ្នាក់វិទ្យសាស្ត្រ និង ៧៥ពិន្ទុសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទន្ទឹមនឹងនេះ លោក រ៉ន សារិទ្ធ គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានផ្ដល់សម្ភាសន៍ ដល់ Sabay ណែនាំដល់សិស្សគួរតែអនុវត្តដំបូន្មានសំខាន់ៗឲ្យបានខ្ជាប់ខ្ជួននៅពេលការប្រឡងបាក់ឌុប ដែលកំពុងរំកិលជិតមកដល់ឆាប់នេះ។
បើសិស្សដឹងថាខ្លួន មិនសូវពូកែមុខវិជ្ជាគិតលេខឬគណិតវិទ្យា ចំណុចទាំង ៥ខាងក្រោមនេះ អាចជួយពង្រឹងស្មារតីដល់សិស្ស នៅពេលកំពុងប្រឡងបានខ្លះ៖
១. កុំភ័យ
នៅពេលដែលសិស្សចូលក្នុងបន្ទប់ប្រឡងភ្លាម គួរតែអង្គុយសម្រួលអារម្មណ៍ឲ្យមូល។ ពេលឮសម្លេងជួងទី១ គ្រូអនុរក្សនឹងប្រាប់ឲ្យសិស្សរៀបចំបំពេញឈ្មោះ និងផ្សេងៗនៅលើសន្លឹកកិច្ចការ ក៏ដូចជាក្រដាសព្រាងជាដើម សិស្សត្រូវតែបំពេញឲ្យមានរបៀប និងគ្រប់ជ្រុងជ្រោយទាំងអស់។
បន្ទាប់ពីប្រមូលអារម្មណ៍បានមូលហើយ សិស្សអាចឆ្លៀតសរសេររូបមន្ត ឬអ្វីដែលខ្លួនបានចាំ ពាក់ព័ន្ធនឹងមេរៀននៅលើក្រដាសព្រាងទុកឲ្យហើយ ក្រែងពេលធ្វើលំហាត់អាចនឹងភ្លេចភ្លាំង។ បញ្ជាក់នៅចំណុចនេះ សិស្សត្រូវប្រាប់គ្រូអនុរក្សជាមុន ដើម្បីកុំឲ្យមានការភ័ន្តច្រឡំបន្លំប្រូយ៉ុង។
២. កុំស្រវ៉ាធ្វើលំហាត់ពិន្ទុច្រើន
ពេលគ្រូបន្ទប់ចែកវិញ្ញាសារប្រឡងដល់ដៃ សិស្សគួរតែមើលលំហាត់ទាំងនោះឲ្យចប់អស់ និងគិតថាលំហាត់ណាដែលខ្លួនចេះ ហើយអាចធ្វើបាន។ ប៉ុន្តែបើគិតថាខ្លួនអាចធ្វើបានច្រើនលំហាត់ គួរតែពិនិត្យមើលពិន្ទុណាដែលច្រើនជាងគេ សឹមធ្វើវាមុនគេ។ យ៉ាងណា សូមកុំស្រវ៉ាធ្វើលំហាត់ដែលមានពិន្ទុខ្ពស់ ហើយសំណួរច្រើន តួយ៉ាង លំហាត់អនុគមន៍ ជាដើម។
៣. កុំចំណាយពេលគិតលំហាត់តូចៗលើសពី ៥នាទី
លំហាត់តូចៗ អាចមានពិន្ទុចាប់ ១០ ទៅ ១៥ពិន្ទុ ហេតុនេះ សិស្សត្រូវតែពាក់នាឡិកា (មិនមែននាឡិកាCasio) ដើម្បីគ្រប់គ្រងពេលវេលាធ្វើលំហាត់។ សម្រាប់លំហាត់តូចៗ បើចាប់ផ្ដើមធ្វើហើយ តែគាំង គួរតែចំណាយពេលគិតកុំលើសពី៥នាទី បើគិតមិនចេញនោះ គួរទុកចន្លោះចោលសិន ហើយទៅធ្វើសំណួរបន្ទាប់។
៤. កុំរំលងរ៉ូម៉ាំងណាមួយឲ្យសោះ
ដាច់ខាត មិនត្រូវរំលងរ៉ូម៉ាំងលំហាត់ណាមួយឲ្យសោះ បើទោះជាមិនចេះក៏ដោយ យ៉ាងហោចណាស់ក៏ត្រូវសរសេរប្រធានលំហាត់ ឬស្រង់សម្មតិកម្មដាក់ចូលដែរ។ មួយវិញទៀត ទោះបីសិស្សដឹងថា លំហាត់នោះខុសពីថា្នក់លើមកក៏ដោយ សិស្សត្រូវតែសរសេរឲ្យបង្រ្គប់កិច្ចការទាំងនោះ ដើម្បីបានពិន្ទុបន្ថែម។
៥. កុំចេញមុនម៉ោង
សូមកុំចេញមុនម៉ោង ទោះបីធ្វើហើយទាំងអស់ក៏ដោយ ព្រោះថា សន្លឹកកិច្ចការរបស់សិស្សដែលធ្វើហើយ នឹងត្រូវដាក់នៅលើតុសិស្សដដែល។ ហេតុនេះ ដើម្បីការពារកុំឲ្យអ្នកអង្គុយជិតប៉ះពាល់ ឬមានបញ្ហាណាមួយកើតឡើងជាយថាហេតុ សិស្សគួរតែអង្គុយពិនិត្យ រហូតដល់ម៉ោងគ្រូអនុរក្សប្រមូល៕