Richarlison៖ ពី​កម្មករ​ក្រីក្រ ក្លាយ​ជា​កីឡាករ​មានតម្លៃ​ខ្លួន​ជាង ៦៥ លាន​ដុល្លារ នៅ Premier League

  • 2018-07-22 08:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Everton ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Richarlison ពី Watford ហើយ​ក្នុង​តម្លៃ ៥០ លាន​ផោន (ប្រហែល ៦៥ លាន​ដុល្លារ)ហើយ។ នេះ​បើ​តាម BBC។

លោក Marco Silva គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក Richarlison ពី Watford មក​តាម​​លោក បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ដឹកនាំ Watford ពេញ​មួយ​រដូវ​កាល ២០១៧-១៨ ហើយ បច្ចុប្បន្ន​លោក​គឺ​ជា​គ្រូ​បង្វឹក​របស់ Everton។

កំណត់​ត្រា​កីឡាករ​ថ្លៃ​បំផុត​​បច្ចុប្បន្ន​​ក្លឹបEverton គឺ​កីឡាករ Gylfi Sigurdsson ទិញ​មក​ពី Swansea កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ ក្នុង​តម្លៃ ៥៩ លាន​ដុល្លារ ហើយ ប្រសិន​បើ​កីឡាករ​​ប្រេស៊ីល​វ័យ​២១​ឆ្នាំ​ឈាន​ដល់​កិច្ច​ព្រមព្រៀង ៦៥ លាន​ដុល្លារ​មែន ដូច្នេះ Richarlison ​​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ថ្លៃ​បំផុត​នៅ Everton។

កើត​ក្នុង​គ្រួសារ​កម្មករ​ក្រីក្រ នៃ​តំបន់​ទេសចរណ៍​ដ៏​សម្បូរ​សប្បាយ​នៃ​ប្រទេស​ប្រេស៊ីល

កាល​ពី​ជាង​ ៤ ​ឆ្នាំ​មុន Richarlison គ្មាន​លទ្ធភាព​សូម្បី​ទិញ​ស្បែក​ជើង​ទាត់បាល់​សមរម្យ​​​​មួយ​គូ ប៉ុន្តែ​ជីវិត​បាន​ផ្លាស់​ប្ដូរ​១៨០​ដឺក្រេ បន្ទាប់​ពី​បុរស​ម្នាក់​បាន​នាំ​យុវជន​សញ្ជាតិ​ប្រេស៊ីល​នេះ​​ឲ្យ​សម្រេច​ក្ដី​សុបិន្ត ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក​នៅ Premier League។ ​​

Renato បច្ចុប្បន្ន​ជា​ភ្នាក់ងារ​របស់​ Richarlison គឺ​ជា​មនុស្ស​ដំបូង​ហើយ​ដែល​បាន​ផ្ដល់​កាដូ​​ជា​ទី​​គាប់​ចិត្ត ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល នូវ​ស្បែក​ជើង​ទាត់​បាល់​ថ្មី​មួយ​គួ ដែល​ពី​មុន​មក​កុមារ​កើត​ពី​គ្រួសារ​ក្រីក្រ​មួយ​នេះ​ធ្លាប់​ពាក់​តែ​ស្បែក​ជើង​ចាស់ៗ។

Renato ទៀតសោត​ក៏​បាន​នាំ​យក​យុវជន​ ដែល​ធ្លាប់​តែ​ទាត់​បាល់​លើ​ឆ្នេរខ្សាច់​ក្នុង​ភូមិ ឲ្យ​ទៅ​លេង​លីគ​ទី​២​របស់​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៤។ មួយ​ឆ្នាំ​ក្រោយ​មក ​បាន​ផ្លាស់​​ទៅ​លេង​ឲ្យ​ក្លឹប​ Fluminense ​នៅ​ក្របខ័ណ្ឌ​​កំពូល​ប្រេស៊ីល។​ ទីបំផុត​ នៅ​ចុង​ខែ​កក្កដា ២០១៧ ​ខ្សែ​ជីវិត​របស់ Richarlison បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​ បន្ទាប់​ពី​បាន​​​ផ្លាស់​ទៅ​លេង​​ឲ្យ​ក្លឹប Watford ក្របខ័ណ្ឌ​កំពូល English Premier League ក្នុង​តម្លៃ​ខ្លួន​ជិត ១៥​លាន​ដុល្លារ (១១,២ លាន​ផោន) ពោល​គឺ​​មុន​ពេល Marco Silva បាន​​ទៅ​ដឹកនាំ​ក្លឹប​ Watford មុន​នេះ​បន្តិច។

