ចង់ទៅលេងកោះបាលី១សប្ដាហ៍ ឲ្យសប្បាយមួយចាស់ដៃ ចាយលុយប៉ុន្មានបានគ្រប់?

  • 2018-07-16 05:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះបាលី​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​មាន​ប្រជាប្រិយភាព នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក៏​មាន​បងប្អូន​ខ្មែរ​មិន​តិច​អ្នក​ឡើយ​ធ្លាប់​ទៅ​ដល់​ទីនោះ​ផ្ទាល់​ដើម្បី​ផ្ដិត​​ទេសភាព​ដ៏​ស្រស់​ត្រកាល។ ថ្ងៃ​នេះ​មក​ដឹង​ទាំង​អស់​គ្នា​ថា បើ​ចង់​ទៅ​លេង​កោះបាលី​រយៈ​ពេល​១​សប្ដាហ៍​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ទើប​គ្រប់? ហើយ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? ត​ទៅ​នេះ​គឺ​ជា​ការ​ចែក​រំលែក​ពី​ រុន វិរៈ ទើប​តែ​ទៅ​កម្សាន្ត​កាល​ពី​ថ្មី​ៗ​នេះ។

យុវជន រុន វិរៈ ជា​ប្រធាន​ក្រុម Unseentra ប្រាប់​ថា​ចំនាយ​ដែល​ធំ​ជាង​គេ​នោះ​គឺ សំបុត្រយន្តហោះ ដែលមានតំលៃ ២២២​ដុល្លារ ​ហើយអ្នកទាំងអស់គ្នានិងត្រូវចំណាយពេល យ៉ាង​ហោចណាស ១​ថ្ងៃដើម្បី​ធ្វើដំណើរ ព្រោះត្រូវប្តូរជើងហោះហើរនៅ​កូឡាឡាំពួ បើអ្នកជិះ Air Asia Malindo Air ឬ Malaysian Air ។​

ប្រធាន​ក្រុម​រៀប​ចំ​ដំណើរ​កម្សាន្ត​បែប​បោះតង់ និង ជាអ្នកសរសេរអត្ថបទខ្លី ពីទីតាំងដំណើរ​កម្សាន្​តផ្សេងៗ ក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស​រូប​នេះ​បន្ត​ថា ចំណាយ​ធំ​ទី២ គឺ ថ្លៃស្នាក់នៅ គឺ ១២៥ ដុល្លារ​ម្នាក់ ក្នុងរយៈពេលមួយ​អាទិត្យ ហើយត្រូវ​ស្នាក់នៅ Bangalow និង Hotel ស្អាត​មាន​ផាសុកភាព​គួរ​ឲ្យ​ចង់​ស្នាក់​នៅ។ អតីត​និស្សិត​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​និយាយថា៖ «ចំណែកអាហារយើងចំណាយប្រហែល ១០០ ដុល្លារ។ ប៉ុន្តែកុំភ្លេច​វេច សៀង ត្រីខ និង មីកំប៉ុងទៅផងទើបគ្រប់ បើមិនអញ្ចឹងទេ ដឹងតែអំបិលហើយ ម្ហូបញ៉ាំអត់កើត ហើយថ្លៃទៀត ១ ពេល បើញ៉ាំនៅភោជនីយដ្ឋានអាចអស់ម្នាក់ ១០ ដុល្លារជាង។»

ហើយចុងក្រោយថ្លៃ ជួលម៉ូតូ ឡានជិះ និង ទូក គឺ សរុបអស់ប្រហែលជា ១២០ ដុល្លារក្នុងម្នាក់។សរុបចុងក្រោយចំណាយយ៉ាងហោចណាស់ ៥៥០ដុល្លារ ក្នុងម្នាក់ សម្រាប់​រយៈពេល ១ អាទិត្យនៅ​កោះបាលី៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ដោយផេក Unseentra