Ronaldo បាន​ហៅ​ប្រទេស​នេះ​ជា​អនាគត​នៃ​បាល់ទាត់

  • 2018-07-19 12:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ចិន​ក្នុង​បេសកកម្ម​មុខ​ជំនួញ​មួយ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ហៅ​ប្រទេស​មួយ​នេះ​ថា ជា "អនាគត​នៃ​បាល់ទាត់"។

ប្រភព៖ រូបថតពីគណនី Twitter របស់ Cristiano Ronaldo

ក្នុង​គណនី Twitter កីឡាករ​ព័រទុយហ្គាល់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​អំពី​ខ្លួន​ធ្វើ​ការ​ត្រិះ​បាល់ នៅ​ខាង​មុខ​វាំង​ចាស់​របស់​ប្រទេស​ចិន ដែល​ច្រើន​ត្រូវ​បាន​គេ​ឯង​ស្គាល់​ថា​ជា The Forbidden City។ នៅ​ពី​លើ​រូប​ភាព​នោះ កីឡាករ​បាន​សរសេរ​ថា៖ "រំភើប​ណាស់​ដែល​បាន​ត្រលប់​មក​ចិន​វិញ! ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​ប្រទេស​ដែល​ជា​អនាគត​នៃ​បាល់ទាត់"។

សូម​បញ្ជាក់​ផង​ដែរ​ កាល​ពី​ឆ្នាំ ២០១៦ ចិន​បាន​ដាក់​គម្រោង​ថា​នឹង​អភិវឌ្ឍ​ខ្លួន ដើម្បី​ក្លាយ​ជា "រោង​ចក្រ​បាល់ទាត់​ពិភពលោក" នៅ​ឆ្នាំ ២០៥០។ តាំង​ពី​ពេល​នោះ​មក ប្រទេស​មួយ​នេះ​បាន​ចាយ​យ៉ាង​ច្រើន ក្នុង​ការ​ផ្ទេរ​កីឡាករ​ និង​ជួល​គ្រូ​បង្វឹក​ល្បី​ៗ​ពី​ទ្វីប​អឺរ៉ុប។ ឧទាហរណ៍​ជាក់​ស្ដែង​ កាល​ពី​ឆ្នាំ ២០១៧ ក្លឹប​ចិន Shanghai SIPG បាន​ចំណាយ​ដល់​ទៅ ៦៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ការ​ទិញ​ខ្សែ​បម្រើ Oscar ពី Chelsea។ កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​ប្រាក់​នឿយហត់​ដល់​ជាង ៤៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី លោក Marcello Lippi បាន​ចាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចិន​ពី​ឆ្នាំ ២០១៦​មក។ លោក​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា មាន​ប្រាក់​ឈ្នួល​ដល់​ទៅ ២៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ BBC | Independent | Scmp | Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី