ព័ត៌មានរូបថត៖ មានរូបថតអ្វីប្លែកសប្តាហ៍នេះ

  • 2018-07-12 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានរូបថតសប្តាហ៍នេះមានអ្វីប្លែកខុសពីសប្តាហ៍មុន! រូបក្នុងសប្តាហ៍នេះមាន រូប២សន្លឹកថតនៅខេត្តសៀមរាប ២សន្លឹកថតនៅរាជធានីភ្នំពេញ និង១សន្លឹកថតទៀតនៅ ស្រុកល្វាឯម ខេត្តកណ្តាល។

១. ដៃ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ដាក់​ទាន​ទៅ​បុរស​គ្មាន​ទី​ពឹង​ និង​ពិការ​២​នាក់​នៅ​ជិត​ព្រះអង្គ​ដង្កើ​មុខ​ព្រះ​បរម​រាជ​វាំង​ក្នុង​ថ្ងៃ​បុណ្យ​សីល​។ សម្រាប់​ពុទ្ធបរិស័ទ​នៅ​កម្ពុជា​តែង​តែ​ធ្វើ​បុណ្យ​ និង​ទាន​ជាមួយ​គ្នា។ ការ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត​អារាម​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ជីដូន​ជីតា​ដែល​ចែក​ឋាន​ទៅ​ ចំណែក​ការ​ធ្វើ​ទាន​ទៅ​មនុស្ស​ទី​ទាល់​ធ្វើ​ក្នុង​បំណង​ដើម្បី​ចង់​ជួយ​ និង​ចង់​បាន​​បុណ្យ​កុសល ​និង​សេចក្ដី​សុខ​ចម្រើន​ក្នុង​ជីវិត​​។ ​​​​​

២. នេះ​ជា​រូប​ដៃ​របស់​ពុទ្ធបរិស័ទ​កំពុង​ចាប់​សត្វ​ចាប​មក​លែង​នៅ​ព្រះអង្គ​ដង្កើ​មុខ​ព្រះ​បរម​រាជ​វាំង។ តាម​ជំនឿ​របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​រាល់​ពេល​ថ្ងៃ​បុណ្យ​ទាន​ធំ​តូច​ ឬ​ពេល​ថ្ងៃ​សីល​តែ​ង​តែ​លែង​សត្វ​បន្ទាប់​ពី​យក​ផ្កា​ឈូក ​ធូប ទៀន ទៅ​អុជ​ថ្វាយ​ព្រះ​រួច​។ ការ​លែង​សត្វ​នេះ​ពួក​គេ​យល់​ថា​ សត្វ​ទាំង​នោះ​នឹង​កាត់​គ្រោះ​កាត់​ថ្នាក់​ នាំ​លាភ​និង​សំណាង​ល្អ​ដល់​គេ​បន្ទាប់​ពី​គេ​លែង​សត្វ​នោះ​រួច។ ​​​

៣. ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​យក​​កន្សែង​រុំ​ខ្លួន​ក្រាល​ដេក​ចាំ​មើល​ទិដ្ឋភាព​ព្រះអាទិត្យ​រះ​នៅ​បរិវេណ​ខាង​មុខ​ជាប់​ស្រះ​ទឹក​ខាង​ជើង​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​។ ជា​ទូទៅ​នៅ​ទី​នេះ​ជា​រៀង​រាល់​ព្រឹក​ចន្លោះ​ពី​ម៉ោង៥​ទៅ​ម៉ោង​ ៧ព្រឹក ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ ដែល​ភាគ​ច្រើន​ភ្ញៀវ​​អន្តរជាតិ​តែង​តែ​មក​អង្គុយ​ ឈរ​ ដេក​ ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​ដោយ​ខាន​មិន​បាន​ជា​រៀង​រាល់​ថ្ងៃ​។ ​

៤. ​ភ្ញៀវ​ទេសចរ​បរទេស​ស្រី​ប្រុស​កំពុង​មើល​ស្ត្រី​ខ្មែរ​ម្នាក់​ដើរ​លក់​​​សត្វ​បំពង(ពស់​, ខ្យាដំរី, ​អាពីង, ដុកឌឿ និង​ចង្រិត) ​នៅ​ Pub Street នៅ​កណ្ដាល​ក្រុង​សៀមរាប។ នៅ​ក្នុង​រូប​មុខ​ភ្ញៀវ​បរទេស​ស្រី​ប្រុស​នេះ​ដូចជា​ឆ្ងល់​ ប្លែក​ភ្នែក ​និង​នឹក​ស្មាន​មិន​ដល់​ថា​សត្វ​ល្អិត​ទាំង​នេះ​ជា​អាហារ​ប្លែក​ និង​ពេញ​និយម​របស់​ជនជាតិ​កម្ពុជា​​។ សម្រាប់​ភ្ញៀវ​ទេសចរ​អាច​មើល​បាន​ តែ​បើ​ថត​គិត​លុយ​មួយ​ប៉ុស្តិ៍​ ០.៥០​​ដុល្លារ​ តែ​បើ​ទិញ​អាច​ថត​បាន​។

៥. លោក​យាយ​ម្នាក់​កំពុង​ដាក់​បាត​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​នៅ​ឃុំ​អរិយក្សត្រ​ ស្រុក​ល្វាឯម ​ខេត្ត​កណ្ដាល។ តាម​ទម្លាប់​របស់​អ្នក​ស្រុក​នេះ​ជា​រៀង​រាល់​ថ្ងៃ​តែង​តែ​ត្រៀម​ចង្ហាន់​សម្រាប់​រាប់​បាត​ដាក់​នៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ ព្រះ​សង្ឃ​គង់​នៅ​វត្ត​នៅ​តំបន់​នោះ​តែង​តែ​និមន្ត​បិណ្ឌ​បាត​ម្តង​ៗ​ចាប់​ពី៥​អង្គ រហូត ៣០​អង្គ​។ ​បើ​គិត​ត្រឹម​ថ្ងៃ​នេះ​​នៅ​សល់​តែ​ ១៦​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ពិធី​បុណ្យ​ចូល​វស្សា​នឹង​ចូល​មក​ដល់។ តាម​ពុទ្ធបញ្ញត្តិ ភិក្ខុសង្ឃ​សាមណេរ អ្នក​បួស​ក្នុង​ពុទ្ធសាសនា ទោះ​គង់នៅ​ទីណា​ក្តី គឺ​ត្រូវ​ប្រារព្ធ​កិច្ច​វត្ត​ប្រតិបត្តិ​ចូលកាន់​វស្សា​រយៈពេល​បី​ខែ​នៅ​រាល់​រដូវ​វស្សា​ បើ​ពុំ​នោះ​សោត​នឹង​ត្រូវ​អាបត្តិ​ទុក្កដ ឬ​មាន​ទោស​ព្រោះ​កន្លង​វិន័យ។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី