មិនធម្មតា! ព្រាប សុវត្ថិ និង ឧកញ៉ា វ័យក្មេងចូលហ៊ុនគ្នាធ្វើជំនួញ ៥លានដុល្លារ

  • 2018-07-22 03:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​ដែល​​​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ប្រកាស​ចាប់​ដៃ​គ្នា​​ជា​មួយ​ ឧកញ៉ា​វ័យ​ក្មេង​ ឡេង ណាវ៉ាតត្រា ចូល​ហ៊ុន​គ្នា​រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យ។ ដោយ​ដាក់​ទុន​រួម​គ្នា​ ៥លាន​ដុល្លារ​អាមេរិក​លើ​ទំហំ​ដី​ ១៣ ហិកតារ​ពុះ​ឡូត៍​លក់ នៅ​ម្ដុំ​ផ្សារ​ព្រៃ​ ទទឹង​ ផ្លូវ​ជាតិ​លេខ៣។

ថ្លែង​ក្នុង​វេទិកា​សន្និសីទកាសែត​​ កាល​ពី​ម្សិលមិញ​នេះ​​ ព្រាប សុវត្ថិ ថា នេះ​គឺ​ជា​លើក​ទី​១​ ហើយ​សម្រាប់​រូប​លោក និង​ ឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់​ដៃ​គ្នា​ធ្វើ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ។ ការ​សម្រេច​​​ចិត្ត​ចូល​ហ៊ុន​គ្នា​​វិនិយោគ​ជាមួយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​​​នេះ​​​លោក​ យល់​ឃើញ​ថា ឧកញ៉ា រូប​នេះ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​ម្នាក់​​បទ​ពិសោធន៍​​​ច្រើន​​ក្នុង​ការ​រក​ស៊ី។

ក្រៅ​ពី​​មាន​បទ​ពិសោធន៍​​រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យ​ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ចូល​រួម​យ៉ាង​សកម្ម​​​ជាមួយ​ការ​សប្បុរសធម៌​​ បរិច្ចាគ​​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​ចាស់ជរា ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​​ដែល​ជួប​បញ្ហា​ខ្វះ​ខាត​ជា​ដើម។

​​​​​​​​លោក​ថា៖" សកម្មភាព​រៀប​រាប់​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ទុន​រកស៊ី​ជាមួយ​គាត់​ដោយ​គ្មាន​រារែក​​ក្នុង​ចិត្ត។ ខ្ញុំ​សូម​ជម្រាប​​ត្រង់​នេះ​​បន្តិច​ខ្ញុំ​មក​ថ្ងៃ​នេះ​មិន​មក​​យក​ភាគ​លាភ​ចំណេញ​ក្បាល​កាក់​អី​ទេ គឺ​ពួក​យើង​ទាំង​ពីរ​ចូល​ហ៊ុន​គ្នា​រក​ស៊ី​ ៥លាន​ដុល្លារ​អាមេរិក។ ដូច្នេះ​សូម​កុំ​យល់​ច្រឡំ"។

ចំណែក​ឯ​ ឧកញ៉ា វ័យ​ក្មេង​ ឡេង ណាវ៉ាត្រា វិញ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​​ខ្លាំង​ ដោយ​លោក​មិន​នឹក​ស្មាន​ថា មាន​ឱកាស​បាន​ចាប់​ដៃ​គ្នា​រក​ស៊ី​ ជាមួយ​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ជា​Idol មួយ​រូប​ដែល​លោក គោរព​ស្រឡាញ់​តាំង​ពី​ឆ្នាំ​ ២០០២ មក​ម្ល៉េះ។

“មូល​ហេតុ​ដែល​ខ្ញុំ​​សម្រេច​ចិត្ត​ចូល​ហ៊ុន​ជាមួយ​ បង​ ព្រាប សុវត្ថិ ដោយ​សារ​តែ​ខ្ញុំ​ជឿជាក់​គាត់​ ព្រោះ​គាត់​អាច​រក្សា​កេរ្តិ៍ឈ្មោះ​របស់​គាត់​ឲ្យ​នៅ​ចំណុច​កំពូល​ជាង​ ២០ឆ្នាំ​មក​ហើយ តាំង​ពី​ខ្ញុំ​នៅ​តូច។ អ៊ីចឹង​ចង់​និយាយ​ថា ខ្ញុំ​ក៏​ស្រឡាញ់​កិត្តិយស​ ហើយ​បង​គាត់​ក៏​ស្រឡាញ់​ កិត្តិយស។ ដូច្នេះ​ពួក​យើង​គ្មាន​អ្វី​ទៅ​បោក​ប្រាស់​បង​ប្អូន​ទេ"។ ឧកញ៉ា វ័យ​ក្មេង​បញ្ជាក់៕​

អត្ថបទ៖ ឆុង ស៊ីណាន