បាត់អត្តសញ្ញាណបណ្ណ អាចប្រើឯកសារមួយប្រភេទទៀតសម្រាប់ទៅបោះឆ្នោត
- 2018-07-16 08:18:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់អត្តសញ្ញាណបណ្ណ អាចប្រើឯកសារមួយប្រភេទទៀតសម្រាប់ទៅបោះឆ្នោត
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយតែបាត់ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែររបស់ខ្លួនក៏អាចទៅបោះឆ្នោតបានដែរ ដោយប្រើឯកសារបញ្ជាក់អត្តសញ្ញាណជំនួសឲ្យអត្តសញ្ញាណបណ្ណ។
បើតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាត្រា១៦៩ ចែងថាករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្របតាមបទបញ្ញតិនៃច្បាប់នេះ ប៉ុន្តែពុំមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់បោះឆ្នោត ប្រជាពលរដ្ឋនោះ អាចប្រើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត។
ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងវីដេអូនិយាយពីឯកសារសម្រាប់ការបោះឆ្នោតពន្យល់ថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបាត់អត្តសញ្ញាណបណ្ណ ត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់។
ក្នុងវីដេអូដដែល គ.ជ.ប ពន្យល់ថាពលរដ្ឋដែលត្រូវធ្វើឯកសារបញ្ជាក់អត្តសញ្ញាណត្រូវនាំទៅជាមួយនូវសាក្សីចំនួនពីររូប និងរូបថតចំនួន៣ន្លឹក។ ប្រភពដដែលបន្តថាក្រោយពិនិត្យឃើញថាពលរដ្ឋរូបនោះមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ នឹងរៀបចំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណជូន។ បន្ទាប់ពីបានឯកសារបញ្ជាក់អត្តសញ្ញាណពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ រួចហើយ ពលរដ្ឋរូបនោះត្រូវយកលិខិតបញ្ជាក់ អត្តសញ្ញាណនេះទៅឲ្យប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ និងបោះត្រាទទួលស្គាល់ ដែលគ.ជ.ប ថាឯកសារនេះអាចប្រើសម្រាប់បោះឆ្នោតបាន។
គួរបញ្ជាក់ថាកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