កូនខ្មែរម្នាក់ចាយរាប់ពាន់ដុល្លារ ចូលព្រៃស្ទើគ្រប់ទិសទីនៅកម្ពុជា ក្រោមហេតុផលអស្ចារ្យបំផុត

  • 2018-07-19 06:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស៊ុយ សេងលីម ជា​កូន​ខ្មែរ​មួយ​រូប​ទៀត​ហើយ សុខ​ចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​រាប់​ពាន់​ដុល្លារ និង​ប្រឈម​ការ​លំបាក​គ្រប់​បែប​យ៉ាង ដើម្បី​ចុះ​ស្រាវ​ជ្រាវ​សត្វ​ស្លាប​នានា​ដែល​មាន​វត្ត​មាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​យក​មក​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់​ហើយ​បណ្ដុះ​ចិត្ត​ឲ្យ​ចេះ​ស្រលាញ់ ឈប់​ហូប​សាច់​ព្រៃ និង​អភិរក្ស​សត្វ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឲ្យ​គង់វង្ស​តទៅ​មុខ​ទៀត។

១. មូលហេតុ​ជំរុញ​ឲ្យ​ចុះ​ស្រាវជ្រាវ និង​បង្កើត​គម្រោង

ផ្ដល់​បទ​សម្ភាសន៍​​មក​កាន់ Sabay បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ប្រាប់​ថា មូល​ហេតុ​ដែល​នាំ​ឲ្យលោក​ហ៊ាន​លះបង់​ទាំង​កម្លាំង​កាយ និង​លុយ​ដោយ​មិន​ស្ដាយ​ស្រណោះ​ចុះ​ស្រាវជ្រាវ​សត្វ​ស្លាប ដោយ​សារ​តែ​កាល​ពី​ក្មេង​លោក​ធ្លាប់​ឃើញ​សត្វស្លាប ក៏​ដូច​ជា​សត្វ​ព្រៃ​នៅ​កម្ពុជា​រស់​នៅ​ដោយ​សុខសាន្ត​ពេញ​ដឹក​ពេញ​ដី។ ចំណែក​ឯ​ព្រៃ​ឈើ​ក៏​នៅ​ច្រើន​ជា​ជម្រក​រស់​នៅ​ដ៏​ត្រជាក់ត្រជុំ​ដល់​ម្រឹគីម្រឹគា​ទាំង​ឡាយ តែ​ក្រោយៗ​មក​ទៀត សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ព្រៃ​ដទៃ​ទៀត ចាប់​ផ្ដើម​បាត់បង់​បន្តិច​ម្ដងៗ​ដោយ​សារ​មនុស្ស​ចេះ​តែ​បរបាញ់​យក​មក​ជួញ​ដូរ និង​ធ្វើ​ជា​អាហារ។ ក្នុង​នាម​ជា​អ្នក​ស្រលាញ់​សត្វ​ម្នាក់ លោក​មិន​អាច​ឈរ​មើល​ការ​បន្ត​បាត់បង់​សត្វ​ស្លាប​បន្ត​ទៀត​បាន​ទេ ទើប​នៅ​ខែ​មីនា ឆ្នាំ​២០១២ លោក ស៊ុយ សេងលីម បាន​បង្កើត​គម្រោង​មួយ​មាន​ឈ្មោះ​ថា «គម្រោង​ការ​អប់រំ និង​ការ​អភិរក្ស​សត្វស្លាប​កម្ពុជា» ដែល​លោក​ផ្ទាល់​ជា​ស្ថាបនិក​ម្នាក់​ឯង​ប៉ុណ្ណោះ​ពុំ​មាន​ការ​ចូលរួម​ពី​ក្រសួង ឬ​ស្ថាប័ន​ណាមួយ​ឡើយ។

២. ការ​ចុះ​ស្រាវជ្រាវ និង​ការ​ចំណាយ

ចាប់​តាំង​ពី​ចាប់​ផ្ដើម​គម្រោង​អ្នក​ស្រលាញ់​សត្វ​ព្រៃ​រូប​នេះ ប្រាប់​ថា​បាន​ចុះ​ស្រាវជ្រាវ​ម្នាក់​ឯង​ស្ទើរ​គ្រប់​ទិសទី​ក្នុង​ព្រៃ​សំខាន់​ៗ​នៅ​កម្ពុជា នៅ​សល់​តែ​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​លោក​មិន​ទាន់​បាន​ទៅ​ដល់​ និង​មាន​គម្រោង​ទៅ​ឲ្យ​បាន​មាន​ដូចជា៖ ឧទ្យាន​ជាតិ​វីរៈ​ជ័យ សៀមប៉ាង តំបន់​ព្រៃ​ខេត្ត​ឧត្ដរ​មាន​ជ័យ ត្រពាំង​ថ្ម​នៅ​បន្ទាយ​មានជ័យ​ជា​ដើម។ ក្នុង​ការ​ចុះ​ស្រាវជ្រាវ​ដើម្បី​ផ្ដិត​យក​រូប​ភាព​ក្នុង​មួយ​ជើងៗ​លោក​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៥០​ដុល្លារ ហើយ​គិត​ចាប់​ពី​ឆ្នាំ​២០១២​មក​ដល់​ពេល​នេះ លោក​បាន​ធ្វើ​ដំណើរ​១០០​លើក​មក​ហើយ។ លុះ​ក្រោយ​ៗ​មក​ទៀត​ក៏​មាន​មិត្តភក្ដិ​របស់​លោក​ពីរបី​នាក់​ស្ម័គ្រ​ចិត្ត​ចុះ​ព្រៃ​ទៅ​ជាមួយ​លោក​ដែរ។

៣. ឧបសគ្គ​ និង​ផល​លំបាក

ឧបសគ្គ​ធំ​ជាង​គេ​នោះ គឺ​រឿង​ថវិកា​ ត្រូវ​ប្រើ​លុយ​ផ្ទាល់​ខ្លួន​សុទ្ធសាធ​ពុំ​មាន​ការ​ឧបត្ថម្ភ​ ឬ​ចូល​រួម​ពី​ស្ថាប័ន​ណា​មួយ​ឡើយ។ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​ស្រាវជ្រាវ​ពី​ប្រភេទ​សត្វ​ស្លាប​នេះ សេង​លីម ត្រូវ​រក​ឯកសារ​ស្រាវជ្រាវ​ជា​ច្រើន​ជា​ភាសា​អង់គ្លេស តែ​នេះ​មិន​មែន​ជា​បញ្ហា​ចោទ​ឡើយ​ចំពោះ​ភាសា​បរទេស​ ព្រោះ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មក ​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។ គួប​ផ្សំ​នឹង​ការ​ណែនាំ​ សាកសួរ​ បន្ថែម​ពី​អ្នក​ស្រាវជ្រាវ​ជីវិត​សត្វ​ព្រៃ​ពី​ជនជាតិ​បារាំង​២​រូប ដែល​ជា​បុគ្គល​ដ៏​សំខាន់​ជួយ​ជំរុញ​ឲ្យ​ការ​ស្រាវជ្រាវ​របស់​លោក​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។

ក្រៅ​ពី​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ហើយ​នោះ សេងលីម ត្រូវ​ប្រឈម​បញ្ហា​អាកាសធាតុ ពេល​ចុះ​ព្រៃ​ និង​ឧបសគ្គ​រាប់​មិន​អស់​ជា​ច្រើន​ទៀត។ លើស​ពី​នេះ​ទៀត​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ប្រពន្ធ​កូន​ជា​ទី​ស្រលាញ់។ តែ​បញ្ហា​ទាំង​នេះ​មិន​អាច​ចាត់​ទុក​ជា​ផល​លំបាក​សម្រាប់​លោក​ឡើយ តែ​ផ្ទុយ​មក​វិញ​វា​ជា​អារម្មណ៍​រំភើប​រីករាយ​នឹង​ប្រឈម ចំពោះ​មនុស្ស​ដែល​ស្រលាញ់​ធម្មជាតិ​ដូច​ជា​រូប​លោក។

៤. អារម្មណ៍​ពិត​ពេល​ចុះ​ព្រៃ

ប្រាប់​ដោយ​អារម្មណ៍​ទាំង​រំភើប​ ស៊ុយ សេងលីម និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សល់​សត្វស្លាប​ក៏ដូចជា​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​គ្រប់​គ្នា​អាច​មិន​ដឹង ហើយ​គិត​ថា​ប្រហែល​ជា​បាត់​បង់​ ឬ​ផុត​ពូជ​អស់​ហើយ។ ពិបាក​ក្នុង​ការ​ប្រាប់​ថា​រំភើប​ប៉ុណ្ណា​ អ្នក​អភិរក្ស​សត្វ​ស្លាប​កម្ពុជា​រូប​នេះ បន្ត​ថា លោក​បាន​ឃើញ​ទិដ្ឋភាព​ព្រៃ​ឈើ រុក្ខជាតិ​ដ៏​ស្រស់​បំព្រង និង​ឃើញ​សត្វ​ស្លាប​ស្អាត​ៗ​ រូបរាង​ខុស​ប្លែក​គ្នា រំលេច​ពណ៌​ដ៏​ឆើតឆាយ​កំពុង​រស់​នៅ​ដោយ​សុខសាន្ត​នៅ​លើ​ដែន​ដី​កម្ពុជា​យើង។

