ស៊យធំ បើគ្រឿង​អេឡិចត្រូនិកចូលទឹក​ កុំ​ឲ្យ​ធ្ងន់ទាន់ ​ត្រូវ​ធ្វើ​ ៤ រឿង​នេះភ្លាម

  • 2018-07-24 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរដូវវស្សា អាកាសធាតុមានភាពអួរអាប់ មេឃអាចភ្លៀងគ្រប់ពេលវេលា។ ប៉ុន្តែពេលខ្លះទៀត មេឃបើកថ្ងៃសោះតែបែរជាមានភ្លៀងធ្លាក់ភ្លាមៗ ជាហេតុធ្វើឲ្យអ្នកមិនបានត្រៀមខ្លួនជាមុន។

បើសិនជាស៊យដល់ថ្នាក់ភ្លៀងធ្លាក់ទទឹកខ្លួនជោគ ហើយចូលទូរសព្ទ ឬកុំព្យូទ័រទៀតនោះ អាចអនុវត្តតាមវិធីទាំង ៤ ដែល Sabay យកមកបង្ហាញជូននៅខាងក្រោមនេះបាន ហើយវាមិនមែនសម្រាប់តែឧបករណ៍អេឡិចត្រូនិកដែលត្រូវទឹកភ្លៀងមួយមុខឡើយ គឺឲ្យតែវាត្រូវទឹក មិនថាកំពប់ទឹកលើ ឬធ្លាក់ចូលអាងទឹកនោះទេ គឺ​អាចអនុវត្តិវិធីនេះបានដូចគ្នា។

១. បិទឧបករណ៍អេឡិចត្រូនិកចោលភ្លាមៗ

អ្វីដែលអ្នកត្រូវធ្វើចាំបាច់បំផុត នៅពេលដែលអ្នកដឹងថាឧបករណ៍អេឡិចត្រូនិករបស់អ្នកទទឹកនោះ គឺត្រូវផ្ដាច់ប្រភពចរន្តវាចេញ គឺដោះថ្ម ឬក៏បិទដំណើរការឧបករណ៍អេឡិចត្រូនិកនោះភ្លាមៗ។ ការធ្វើដូចនេះ គឺដើម្បីកុំឲ្យអ៊ីយ៉ុងនៅក្នុងទឹកធ្វើឲ្យចរន្តអគ្គិសនីឆ្លងពាសពេញគ្រប់ទីកន្លែងធ្វើឲ្យសៀគ្វីឧបករណ៍អេឡិចត្រូនិកអាចឆេះបាន។

២. រលាស់ទឹកចេញឲ្យអស់

ពេលផ្ដាច់ភ្លើង ឬដោះថ្មចេញហើយនោះ អ្នកត្រូវធ្វើយ៉ាងណាឲ្យឧបករណ៍អេឡិចត្រូនិកស្ងួតទឹក ដោយអាចរលាស់ឲ្យខ្លាំងដើម្បីឲ្យទឹកខ្ទាតចេញអស់ ឬក៏អាចដោះជូតដោយក្រណាត់ ឬសំឡីស្ងួតក៏បាន សម្រាប់ផ្នែកតូចៗដែលទឹកមិនអាចជ្រាបចេញអស់តាមការរលាស់។

៣. ដាក់កប់ក្នុងអង្ករសម្រិត (អង្ករគ្រាប់ស)

អង្ករគ្រាប់ស ជានិច្ចកាលអាចប៊ឺតស្រូបទឹកចេញបានយ៉ាងគាប់ប្រសើរ។ ពេលដែលអ្នកបានដោះគ្រឿងជាបំណែកៗចេញពីឧបករណ៍អេឡិចត្រូនិកអ្នកហើយនោះ អ្នកគប្បីរកប្រអប់មួយធំល្មមសម្រាប់ដាក់អង្ករពីបាតក្រោម ហើយដាក់ឧបករណ៍អេឡិចត្រូនិករបស់អ្នកដែលដោះចេញពីគ្នានោះនៅកណ្ដាល ហើយសឹមចាក់អង្ករពីលើថែមឲ្យឧបករណ៍អេឡិចត្រូនិកលិចបាត់ទៅក្នុង។ រយៈពេលនៃការដាក់កប់ចូលអង្ករនេះ គឺអាស្រ័យនឹងកម្រិតទទឹករបស់ឧបករណ៍អេឡិចត្រូនិកអ្នក។ បើវាគ្រាន់តែធ្លាក់ចូលទឹកមួយភ្លែត ការត្រាំអង្កររយៈពេលមួយថ្ងៃប្រហែលជាអាចជួយបឺតទឹកចេញអស់ហើយ តែបើឧបករណ៍អេឡិចត្រូនិកអ្នកលិចក្នុងទឹករយៈពេលយូរ ឬក៏ត្រូវទឹកភ្លៀងឡើងលើកមកមានទឹកស្រក់ហើយនោះ ការត្រាំអង្ករគួរណាស់តែចំណាយពេល ១ អាទិត្យដែរ។ ប៉ុន្តែអ្នកត្រូវចងចាំថា ការដាក់ត្រាំអង្ករកាន់តែយូរ កាន់តែល្អ ព្រោះវានឹងជួយប៊ឺតទឹកពីខាងក្នុងឲ្យបានអស់។ យល់ល្អ ទុកចោលមួយអាទិត្យយ៉ាងតិចទើបជាការប្រសើរ។

៤. ប្រើសំឡីត្បារត្រចៀក និងអាល់កុល

បើសិនជានៅមានទឹកនៅដក់ក្នុងផ្នែកតូចៗ ដែលអ្នកមិនអាចសម្អាតបានទេនោះ អ្នកអាចយកសំឡីត្បារត្រចៀកទៅជ្រលក់អាល់កុល ហើយរុកជូតទៅក្នុងកន្លែងនោះ ព្រោះអាល់កុលជាសារធាតុរាវដែលឆាប់ហើរ ហើយវានឹងជួយឲ្យទឹកដែលដក់នៅទីនោះហួតទៅជាមួយវា បានលឿនជាងធម្មតាដែរ។

ចុចអាន៖

ប្រភព៖ Quick and Dirty Tips   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី