មាន​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខួរ​ក្បាល​មួយ​នៅ​ចិន ដើម្បី​ឆ្ពោះ​រក​ថ្នាំ​ព្យាបាល​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល

  • 2018-07-19 13:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ខួរ​ក្បាល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន។ មជ្ឈមណ្ឌល​ផ្ដោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​រក​វិធី​សាស្ត្រ​ព្យាបាល​ជំងឺ​ខួរ​ក្បាល តាម​រយៈ​ការ​សិក្សា​លើ​ការ​ក្លូន​សត្វ​ស្វា។

និយមន័យ​នៃ ក្លូន​ អាច​ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​និយាយ​ផ្សេងៗ​គ្នា។ យ៉ាង​នេះ​ក្ដី ការ​ក្លូន​ សំដៅ​លើ​ការ​បង្កើត​សារពាង្គកាយ​ថ្មី​មួយ​ឬ​ច្រើន​ទៀត ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​នឹង​សារពាង្គកាយ​ដើម។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ​ចិន​ខាង​លើ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ណឺរ៉ូន នៃ​រដ្ឋ​បណ្ឌិត​សភា​ចិន​ផ្នែក​វិទ្យាសាស្ត្រ និង​រដ្ឋាភិបាល​ថ្នាក់​តំបន់​របស់​ចិន។

បើ​តាម​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ណឺរ៉ូន លោក Poo Mu-ming មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ខួរ​ក្បាល មាន​គោលបំណង​ក្នុង​ការ​លើក​កម្ពស់​ការ​ស្រាវជ្រាវ ទាក់​ទង​នឹង​ជំងឺ​ខួរ​ក្បាល ដោយ​ផ្អែក​ការ​សិក្សា​ពី​ការ​ក្លូន​សត្វ​ស្វា។

ការ​ស្រាវជ្រាវ​នេះ នឹង​បើក​ផ្លូវ​ដល់​ការ​រក​ឃើញ​នូវ​វិធី​ថ្មី​ ដើម្បី​ព្យាបាល​ជំងឺ​ខួរ​ក្បាល ដូច​ជា​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ ការ​ស្រាវជ្រាវ​បូក​ផ្សំ​ជាមួយ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ថ្នាំ​លំដាប់​ពិភពលោក​មួយ​ចំនួន នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ថ្នាំ​ថ្មីៗ​ថែម​ទៀត​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Poo។

ស្វាដែលត្រូវបាន វិទ្យាស្ថានវិទ្យាសាស្ត្រណឺរ៉ូន ក្លូនបានសម្រេចកាលពីពេល​កន្លងទៅ

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មករា ឆ្នាំ​នេះ វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ណឺរ៉ូន បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ក្លូន​សត្វ​ស្វា។ ការណ៍​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា គឺ​ជា​ជោគជ័យ​មួយ​ផ្នែក​វិទ្យាសាស្ត្រ​ខួរ​ក្បាល និង​ការ​ក្លូន៕

ប្រភព៖ globaltimes   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី