បាក់ឌុបសល់ពេលតែ១ខែ កុំរវល់ដេកភ័យមិនដឹងរៀនបែបណា មកចេះក្បួនទាំង១០នេះ

  • 2018-07-16 05:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី ២០​ សីហា​ ឆ្នាំ២០១៨ នៅសល់​រយៈពេល​ប្រមាណ​ជា ១ខែទៀត​ប៉ុណ្ណោះ។ ប្អូនៗ​សិស្ស​ទី១២ខ្លះ ​បាន​ខ្នះខ្នែង​សិក្សា​ទាំង​យប់​ទាំង​ថ្ងៃ​ និង​ខ្លះ​រវល់​ព្រួយ​បារម្ភ​ខ្លាច​ប្រឡង​មិន​បាន​ល្អ ឬ​មិន​ជាប់​នឹងគេ។​ ​​​​​​​​​

ទន្ទឹម​នឹង​ Sabay ​នឹង​លើក​យក​​គន្លឹះ​ទាំង​ ១០ ​​​រៀន​ក្នុង​រយៈពេល​ខ្លី ​​ទោះ​បី​​រៀន​មិន​សូវ​ពូកែ​ក៏​ដោយ​ ក៏​អាច​ទាញបាន​និទ្ទេស​ល្អ​គាប់​ចិត្ត​បាន​ខ្លះដែរ​​។ ខាងក្រោមនេះ​​ជា​ដំបូន្មាន​ពី​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្ស​ពូកែ បាន​ចែក​រំលែក​រួមមាន៖

១. ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​រហូត​ដល់​ថ្ងៃ​ប្រឡង​

សុខ​ភាព​ ជា​កត្តា​សំខាន់​ដែល​ជះឥទ្ធិពល​ទៅ​លើ​ខួរ​ក្បាល។​ ​ហេតុ​នេះ​ ​ប្អូន​ៗ​ទី​១២ ​ត្រូវ​ប្រឹង​​ញ៉ាំ​ ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​មាន​លំហាត់​ប្រាណ លេង​កីឡា​ ដើម្បី​ជំនួយ​ស្មារតី​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​បាន​។​​​

២. ​រៀន​សរសេរ​អក្សរ​ឲ្យ​បាន​ស្អាត​

ព្យាយាម​សរសេរ​សំណេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ជា​ពិសេស​មិន​ត្រូវ​ដាក់​ ឬ​លួច​យក​​ប្រើ​ទឹក​លុប​ និង​គូស​វាស​ផ្ដេស​ផ្ដាស​ ដែល​គេ​អាច​សម្គាល់​ថា​ជា​សញ្ញា​អ្វីមួយ​ ដែល​នឹង​ត្រូវ​កំណត់​ឲ្យ​ក្រដាស​ប្រឡង​​នោះ​ទុក​ជា​អាសារ​បង់ ឬ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ។​​​​​​​

៣.​ ​រៀន​សរសេរ​ក្រដាស​រ៉ាម​ឲ្យ​មាន​របៀប​

ក្រោយ​ពី​សរសេរ​អក្សរ​មិន​មាន​កំហុស​ហើយ​ ​មក​រៀន​សរសេរ​លើ​ក្រដាស​រ៉ាម​ឲ្យ​ត្រង់​ស្មើ​ និង​ទុក​កន្លែង​សរសេរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ​កុំ​សរសេរ​តាម​តែ​នឹក​ឃើញ​។

៤. ​សួរ​គ្រូ​ពី​របៀប​សរសេរ​ចម្លើយ​ឲ្យ​ដូច​ក្នុង​អត្រា​កំណែ

ត្រូវ​ឆ្លៀត​សួរ​គ្រូរ​បៀប​សរសេរ​ចម្លើយ​យ៉ាង​ម៉េច​ឲ្យ​ដូច​ក្នុង​អត្រា​កំណែ ​និង​ព្យាយាម​កែ​តម្រូវ​របៀប​សរសេរ​ចម្លើយ​របស់​ខ្លួន​ឯង​តាម​គម្រូ​អត្រា​កំណែ​។

៥. ​ហាម​ធ្វើ​លំហាត់​សរសេរ​កាត់​ខ្លាំង​ពេក​

​ពេល​ដោះ​ស្រាយ​លំហាត់​ ឬ​ ​សមីការ​ ​កុំ​ព្យាយាម​សរសេរ​លឿន​ហើយ​កាត់ៗ​ ​ត្រូវ​ឆ្លង​ឲ្យ​បាន​គ្រប់​ដំណាក់​កាល​ ព្រោះ​ខ្លាច​បាត់​ពិន្ទុ​។

៦. ​រៀន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​

​រៀន​ខ្លួន​បាន​ច្រើន​កាល​ណា ​អ្នក​ប្រាកដ​ជា​ដឹង​ពី​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួន​ ហើយ​កត់​ចំណាំ​ចំណុច​ខ្សោយ​ទុក​ ​ដើម្បី​ហ្វឹក​ហាត់​បន្ថែម​។

៧. ​ជួប​ជុំ​មិត្តភក្ដិ​រៀន​ជា​ក្រុម​ឲ្យ​ញឹក​ញាប់​​

​សំខាន់​ណាស់​ត្រង់​ចំណុច​នេះ​ ​ព្រោះ​ថា​ការ​រៀន​ជា​ក្រុម​អាច​ជួយ​ឲ្យ​អ្នក​បែក​គំនិត​បាន​ច្រើន​ និង​មិន​ចេះ​ទាល់​គំនិត​ពេល​ប្រឡង​មែន​ទែន​។​

៨. ត្រូវធ្វើរាល់សំណួរឲ្យគ្រប់

នៅ​ពេល​ប្រឡង​ ​អ្នក​ត្រូវ​ព្យាយាម​ឆ្លើយ​សំណួរ​ឲ្យ​បាន​គ្រប់​មុខ​ ទោះ​មិន​សូវ​ចេះ​ក៏​ដោយ កុំ​ឲ្យ​មាន​ចន្លោះ។ សល់​សំណួរ​ដែល​មិន​សូវ​ចេះ អាច​ទុក​ឆ្លើយ​តាម​ក្រោយ និង​ព្យាយាម​រក្សា​អារម្មណ៍​ឲ្យ​មូល ដើម្បី​គិត។

៩. ​កុំ​បោះ​ចោល​មុខ​វិជ្ជា​បន្ទាប់​បន្សំ​ឲ្យ​សោះ​ បើ​ចង់​បាន​និទ្ទេស​ល្អ​ប្រសើរ​

មុខ​វិជ្ជា​បន្ទាប់​បន្សំ​ ​ដូចជា​ ភាសា​អង់គ្លេស​ ផែនដី និងបរិស្ថានវិទ្យា ព្រម​ទាំង​មុខ​វិជ្ជា​តូចៗ​ផ្សេង​ទៀត​ ​សូម​កុំ​ទុក​ចោល​ឲ្យ​សោះ ​ ​ត្រូវ​ព្យាយាម​ទន្ទេញ​មេរៀន​តូចៗ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម​ និង​មាន​មិត្ត​ភក្តិ​ឆ្លើយ​ឆ្លង​សំណួរ​ចម្លើយ​ជាមួយ​ ដើម្បី​ដឹង​ត្រូវ​ឬ​ខុស​។

១០. តាម​ដាន​ផេក​ក្រសួង​អប់រំ និង​សារ​ព័ត៌មាន​អនឡាញ​ទាក់​ទង​នឹង​បាក់ឌុប​​​

​ចំណុច​ចុង​ក្រោយនេះ ក៏​ជា​វិធីសាស្ត្រ​មួយ​ ប្អូន​ៗ​ដឹង និង​ស្វែង​រក​វិញ្ញាសា​ដែល​ចេញ​ប្រឡង​រួច​​​កាល​ពី​ឆ្នាំ​ទៅ។​ ជាក់​ស្ដែង​ផេក​របស់​ក្រសួង​អប់រំ ផេក Kruo Cambodia និង​សារ​ព័ត៌មាន​អនឡាញ​ផ្សេងៗ​​ទាក់​ទង​នឹង​បាក់ឌុប ជា​ពិសេស​ Sabay ​បាន​ចែក​រំលែក​គន្លឹះ​រៀន​ និង​ត្រៀម​ប្រឡង​បាក់ឌុប​ជាច្រើន​ អាចចុចទីនេះ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត៕​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត