នរណាមិនល្បី! អ្នកលក់ក៏ស្រស់ស្អាត នំខេកក៏ឆ្ងាញ់ មាននៅស្រុកឈូក ខេត្តកំពត

  • 2018-07-14 02:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីវ័យក្មេង​ម្នាក់​​បាន​ផ្ដើម​លក់​នំខេក​ដំបូង​គេ​នៅ​ស្រុក​ម្ដុំផ្សារ​ឈូក​ ខេត្ត​កំពត ដែល​អ្នក​ចូល​ញុំា​តែងសរសើរ​ថា អ្នក​លក់​ស្រស់ស្អាត ហើយ​នំខេក​ក៏ឆ្ងាញ់។ ចង់​ដឹង​សម្រស់​ និង​ ការ​ធ្វើ​នំខេក​បែប​ណា​នោះ សូម​ទស្សនា​រូបភាព អមដោយ​ការរៀបរាប់​ខាង​ក្រោម​នេះ៖

សូមចុចអាន៖ អ្នកធ្វើដំណើរភាគច្រើន​ស្គាល់ទាអាំង​​ឆ្ងាញ់ ស្រុកឈូក ខេត្តកំពត តែ​ប្រវត្តិ​​កន្លែងលក់​អាច​មិនសូវដឹង

១. កញ្ញា ហ៊ុយ សម្ផស្ស វ័យ២២ឆ្នាំ ជា​ម្ចាស់​ហាង​នំខេក​ដ៏​ល្បី​មួយ​កន្លែង នៅ ផ្សារ ឈូក ស្រុក​ឈូក ខេត្ត​កំពត។ សម្ផស្ស បាន​បន្ត​មុខ​របរ​នេះ​ពី​ម្តាយ នៅ​ឆ្នាំ ២០១៥ បន្ទាប់ពី​បាន​ទៅ​រៀន​វិជ្ជា​ធ្វើ​នំខេក ពី​ម្តាយ​មីង​នៅ​ខេត្តក្រចេះ មួយ​ឆ្នាំ។ វត្ត​មាន​របស់​សម្ផស្ស បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​នៃ​ហាង​នំខេក ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​នេះ។

២. ការ​ចូល​មក​កាន់​មុខ​របរ​នេះ សម្ផស្ស​បាន​រៀបចំ​ហាង​ឱ្យស្អាតបាត​ល្អ មាន​ស្លាក​យីហោ​ច្បាស់លាស់ ពិសេស​ច្នៃ​នំ​ខេក​របស់​ខ្លួន​ឱ្យ​ឆ្ងាញ់​ជាងមុន។ សម្ផស្ស​បាន​ផលិត​នំខេក​ជាច្រើន ដើម្បី​ចែក​ជូន​ភ្ញៀវ ញាតិ មិត្ត អតិថិជន ញ៉ាំ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ឱ្យ​ពួកគេ​ជួយ​ផ្សព្វផ្សាយ​នំ​របស់នាង។ នៅ​ក្នុងហាង សម្ផស្ស​ជា​អ្នក​ទទួល​ភ្ញៀវ​ដោយ​ផ្ទាល់ ហើយ​មាន​សៀវភៅ​រូបភាព​នំខេក គ្រប់​ម៉ូត គ្រប់​ទំហំ តាម​តម្រូវការ​សម្រាប់​ភ្ញៀវ​កុម៉ង់។

៣. ការ​ផលិត​នំ​ខេក ដែល​ចាប់ផ្ដើម​ពីការ​លាយ​ម្សៅ ដុតនំ លាយប័រ រចនា​លើនំ ត្រូវ​កញ្ញា​សម្ផស្ស​ធ្វើ​ឡើង ស្ទើរ​ពេញមួយថ្ងៃ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​អតិថិជន​មក​ទិញ​យ៉ាង​ច្រើន។ ការ​ផលិត​នំ​របស់​នាង​ផ្ដោត​ជា​សំខាន់​ទៅលើ អនាម័យ រស​ជាតិ និង រចនាបថ។ នៅ​ក្នុង​រូប​នេះ សម្ផស្ស​កំពុង​ក្រឡុកប័រ ដើម្បី​យក​ទៅ​រចនា​លើ​នំខេក​របស់​នាង។

៤. ក្រៅ​ពី​ការ​ផលិត​នំខេក​ខ្នាត​ធម្មតា​ ដែល​មាន​តម្លៃ​ថ្លៃ សម្ផស្ស​បាន​ផលិត​នំខេក​តូចៗ (cup cake) សម្រាប់​លក់​ជូន​សិស្សសាលា​តូចៗ ដែល​មាន​ប្រាក់​ចាយ​តិចៗ​ផងដែរ។ នាង​ចង់​ឱ្យ​នំខេក ក្លាយ​ជានំ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួល​ទាន​បាន ដោយ​មិន​ចាំ​បាច់​មាន​កម្ម​វិធីធំ​ដុំ​ឡើយ។

៥. ចាប់​តាំងពី​នាង​ចូល​មក​ផលិតនំ និង លក់​ជំនួស​ម្ដាយ ការ​លក់​របស់​នាង​កើន​ឡើង​ពី​មួយ​ខែ​លក់​បាន​នំខេក១ រហូតដល់ មួយថ្ងៃ​លក់​បាននំខេក ១០។ ភាគ​ច្រើន​នៃ​អតិថិជន​របស់​ហាង​នំ​សម្ផស្ស គឺជា​យុវវ័យ​សិស្ស​សាលា។ នៅ​ក្នុង​រូប​នេះ សម្ផស្ស​កំពុង​ទទួល​ការ​កុម្ម៉ង់​នំ​ខេក​ពី​អតិថិជន​វ័យ​ក្មេង​របស់​នាង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា