គ.ជ.ប ថា​គណបក្ស​នយោបាយ​ចំនួនប្រាំមួយ មិនបាន​ដាក់​ភ្នាក់​ងារ​សង្កេតមើលការ​បោះ​ឆ្នោត​

  • 2018-07-17 03:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ ចំនួន​ភ្នាក់​ងារ​សង្កេត​ការ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​​ជិត​៨ម៉ឺន​នាន់​ត្រូវ​បាន​អនុ​ញ្ញាត​ចូល​រួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​នាចុងខែ​កក្កដា ខាងមុខនេះ ខណៈគណបក្ស​ចំនួន​ប្រាំមួយ​មិនបាន​ដាក់​ភ្នាក់​ងារ​របស់​ខ្លួននោះទេ។

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ គ.ជ.ប ឲ្យ​ដឹង​ថាគណៈកម្មការឃុំ សង្កាត់​រៀបចំការ​បោះ​ឆ្នោត​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​សង្កេតមើល​ការ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ចំនួន​៧៩ ៧៨១​នាក់ ក្នុង​នោះ​ភ្នាក់ងារ​ពេញ​សិទ្ធិ​មានចំនួន​ជាង​៥ម៉ឺន​នាក់ និង​ភ្នាក់ងារ​សង្កេត​ការ​បំរុង​មាន​ជិត​៣ម៉ឹននាក់ មកពី​គណបក្ស​នយោបាយ​ចំនួន​១៤​។

គណបក្ស​នយោបាយ​ចំនួន​ប្រាំមួយ ដែល​មិន​បាន​ដាក់​ភ្នាក់ងារ​សង្កេត​ការ​របស់​ខ្លួនគឺ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សាធារណរដ្ឋខ្មែរ គណបក្ស​ខ្មែរ​ឈប់ក្រ គណបក្ស​ធម្មាធិតេយ្យ និង​គណបក្សឆន្ទៈខ្មែរ។ នេះ បើ​តាម​ គ.ជ.ប ដដែល។

សម្រាប់​គណបក្ស​ខ្មែរ​ឈប់ក្រ ដែលបាន​បង្កើតឡើងតាំងពី​ឆ្នាំ២០០៧ ការ​ណ៍​មិ​នបាន​ដាក់​ភ្នាក់​ងារ​គណបក្សសង្កេត​មើលការ​បោះ​ឆ្នោត​នេះ​ដោយ​សារគណបក្ស​មិន​មាន​ធនធានមនុស្សគ្រប់គ្រប់ បូក​រួម​នឹង​ហេតុ​ផល​ផ្សេង​មួយចំនួនទៀត។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់ក្រ។​

គ.ជ.ប ក៏បាន​លើក​ឡើងដែរថា​ការ​ណ៍​ដាក់​ភ្នាក់ងារ ឬមិន​ដាក់​ភ្នាក់ងារ​សង្កេត​មើល​ការ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​គឺ​អា​ស្រ័យលើ​លទ្ធភាព​របស់​គណបក្ស​នយាបាយនីមួយៗ​។

អ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រ​ព័ន្ធតេឡេក្រាម​ថា​៖ «ភ្នាក់ងារគណបក្សនយោបាយគឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅគ្រប់ការិយាល័យ»៕​

អត្ថបទ៖ ទូច សុខា