ស្នាដៃធំៗ សម្រេចបាន របស់ឯកឧត្ដម ស៊ុន ចាន់ថុល បន្ទាប់ពីឡើងកាន់តំណែង
- 2018-07-14 03:44:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃធំៗ សម្រេចបាន របស់ឯកឧត្ដម ស៊ុន ចាន់ថុល បន្ទាប់ពីឡើងកាន់តំណែង
ចន្លោះមិនឃើញ
ជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ច្រើនឆ្នាំមកនេះ បានទទួលការគោរពស្រលាញ់ និងកោតសរសើរពីប្រជាពលរដ្ឋថា ជារដ្ឋមន្ត្រីមួយរូបសាមញ្ញ និងរួសរាយរាក់ទាក់ ព្រមទាំងមានប្រជាប្រិយភាពម្នាក់ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។ ឯកឧត្ដម ស៊ុន ចាន់ថុល កាន់តំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ តើឯកឧត្ដមមានស្នាដៃជាច្រើនអ្វីខ្លះ? ថ្លែងប្រាប់អ្នកសារព័ត៌មានឯកឧត្ដម សម្រេចបាននូវសមិទ្ធិផលធំៗដូចខាងក្រោម៖
ចុចអាន៖ មន្រ្តីជាន់ខ្ពស់ម្នាក់ថា បញ្ហាចរាចរណ៍ ជាសត្រូវធំបផុត១ ក្នុងចំណោម២ ដែលត្រូវដោះស្រាយ
- ការបើកការដ្ឋានសាងសង់ស្ពានស្ទឹងត្រង់
គម្រោងសាងសង់ស្ពានស្ទឹងត្រង់ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមទៅកាន់ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ ស្ពាននេះមានប្រវែងសរុប ១ ១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកា ចំនួន ៥៦,៩៩៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
- ផ្លូវក្រវាត់ក្រុងទី២
ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី ២ នេះ គឺភ្ជាប់ពី ស្តុបផ្សារដីហុយ ទៅផ្លូវលេខ ១០១៩ កាត់តាមផ្លូវណ័រប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់ ៧មករា ដល់ ផ្លូវជាតិលេខ ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅប្រវែង ១៧គីឡូម៉ែត្រ។
ផ្លូវខ្សែក្រវាត់ក្រុងទី ២ កំណាត់ទី ២ គ្រោងនឹងចំណាយពេលសាងសង់ ៣៦ខែ គឺគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ ខាងមុខ ខណៈផ្លូវក្រវាត់ក្រុងទី ២ កំណាត់ទី ១ គឺមហាវិថីភ្នំពេញ ហាណូយ ប្រវែង ១០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមីនា កន្លងទៅនេះ។
ផ្លូវខ្សែក្រវាត់ក្រុងទី២ ទាំង២កំណាត់ មានប្រវែងសរុបជាង ២៧គីឡូម៉ែត្រ នឹងចំណាយថវិកាសាងសង់ជាង ៧២លានដុល្លារអាមេរិក ដោយកំណាត់ទី ១ ចំណាយជាង ១០លានដុល្លារអាមេរិក និងកំណាត់ទី២ ចំណាយជាង ៦២លានដុល្លារអាមេរិក។
- ផ្លូវជាតិលេខ៥ ព្រែកក្ដាម ដល់ពោធិ៍សាត់ (៤គន្លងភ្នំពេញ-ប៉ោយប៉ែត)
ក្រោមគម្រោងឥណទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ការពង្រីកផ្លូវជាតិលេខ៥ ពីព្រែកក្ដាមទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ ២០២០ ។ គ្រោងនឹងចំណាយទឹកប្រាក់សរុប១៩ ៩៨៨ លានយេនជប៉ុន ស្មើនឹង ១៨៥ លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះត្រូវបានបែងចែកជាបីដំណាក់កាលទី១ ពីក្រុងបាត់ដំបងឆ្ពោះទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទី២ ពីព្រែកក្ដាមទៅពោធិ៍សាត់ និងទី៣ ពីពោធិ៍សាត់ទៅបាត់ដំបង និងពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត (ព្រំប្រទល់ថៃ)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira & Engineers International។