Richarlison មាន​ស្រុក​កំណើត​នៅ​ភូមិភាគ​អាគ្នេយ៍​ជាប់​ដែន​សមុទ្រ​នៃ​ប្រទេស​ប្រេស៊ីល មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង ជា​តំបន់​ឧស្សាហកម្ម​ផលិត​ដែក និង ប្រេង ដ៏​មាន​សក្ដានុពល។ ប៉ុន្តែ​កុមារ​ប្រេស៊ីល​រូប​នេះ​ ជា​កូន​ច្បង​នៃ​បងប្អូន​៥​នាក់​នៃ​គ្រួសារ​ក្រីក្រ ដែល​មាន​ឪពុក ជា​កម្មករ​​កាត់​ថ្ម និង ​ម្ដាយ ជា​អ្នក​បោស​សម្អាត។ ​ ​

"ខ្ញុំ​ធ្លាប់​មើល​បាល់​ Premier League តាម​កញ្ចក់​ទូរទស្សន៍​ពូ​ខ្ញុំ ហើយ​ស្រមៃ​ថា​នឹង​បាន​ទៅ​លេង​ទីនោះ​ថ្ងៃ​ណា​មួយ"។ កីឡាករ​វ័យ​២១​ឆ្នាំ​និយាយ។

មនុស្ស​សំខាន់​៣​នាក់​ពី​ក្រោយ​ខ្សែ​ជីវិត​ជោគជ័យ ​លើ​ទឹក​ដី​ប៉ង​ប្រាថ្នា របស់ Richarlison

កីឡាករ​វ័យ​២១​ឆ្នាំ​និយាយ​ថា អ្នកចាំ​ទី​ Heurelho Gomes របស់​ Watford ដែល​ជា​ជន​រួម​សញ្ជាតិ​ប្រេស៊ីល​ដូច​គ្នា​ បាន​ជួយ​គេ​គ្រប់​យ៉ាង រាប់​តាំង​ពីជួយ​រក​ផ្ទះ រថយន្ត​​ ជា​អ្នក​ណែនាំ​ពី​របៀប​រស់​នៅ​លើ​ទឹកដី​ថ្មី​នៅ​អង់គ្លេស ជា​អ្នក​បក​ប្រែ និង​មែន​ទែន​ទៅ​ជា​អ្នក​សម្រប​សម្រួល​តាំង​ពី​ការ​ហូប​ចុក​​ជាដើម។

Heurelho Gomes និង Troy Deeney អបអរ​គ្រាប់បាល់​របស់ Richarlison

"និយាយ​ឱ្យ​ស្មោះ​ទៅ​ ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់​អំពី​ Watford ថា​ជា​ ទីក្រុង ឬ ក្រុម​បាល់​ទាត់។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ខ្លាំង​ណាស់ កីឡាករ បុគ្គលិក អ្នក​ចាត់​ការ​ក្លឹប​ រួម​ក្រុម​អ្នក​គាំទ្រ​បាន​ស្វាគមន៍​ខ្ញុំ​ជា​ខ្លាំង "។ កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ។

ជា​រួម​ ខ្សែ​ជីវិត​របស់​ កីឡាករ​វ័យ​ក្មេង​ប្រេស៊ីល ផ្លាស់​ប្តូរ​ទាំងស្រុង នៅ​ពេល​បាន​ Renato បាន​នាំ​​យក​រូប​គេទៅ​លេង​​បាល់ទាត់​កម្រិត​អាជីព​ ក្លាយ​ទៅ​ជា​កីឡាករ​លំដាប់​ពិភពលោក និង​ ​ពេល​ទៅ​លេង​ឲ្យ Watford ដោយ​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​​អ្នកចាំទី​ជា​កីឡាករ​​​រួម​សញ្ជាតិ ពិសេស​រឿង​ភាសា ដោយសារ​តែ​កុមារភាព​ក្រីក្រ Richarlison មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ និង ចុងក្រោយ​បាន​គ្រូ​បង្វឹក​លោក Marco Silva សម្លឹង​ឃើញ​ទេពកោសល្យ Richarlison ទិញ​ចូល​ Watford ក្នុង​តម្លៃ​ ១៥ លាន​ដុល្លារ កាល​ពី​១​ឆ្នាំ​មុន ហើយ ពេល​នេះ នៅ​ពេល​គ្រូ​បង្វឹក​វ័យ​៤១​ឆ្នាំ​ទៅ​ដឹក​នាំ Everton លោក​ថែម​ទាំង​បញ្ចុះ​បញ្ចូល​ក្លឹប​ឲ្យ​​ចុះ​កុងត្រា​យក​យុវជន​នេះ ក្លាយ​ជា​កីឡាករ​បំបែក​កំណត់ត្រា​ថ្លៃ​បំផុត​របស់​​ក្លឹប ក្នុង​តម្លៃ​៦៥​លាន​ដុល្លារ៕

ប្រភព៖ BBC | The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត