៤ប្រទេសនៅអាស៊ី ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ ប៉ះពាល់មនុស្សរាប់ម៉ឺននាក់
- 2018-07-27 02:12:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ប្រទេសនៅអាស៊ី ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ ប៉ះពាល់មនុស្សរាប់ម៉ឺននាក់
ចន្លោះមិនឃើញ
គិតចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៨ មក ប្រទេសនៅតំបន់អាស៊ីចំនួន ៤ ដែលក្នុងនោះរួមមានទាំងកម្ពុជា បានជួបគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ទៀតផង។
#១ ជប៉ុន
ប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ បានទទួលរងគ្រោះទឹកជំនន់កាលពីដើមខែ និងអូសបន្លាយរហូតដល់ពាក់កណ្ដាលខែកក្កដា។ គិតត្រឹមថ្ងៃទី២០ មនុស្សចំនួន ២២៥នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។
ជាមួយគ្នានេះ ជប៉ុន បានទទួលរងនូវរលកកម្ដៅដ៏ក្ដៅបំផុតមួយ ចាប់ពីថ្ងៃទី៩ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់ និងប្រមាណ ២២ ០០០នាក់ផ្សេងទៀតត្រូវដេកពេទ្យ។
#២ ឡាវ
ឡាវ បានទទួលរងគ្រោះពីការបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់ស្លាប់ ខណៈមនុស្សចំនួន ៦ ០០០គ្រួសារផ្សេងទៀតត្រូវជម្លៀសខ្លួន។
#៣ កម្ពុជា
កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ កំណាត់ផ្លូវជាតិលេខ៤ ត្រូវបានជន់លិច និងកាត់ផ្ដាច់ ដោយសារទឹកហូរធ្លាក់ពីភ្នំឱរ៉ាល់ ដែលជាភ្នំមួយស្ថិតនៅតំបន់ជួរភ្នំក្រវាញ មានព្រំប្រទល់ជាប់នឹងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង។ ក្រៅពីនេះនៅមានបណ្ដាខេត្តដទៃទៀតដែលជួបគ្រោះទឹកជំនន់ក្នុងពាក់កណ្ដាលខែកក្កដានេះដែរ ដូចជា៖ ខេត្តកំពត កោះកុង ព្រះសីហនុ បាត់ដំបង ត្បូងឃ្មុំ។ រហូតមកដល់ពេលនេះឥទ្ធិពលទឹកបានថមថយទៅវិញហើយ។
ជាមួយគ្នានេះ កម្ពុជា បានទទួលរងឥទ្ធិពលពីការបាក់ទំនប់វារីអគ្គិសនីឡាវ បណ្ដាលឲ្យខេត្តស្ទឹងត្រែង លិចលង់ចំនួន ៤ឃុំ និង ១៧ភូមិ ខណៈអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង ១២០០គ្រួសារ ទៅរកទីទួលសុវត្ថិភាព។
#៤ មីយ៉ាន់ម៉ា
មនុស្សយ៉ាងហោចណាស់ ១៦ ០០០នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែទទួលរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីភ្លៀងមូសុង។ ទឹកជំនន់ បានចាប់ផ្ដើមកើតឡើងកាលពីចុងសប្ដាហ៍ នៅក្នុងរដ្ឋ Kayin ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ៕
ចុចអាន៖