Man Utd អញ្ជើញ​ក្មេងៗ និង​គ្រូ​បង្វឹក​ថៃ​ទាំង ១៣ នាក់​ទៅ Old Trafford នា​ពេល​ខាង​មុខ

  • 2018-07-10 12:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្លឹប​ Manchester United បាន​បង្ហោះ​សារ អញ្ជើញ​ក្មេងៗ និង​គ្រូ​បង្វឹក​ថៃ​ទាំង ១៣ នាក់​ដែល​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ Tham Luang មក​កីឡដ្ឋាន Old Trafford នា​ពេល​ខាង​មុខ។

ប្រភព៖ Channel News Asia

ក្លឹប​បិសាច​ក្រហម បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ខ្លួន​ថា៖ "ក្លឹប​ Manchester United មាន​អារម្មណ៍​ធូរ​ស្រាល​មែនទែន ពេល​ទទួល​ដំណឹង​ថា កីឡាករ​បាល់ទាត់​ក្មេងៗ និង​គ្រូ​បង្វឹក​របស់​ពួក​គេ ដែល​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​ប្រទេស​ថៃ មាន​សុវត្ថិភាព​ហើយ​នៅ​ពេល​នេះ។ ពួក​យើង​សូម​បួងសួង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាក់ទង​នឹង​ហេតុការណ៍​នេះ"។

ក្លឹប​ជើង​ឯក​អង់គ្លេស ២០​សម័យ​បាន​បន្ត៖ "យើង​សូម​អញ្ជើញ​ក្រុម​បាល់ទាត់ Wild Boars ក៏​ដូច​ជា​ក្រុម​អ្នក​សង្គ្រោះ​មក​កីឡដ្ឋាន Old Trafford នា​រដូវ​កាល​ខាង​មុខ​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​បាល់ទាត់​ក្មេងៗ និង​គ្រូ​បង្វឹក​ថៃ​ចំនួន ១៣ នាក់​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ Tham Luang ​អស់​រយៈ​ពេល​ជាង ២​សប្ដាហ៍។ ប្រមាណ​ជាង​មួយ​ម៉ោង​មុន​នេះ ពួក​គេ​ទាំង ១៣ នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាក​ចេញ​ដោយ​សុវត្ថិភាព​ពី​ល្អាង​ភ្នំ។

ការ​ជាប់​របស់​ពួក​គេ​ក្នុង​ល្អាង​ភ្នំ Tham Luang បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន៕

ប្រភព៖ manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី