ក្មេងថៃទាំង១៣ រៀបរាប់រឿងរ៉ាវក្នុងរូងភ្នំថាំហ្លួង និងវិធីអាចរក្សាជីវិតបាន

  • 2018-07-19 02:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​នៅ​ក្នុង​ឈុត​កីឡា​នៃ​ក្រុម​បាល់ទាត់ «ជ្រូកព្រៃ» នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨ ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ក្មេង​ប្រុស និង​គ្រូ​បង្វឹក​ទាំង​១៣នាក់ បាន​រៀបរាប់ និង​ពន្យល់​ប្រាប់​ពី​វិធី​អាច​រក្សា​ជីវិត រយៈ​ពេល​១១ថ្ងៃ​នៅ​ក្នុង​រូង​ភ្នំ​លិច​ទឹក។

គ្រូ​បង្វឹក​វ័យ​២៥ឆ្នាំ លោក Ekkapol Chantawong បាន​និយាយ​ថា ក្រោយ​ពេល​ហ្វឹកហាត់​បាល់ទាត់​ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ខ្លួន និង​ក្មេងៗ​បាន​សម្រេចចិត្ត​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ ខណៈ​អ្នក​ខ្លះ​ធ្លាប់​បាន​ចូល​រួច​ពី​មុន​មក​ហើយ។ រយៈពេល​មួយ​ម៉ោង​ក្រោយ​ពេល​ចូល​ទៅ​ក្នុង​នោះ ស្រាប់​តែ​កម្រិត​ទឹក​បាន​កើន​ឡើង ដោយ​សារ​តែ​ទឹក​ភ្លៀង ធ្វើ​ឲ្យ​ពួកគេ​ជាប់​គាំង​នៅ​ក្នុង​នោះ​តែម្តង។

ក្មេង​ប្រុស​ឈ្មោះ Nattawut Takamsai អាយុ​១៤ឆ្នាំ និយាយ​ថា «ខ្ញុំ​មិន​ភ័យ​ស្លន់ស្លោ​ទេ។ ខ្ញុំ​ព្យាយាម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​រក​ផ្លូវ​ចេញ»។

នៅ​យប់​នោះ ដោយសារតែ​រក​ផ្លូវ​ចេញ​មិន​បាន លោក Ekkapol ក៏​បាន​ប្រាប់​ពួកគេ​ថា គួរ​តែ​នៅ​ទីនោះ​មួយ​យប់។ ពួកគេ​បាន​ដេក​ក្បែរ​ប្រភព​ទឹក​ស្អាត​មួយ​កន្លែង ហើយ​គ្រោង​នឹង​រក​ផ្លូវ​ចេញ​នៅ​ថ្ងៃ​បន្ទាប់។ ជា​មួយ​គ្នា​នេះ លោក Ekkapol បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​ប្រើ​ពិល​ក្នុង​ពេល​តែ​មួយ ដើម្បី​សន្សំ​ថ្ម​របស់​វា។

វា​គឺ​ជា​យប់​ទី២ នៅ​ពេល​ដែល​ក្មេងៗ​បាន​ចុះ​ខ្សោយ​កម្លាំង។ ​ក្មេង​ប្រុស Chanin “Titan” Wiboonrungruang អាយុ​១១ឆ្នាំ និយាយ​ថា «ខ្ញុំ​ស្ទើរ​តែ​ដួល​សន្លប់។ រាងកាយ​របស់​ខ្ញុំ​ខ្សោយ។ ខ្ញុំ​ព្យាយាម​មិន​គិត​ពី​អាហារ​ឡើយ ព្រោះ​ខ្ញុំ​នឹង​ឃ្លាន​កាន់​តែ​ខ្លាំង»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ផែនការ​ដំបូង​របស់​ពួកគេ គឺ​ត្រូវ​រង់ចាំ​មនុស្ស​មក​ជួយ​សង្គ្រោះ ប៉ុន្តែ​នៅ​ពេល​ឃើញ​កម្រិត​ទឹក​ឡើង​កម្ពស់​៣ម៉ែត្រ ពួកគេ​ក៏​ព្យាយាម​រក​ផ្លូវ​ចេញ​តែម្ដង។ ក្នុង​អំឡុង​ពេល​ថ្ងៃ ពួកគេ​បាន​ផ្លាស់​វេន​គ្នា​ដើម្បី​ជីក​ជញ្ជាំង​រូង​ភ្នំ។ ​ក្មេង​ប្រុស Prajak Sutham បាន​ប្រាប់​ថា ពួកគេ​ជីក​បាន​ជម្រៅ​ពី ៣ ទៅ ៤ម៉ែត្រ​ដែរ។

«យ៉ាង​ហោច​ណាស់​ពួក​យើង​បាន​ធ្វើ​អ្វី​មួយ មិន​មែន​អង្គុយ​ចាំ​តែ​ជំនួយ​នោះ​ទេ»។ នេះ​បើ​តាម​សម្ដី​គ្រូ​បង្វឹក Ekkapol។

វា​គឺ​ជា​ថ្ងៃ​ទី១០ នៅ​ពេល​ដែល​ពួកគេ​បាន​ឮ​សំឡេង​អ្នក​ផ្សេង។ ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​នោះ ឈ្មោះ Adul និយាយ​ថា ខ្លួន​បាន​ចាប់​យក​ពិល ហើយ​បញ្ចាំង​ចុះ​ទៅ​ក្រោម​ទឹក ស្រាប់​តែ​បាន​ឃើញ​អ្នក​មុជ​ទឹក​បរទេស​២នាក់​តែម្តង។

ក្រោយ​មក​អ្នក​មុជ​ទឹក​នៃ​កងទ័ព​ជើងទឹក SEAL រួម​ទាំង​គ្រូពេទ្យ បាន​ស្នាក់​នៅ​ជាមួយ​ពួកគេ​សរុប​រយៈពេល ៩ថ្ងៃ​រហូត​ដល់​ពួកគេ​ត្រូវ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​អស់។ នៅ​អំឡុង​ពេល​នោះ ពួកគេ​បាន​ប្រើ​ដី​ស​គូរ​លើ​ជញ្ជាំង​រូង​ភ្នំ និង ប្រើ​ដុំ​ថ្ម​លេង​អុក ដើម្បី​កំដរ​ការ​អផ្សុក។

យ៉ាងណាមិញ ពួកគេ​ទាំង​១៣នាក់​បាន​អរគុណ​ដល់​ការ​លះបង់​របស់ អតីត​កងទ័ព​ជើងទឹក​ថៃ លោក Saman Kunan ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពួកគេ៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី