រឿងសំខាន់៧យ៉ាង អ្នកត្រូវចាប់ឲ្យជាប់ នៅអាយុខ្ទង់២០ឆ្នាំ
- 2018-07-23 06:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់៧យ៉ាង អ្នកត្រូវចាប់ឲ្យជាប់ នៅអាយុខ្ទង់២០ឆ្នាំ
ចន្លោះមិនឃើញ
មួយជីវិតមនុស្សមានមួយដំណាក់កាលៗ ហើយវាតែងមានរឿងសំខាន់ដូចគ្នាដែលអ្នកត្រូវចេះក្ដាប់យក ព្រោះបើហួសហើយអ្នកមិនអាចហៅពេលវេលាឲ្យត្រឡប់ក្រោយទេ។ ទាំងនេះជារឿងសំខាន់ ៧យ៉ាងដែលអ្នកត្រូវចាប់ឲ្យជាប់ នៅវ័យខ្ទង២០ឆ្នាំ ៖
១. រីករាយជាមិត្តភក្តិជិតស្និទ្ធ
វ័យ ២០ឆ្នាំគឺកំពុងពេញរាប់អានគ្នាហើយ ម្យ៉ាងទៀតអ្នកមានពេលវេលាច្រើនទៅលើមិត្តភាព ដូច្នេះគួរតែចំណាយពេលនេះរីករាយ ជាមួយមិត្តភក្តិអ្នកឲ្យបានច្រើន។ ពេលអ្នកមានការងារច្រើនឬមានគ្រួសារ ការជួបជុំ និងមានពេលរីករាយនោះនឹងត្រូវកាត់បន្ថយ ឬអាចគ្មានតែម្ដង បែបនេះហើយកុំឲ្យពេលវេលាកន្លងទៅដោយអត់ន័យអី។
**២. ការដើរកម្សាន្ត**
វ័យខ្ទង់២០គឺពេញកម្លាំង ពេញសប្បាយ និងពេញចង់ស្គាល់អីថ្មី អីដែលប្លែកហើយ ដូច្នេះអ្នកគួរតែចំណាយពេលដើរលេងឲ្យបានច្រើន ដើម្បីរៀនសូត្រ និងស្វែងយល់ពីជីវិតឲ្យបានច្រើនតាមតែអាចធ្វើបាន។ នេះមិនមែនដើរលេងអត់ប្រយោជន៍ទេ តែជាការលំហែខួរក្បាល ស្វែងយល់ និងរៀនអ្វីដែលថ្មីៗ។
៣. ឱកាសរស់នៅក្រៅប្រទេស
បើអ្នកមានឱកាសអាចទៅរស់នៅក្រៅប្រទេស ឬជាប់អាហារូបករណ៍ទៅក្រៅនោះ អ្នកមិនគួរបោះចោលឱកាសនោះទេ។ ត្រូវចាប់ឱកាសឲ្យជាប់ ហើយទៅក្រេបយកបទពិសោធន៍ជីវិតនៅស្រុកគេ និងរៀនសូត្រពីអ្វីដែលល្អៗ ដើម្បីយកមកអភិវឌ្ឍខ្លួនឯង។
៤. បំពេញបំណងខ្លួនឯង
វ័យនេះគួរតែជាវ័យដែលអ្នកអាចស្វែងយល់ពីខ្លួនឯង និងដឹងថាអ្វីដែលខ្លួនចង់បាន ដោយរស់នៅក្នុងភាពស្រស់ស្អាតបែបយុវវ័យមួយ។ អ្នកមិនគួរឃុំខ្លួនឯងដោយសារពាក្យអ្នកដទៃទេ ព្រោះបើផុតពីវ័យនេះទៅអ្នកនឹងអាចស្ដាយក្រោយដែលអ្នកមិនអាចបំពេញបំណងខ្លួនឯងបាន រហូតជ្រុលវ័យ។
៥. អភ័យទោសឲ្យខ្លួនឯង
យុវវ័យភាគច្រើនទៅហើយតែងមានកំហុស ពេលខ្លះកំហុសនោះតោងទាមរហូតបំផ្លាញអនាគតទៀតផង។ អ្វីដែលប្រសើរក្នុងវ័យ ២០ឆ្នាំ បើអ្នកធ្លាប់មានកំហុសអីដែលធ្វើឲ្យ អ្នកឈឺចាប់ ស្ដាយក្រោយនោះ គួរតែអភ័យទោសឲ្យខ្លួនឯងទៅ។ ចាប់ផ្ដើមជាថ្មីនៅវ័យបន្ទាប់នេះ ព្រោះខ្សែជីវិតនៅវែងអន្លាយទៀត មិនអាចឃុំខ្លួនឯងក្នុងអតីតកាលនោះទេ។
៦. លះបង់ស្នេហាបែបឆ្កួតឡប់ចោល
វ័យ ២០ស្ដើងអ្នកអាចជួបមនុស្សជាច្រើន ហើយពេលខ្លះអាចជ្រុលខ្លួនក្នុងទំនាក់ទំនងបែបអត់ន័យក៏មាន។ យ៉ាងណាក៏ដោយបើអ្នកដឹងថាខ្លួនឯងកំពុងជ្រុលខ្លួនជាមួយស្នេហាអត់ប្រយោជន៍ហើយនោះ គួរតែលះបង់ និងដកខ្លួនទៅ។ បើអ្នកបន្តឲ្យវានៅជាមួយអ្នករហូតដល់ផុតវ័យខ្ទង់ ២០នោះ អ្នកនឹងស្ដាយក្រោយ។
៧. ក្រេបយកចំណេះដឹង
វ័យប៉ុណ្ណេះគឺខួរក្បាលល្អណាស់ ឆាប់ចាប់បាន រៀនអីក៏ចេះ រៀនអីក៏ចាំដែរ ដូច្នេះគួរតែត្រូវព្យយាមរៀនឲ្យបានច្រើន។ បើវ័យនេះអ្នកចេះកាន់តែច្រើន ឱកាសអ្នកក៏កាន់តែច្រើនដែរ ហើយទៅមុខទៀតឱកាសជោគជ័យអ្នកកាន់តែទទួលបាន៕
ចុចអាន៖