- ការពង្រីកផ្លូវជាតិលេខ៦
កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម (ចំណុចបំបែកផ្លូវជាតិលេខ៦១) ទៅ អង្គ្រង ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨កន្លងមក។ កំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងជាង ២៤៨គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាប្រមាណ ២៤៨,៨ លានដុល្លារ។ ការសាងសង់ផ្លូវនេះ ត្រូវបានបែងចែកជា២កំណាត់។ កំណាត់ទី១ ចាប់ពី ថ្នល់កែង-ស្គន់ ក្នុងខេត្តកំពង់ចាម ប្រវែង ២៨,៧២គីឡូម៉ែត្រ ត្រូវបានសាងសង់ពង្រីកទៅ ៤គន្លង។ កំណាត់ទី២ ចាប់ពី ស្គន់-អង្គ្រង (ផ្លូវ២គន្លង) ប្រវែងសរុប ២១៩,៨គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងផ្លូវដល់ ១២ម៉ែត្រ។ ក្នុងនោះ ស្គន់ ទៅស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១០២,៩គីឡូម៉ែត្រ និងចាប់ពីស្ទឹងសែន ទៅអង្គ្រង ខេត្តសៀមរាប ប្រវែង ១១៦,៩គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៦ ពីព្រែកលៀប រាជធានីភ្នំពេញ ទៅ ថ្នល់កែង ប្រវែងជាង ៤០គីឡូម៉ែត្រ ដែលពង្រីកដល់៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
- ផ្លូវពីសំឡូតទៅច្រក ៤០០ ព្រំដែនកម្ពុជា-ថៃ
ផ្លូវនេះមានប្រវែងសរុបចំនួន ៥១,៨៤០ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ សាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Guangzhou Wanna Construction Supervision Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រាក់កម្ចី សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុប ប្រមាណជាង ៣៧លានដុល្លារ ជាប្រភេទផ្លូវ DBST។ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
- ការពង្រីកផ្លូវជាតិ១១ ពីអ្នកលឿនដល់លេខ៧
គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ មានប្រវែងសរុប ៩៦.៤៨ គីឡូម៉ែត្រ ចាប់ពី អ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះត្រូវបានសម្ពោធបើកការដ្ឋានពង្រីកកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១។
ផ្លូវជាតិនេះជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្ពស់ និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រ ទៅ ១១ ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងទាំងក្រោមកំរាស់ ៦០ ស.ម មានទិសចរាចរណ៍ចំនួនពីរគន្លង (១ទៅ ១មក) បំពាក់ដោយផ្លាកសញ្ញាចរចរ គូសគំនូសចរាចរ បង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។
- ការពង្រីកផ្លូវជាតិលេខ៣
គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ នេះបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
- ផ្លូវជាតិលេខ៥៥ ដល់ច្រកថ្មដា
ផ្លូវជាតិលេខ ៥៥ ពីក្រុងពោធិ៍សាត់ទៅច្រកព្រំដែនថ្មដា មានប្រវែងប្រមាណជាង ១៨៦ គីឡូម៉ែត្រពីទីរួមខេត្តចេញ ឆ្ពោះទៅកាន់ស្រុកភ្នំក្រវាញ និងបន្តទៅស្រុកវាលវែង ឆ្លងកាត់ទៅដល់ច្រកទ្វារព្រំដែនទ្វេភាគី កម្ពុជា-ថៃ ត្រង់តំបន់ថ្មដា។ ផ្លូវនេះដើមឡើយជាផ្លូវលំថ្មើរជើងឆ្លងកាត់ភ្នំ ដែលកងទ័ពខ្មែរក្រហម តែងធ្វើដំណើរចេញចូលតាមនោះ កាលពីសម័យសង្គ្រាមហើយត្រូវបានប្រជាជនហៅថា ជា «ផ្លូវប្រយុទ្ធគ្នា» ប៉ុន្តែបច្ចុប្បន្ននេះក្លាយទៅជាតំបន់អភិវឌ្ឍន៍នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
-សម្ពោធកំពង់ផែនពហុបំណង
កំពង់ផែពហុបំណងថ្មីក្រុងព្រះសីហនុ អាចមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញធំៗ ចូលចតបានចន្លោះពី៤ម៉ឺនតោន ទៅ៥ម៉ឺនតោន ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កំពង់ផែថ្មីនេះ មានតម្លៃប្រមាណ៧៤ លានដុល្លារ ដែលជាកម្ចីការប្រាក់ទាបពីទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA)។
ផ្នែកសេវាសាធារណៈ
ផ្លូវដែក
ដាក់ឱ្យដំណើរការផ្លូវដែកទិសនិរតី (ភ្នំពេញ-ព្រះសីហនុ) ដែលមានចម្ងាយប្រមាណ ២៦៦ គីឡូម៉ែត្រ កាលពី ខែមសា ឆ្នាំ២០១៦ កន្លងមក។ ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតត្រូវបានដាក់ដំណើរការកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ មក ក្នុងចម្ងាយផ្លូវ ៣៨៦គីឡូម៉ែត្រ។ ការដាក់ឱ្យដំណើរការផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាក់ខានជាង ៤០ឆ្នាំ។ បន្ថែមលើនេះផ្លូវដែកពីស្ថានីយរថភ្លើងភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ។ ផ្លូវដែកនេះមានប្រវែង ១៥គីឡូម៉ែត្រត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ផ្លូវនេះត្រូវបានសាងសង់ឡើងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយ។
ដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យាប័ណ្ណបើកបរ
តាមរយៈយុទ្ធនាការ ១០០% ថ្ងៃ ប្រជាពលរដ្ឋទូទៅចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ ក្នុងការប្ដូរ និងពន្យារប័ណ្ណបើកបរ ជាពិសេសការធ្វើនៅផ្សារទំនើប AEON Mall សាខាទី១ និងទី២។ ការដាក់ឱ្យដំណើរការការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការផ្តល់ប័ណ្ណបើកបរយានយន្ត ការធ្វើឈៀកចល័ត និងផ្លាកលេខយានយន្ត ដែលមាន QR Code ដើម្បីកាត់បន្ថយការក្លែងបន្លំ។ ក្រៅពីនេះប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តក៏អាចចុះបញ្ជីរថយន្ត ព្រមទាំងជ្រើសរើសនូវស្លាកលេខណាមួយ ដែលខ្លួនពេញចិត្ត និងបង់ប្រាក់តាមរយៈប្រព័ន្ធអនឡាញផងដែរ។
** ការដាក់ឱ្យដំណើរការទូកដឹកអ្នកដំណើរ**
នេះគឺត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាមានមធ្យោបាយដឹកជញ្ជូនអ្នកដំណើរសាធារណៈបែបនេះ ដើម្បីកាត់បន្ថយការកកស្ទះតាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណើរចូល និងចេញ ព្រមទាំងឆ្លងកាត់រាជធានីភ្នំពេញរៀងរាល់ថ្ងៃ។ មធ្យោបាយធ្វើដំណើរតាមទូកពីព្រែកព្នៅ ភ្នំពេញ និងក្រុងតាខ្មៅត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៦ ខែមេសាកន្លងមកនេះ។
គម្រោងសាងសង់បន្ទាប់
- គម្រោងសាងសង់ផ្លូវប៉ៃលិន សំឡូត កោះកុង មានប្រវែង ១៩៧គីឡូម៉ែត្រ។
- គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងស្វែងរកអ្នកវិនិយោគ។
- គម្រោងសាងសង់ផ្លូវយុទ្ធសាស្ត្រកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ។
- គម្រោងសាងសង់រថភ្លើងលើអាកាសគ្មានមនុស្សបើក(សិក្សាចប់ឆ្នាំក្រោយ)។
- គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣។