Microsoft ទើប​ប្រកាស​ចេញ Tablet សិស្ស​ប្អូន​មួយ​ទៀត តម្លៃ​ម៉ា​អេម

  • 2018-07-10 06:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

Microsoft ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ទើប​តែ​បញ្ចេញ​ផលិត​ផល​ថ្មី​ត្រកូល Surface ដែល​មាន​ឈ្មោះ​ថា Microsoft Surface Go ដែល​នឹង​​មក​ចូូល​រួម​ជាមួយ Surface Pro, Surface Laptop និង Surface Book ជា​ Tablet កូន​កាត់​ដែល​អាច​យក​តាម​ខ្លួន​បាន។

Microsoft Surface Go គឹ​ជា​ប្រភេទ Tablet ដែល​អាច​ប្រើប្រាស់​បាន​ដូចជា​កុំព្យូទ័រ​​គឺ​ប្រៀប​ដូចជា​សិស្ស​ប្អូន​របស់ Surface Pro គ្រាន់​តែ​មាន​សមត្ថភាព​ខ្សោយ​ជាង និង​មាន​តម្លៃ​ធូរថ្លៃ​ សម​ល្មម​សម្រាប់​អ្នក​ចង់​បាន​ Table ប្រើ​ដូច​កុំព្យូទ័រ ដូច​ជា​សិស្សានុសិស្ស​ជា​ដើម។

វា​ប្រើប្រាស់​អេក្រង់​ទំហំ ១០ អុីញ​តូចជាង Microsoft Surface Pro ដែល​ប្រើប្រាស់​អេក្រង់​ទំហំ ១២,៣ អុីញ តែ​វា​ធំ​ជាង Tablet របស់​ក្រុមហ៊ុន Apple គឹ iPad ឆ្នាំ ២០១៨ ដែល​មាន​ទំហំ​អេក្រង់ ៩,៧ អុីញ។ ដោយ​ហេតុ​ថា​វា​ជា​ប្រភេទ Tablet ដែល​មាន​តម្លៃ​ទាប ដូចនេះ​ហើយ​វា​មិន​បាន​បំពាក់​មក​ជាមួយ​នឹង CPU Intel Core i ដែល​មាន​នៅ​លើ Surface Pro នោះ​ទេ ជំនួស​មក​វិញដោយ CPU ប្រភេ Intel Pentium ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង។ ប៉ុន្តែ​ បើ​អ្នកប្រើប្រាស់ Surface Go ត្រឹម​សម្រាប់​មើលវីដេអូ ប្រើ​អុីនធឺណិត និង​សម្រាប់​ឯកសារ​ការងារ​ការិយាល័យ កម្រិតត្រឹម Intel Pentium អាច​ដំណើរ​ការបាន​ល្អ​ប្រក្រតីមិន​មាន​ភាព​រអាក់​រអួល​ឡើយ។

លក្ខណៈ​សម្បត្តិ​របស់ Microsoft Surface Go៖

  • ប្រើប្រាស់ CPU ប្រភេទ Intel Pentium Gold 4415Y
  • មាន​អេក្រង់​ទំហំ ១០ អុីញ ដែល​មាន Resolution ១៨០០x១២០០
  • RAM ទំហំ ៤ GB ឬ ៨ GB
  • មាន​អង្គចងចាំ​ទំហំ ៦៤ GB ប្រភេទ eMMC និង ទំហំ ១២៨/២៥៦ GB ប្រភេទ​SSD
  • មានកាមេរ៉ាមុខ​សម្រាប់​ប្រើប្រាស់​មុខងារ Windows Hello ទំហំ ៥ មេហ្កាភិចសែល
  • កាមេរ៉ាក្រោយប្រភេទ Autofocus មាន​ទំហំ ៨ មេហ្កាភិចសែល
  • មានរន្ធ USB-C, microSD និង​រន្ធដោតកាស
  • ប្រើប្រព័ន្ធ​ប្រតិបត្តិការ Windows 10 S, Home, Pro

Microsoft Surface Go នឹង​មាន​លក់​ជាផ្លូវការ​នៅ​ថ្ងៃទី​ ២​ ខែ​សីហា​ ខាង​មុខ​នេះ ជាមួយ​នឹង​តម្លៃ​ចាប់ពី ៣៩៩ ដុល្លារ​ ឡើងទៅ ដោយ​មិន​មាន ក្ដារចុច Mouse និង​ប៊ិច​មក​ជាប់​ជាមួយ​ឡើយ ពោល​គឺ​ត្រូវ​ចំណាយ​លុយ​ទិញ​ខាង​ក្រៅ​ថែម​ទៀត។

ចុចអាន៖


ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