ចំពោះ​សម្ភារៈ​ឧបករណ៍​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​ម្ដង​ៗ​មាន​ដូចជា៖ Len 400mm Camera Canon ឧបករណ៍​ចាក់​សំឡេង​សត្វ តង់​សម្រាប់​បោះ​គេង អង្រឹង និង​ស្បៀង​អាហារ​មួយ​ចំនួន។ ដើម្បី​ថត​បាន​រូបភាព​ដ៏​ល្អ​មួយ​លោក​ត្រូវ​ប្រើ​ពេល​វេលា​យូរ និង​ការ​អត់​ធ្មត់​ខ្លាំង​បំផុត ពេល​ខ្លះ​សឹង​តែ​មួយ​ថ្ងៃ​ថត​បាន​សត្វ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ។ ចំពោះ​ចិត្ត​របស់​លោក​គ្រប់​ប្រភេទ​សត្វ​ទាំង​អស់​សុទ្ធ​តែ​អស្ចារ្យ និង​ស្អាត​បំផុត ក្នុង​ការ​ចុះ​ស្រាវ​ជ្រាវ​រយៈពេល​៦​ឆ្នាំ​មក​នេះ​លោក​បាន​ឃើញ​វត្តមាន​សត្វ​កម្រ​ស្ទើ​ផុត​ពូជ​មាន​នៅ​កម្ពុជា​ដូចជា៖ ត្រយ៉ង​យក្ស សត្វ​ខ្សឹប ត្មាត​( ត្មាត​ភ្លើង ត្មាត​ផេះ ត្មាត​ត្នោត) ត្រយ៉ង​ចង្កំ​កស ក្ងោក​ ក្រៀល ជា​ដើម។ អ្វី​ដែល​រឹត​តែ​អស្ចារ្យ​នោះ​គឺ​មាន​សត្វ​បំលាស់​ទី (Spoon-billed Sandpiper) មក​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​មក​រស់​នៅ​ក្នុង​ព្រៃ​កម្ពុជា។

៥. សមិទ្ធផល​ដែល​ទទួល​បាន និង​គោល​ដៅ​បន្ត

រយៈ​ពេល​៦​ឆ្នាំ ចុះ​ព្រៃ​ចុះ​វាល​ដង​ស្ទឹង ដង​អូរ ដែន​កោះ ដែន​សមុទ្រ​កន្លង​មក ស៊ុយ សេងលីម បាន​ស្រាវជ្រាវ និង​ថត​បាន​សត្វ​ស្លាប​ជាង​៤០០​ប្រភេទ​ហើយ ក្នុង​ចំណោម​សត្វ​ស្លាប​ជាង​៦០០​ប្រភេទ​ដែល​កំពុង​មាន​វត្ត​មាន​នៅ​កម្ពុជា។ ក្រៅ​ពី​សត្វ​ស្លាប​ សេងលីម ក៏​បាន​ផ្ដិត​យក​រូបភាព​សត្វ​ប្រភេទ​ផ្សេង​ទៀត​ទាំង​ប្រភេទ​សត្វ​ល្មូន សត្វ​ជើង​បួន​ជា​ច្រើន​ទៀត។ ជា​ពិសេស​លោក​បាន​កៀងគរ​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ឲ្យ​ចាប់​អារម្មណ៍​ការ​ចុះ​ស្រាវជ្រាវ និង​ថត​ជីវិត​សត្វព្រៃ​ដូចជា​រូប​លោក​ដែរ។

សមិទ្ធផល​ដែល​លោក​ទទួល​បាន​មិន​មែន​ជា​ប្រាក់​ចំណេញ តែ​មាន​តម្លៃ​ជាង​លុយ​ទៅ​ទៀត​នោះ គឺ​បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ក្នុង​ព្រៃ​កម្ពុជា ហើយ​នាំ​យក​អ្វី​ដែល​លោក​ស្រាវជ្រាវ​បាន​មក​ធ្វើ​បទ​បង្ហាញ​តាម​សាលា តាម​សហគមន៍ តាម​រយៈ​ការ​តាំង​ពិព័រណ៍​ផ្សេងៗ ដើម្បី​ឲ្យ​ជនរួម​ជាតិ​ខ្មែរ​បាន​ដឹង​ថា កម្ពុជា​នៅ​សល់​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ទៀត ដែល​យើង​គួរ​តែ​រួម​គ្នា​ការពារ​ចាប់​ពី​ពេល​នេះ​ទៅ អ្វី​ដែល​យើង​នៅ​មាន​កុំ​ឲ្យ​បាត់បង់​បន្ត​ទៀត។

អ្នក​ស្រាវជ្រាវ​ជីវិត​សត្វព្រៃ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ ក៏​ប្រាប់​ទៀត​ថា លោក​មាន​គម្រោង​បោះពុម្ព​សៀវភៅ​អំពី​ប្រភេទ​សត្វ​ស្លាប​នៅ​កម្ពុជា មាន​សរសេរ​លម្អិត​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ចែកជូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​សាលា សហគមន៍ អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​គោល​បំណង​ធំ​បំផុត​ក្នុង​ជីវិត​លោក៕

សូមទស្សនាការរៀបរាប់បទពិសោធន៍ចូលព្រៃរបស់លោក ស៊ុយ សេងលីម៖

​​ ​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់សិទ្ឌដោយលោក ស៊ុយ សេងលីម