សំនួរ​មួយ​ចំនួន​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android អ្នក​ក៏​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ដែរ​

  • 2018-07-28 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ស្មាតហ្វូន​ដ៏​ពេញ​និយម​លើ​ពិភពលោក​របស់​ក្រុមហ៊ុន​ Google មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​ ២ ពាន់​លាន​នាក់​។ ប្រព័ន្ធ​មាន​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ លើ​បណ្ដាល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នានា​ មិន​ដូច​ iOS ត្រឹម​ប្រើ​លើ​ផលិត​របស់​ Apple ដូចជា​ iPhone ឬ​ iPad។

អ្វី​ជា​ Android? ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ​ Open Source (អាច​យក​ប្រើ​បន្ត​បាន​ដោយ​ឥត​គិត​ថ្លៃ​) ដែល​មាន​ប្រភេទ​ Device ជា​ច្រើន​ ក្រៅ​ពី​ស្មាតហ្វូន​កំពុង​ប្រើប្រាស់​ ដូចជា​ទូរទស្សន៍​ រថយន្ត​ ឬ​ទូរ​ទឹកកក​។

មិន​ជា​ខុសគ្នា​ប៉ុន្មាន​នោះ​ទេ​រវាង ​ទូរសព្ទ​ Android និង​ iPhone គ្រាន់តែ​ Android ហាក់​មាន​ការ​គ្រប់គ្រង​កែប្រែ​បាន​ច្រើន​ជាង​ iOS មាន​ការ​កំណត់​ដោយ​ Apple។

Android device ភាគច្រើន​មាន​លទ្ធភាព​អាច​ដំណើរការ​ Launcher នានា​ ជា​កម្មវិធី​ប្រើ​ជំនួស​ Home Screen ធម្មតា​ ផ្លាស់ប្ដូរ​រូបរាង​ Device ពី​ធម្មតា​ទៅ​មិន​ធម្មតា​តាម​ចំណូលចិត្ត​ ពណ៌​ និង​រូបភាព​។

អ្វី​ជា​ Stock Android? Stock Android ជា​ជំនាន់​ដើម​បាន​ប្រើ​ដោយ​ Google ឬ​ជា​ស្រទាប់​មូលដ្ឋាន​របស់​ Android មាន​កម្មវិធី​ស្តង់ដារ​របស់​ Google ដូចជា​ YouTube, Maps និង​ Google Drive តែ​មិន​មាន​ន័យ​ថា​ ខ្វះ​ខាត​មុខងារ​សំខាន់ៗ​នោះ​ទេ។​ Stock Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ល្អ​បំផុត​ ដំណើរការ​ភាគច្រើន​លើ​ស្មាតហ្វូន​ត្រកូល​ Pixel ជា​ពិសេស​ របស់​ Google បូក​ផ្សំ​នឹង​មុខងារ​សំខាន់​មួយ​ចំនួន​។

Stock Android លឿន​ ជាង​ជំនាន់​ផ្សេង​ទៀត​របស់​ Android ដោយសារ​ស្រាល​ មិន​មាន​អ្វី​ច្រើន​ដំណើរការ​នៅ​ពី​ក្រោយ​ ប្រើ​ Resources (RAM និង​ CPU) ពេញលេញ​បាន​ល្អ​។

អ្វី​ជា​ Oreo? Nougat ឬ Oreo ជា​ជំនាន់​អាប់ដេត​របស់​ Android មាន​ការ​ផ្លាស់ប្ដូរ​ទាំង​រូបរាង​ បទពិសោធន៍​ និង​មុខងារ​ថ្មីៗ​ផង​ដែរ​។ ជំនាន់​អាប់ដេត​ទាំង​នេះ​ មិន​មាន​ប្រើ​លើ​គ្រប់​ Android device នោះ​ឡើយ​ ទៅ​តាម​ម៉ូដែល​ និង​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​។ អាប់ដេត​បន្ទាប់​គឺ​ Android 9.0 ឬ​ Android P នឹង​មាន​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​អ្នក​ប្រើប្រាស់​មួយ​បែប​ទៀត​ ខណៈ​បច្ចុប្បន្ន​នៅ​ជា​ជំនាន់​ Beta នៅ​ឡើយ​។

អ្វី​ជា​ Android Go ឬ​ Android One? Android Go ជា​ជំនាន់​ Stock Android រចនា​ឡើង​គោលដៅ​សម្រាប់​ Device មាន​សមត្ថភាព​ទាប​ មិន​អាច​ដំណើរការ​ជំនាន់​ចុង​ក្រោយ​របស់​ Android។ ទីផ្សារ​សំខាន់​របស់​ Android Go មាន​លើ​ស្មាតហ្វូន​ ក្នុង​ប្រទេស​ឥណ្ឌា​ និង​ប្រេស៊ីល​។

Android One ជា​ជំនាន់​មុន​ Android Go ប្រភេទ​ Stock Android ប្រើ​ភាគច្រើន​លើ​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ដូចជា​ HTC U11 Life និង​ Moto X4។

SKIN Google មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ផ្លាស់ប្ដូរ​រូបរាង​ Android នោះ​ឡើយ​។ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នីមួយ​ៗ មាន​ជម្រើស​អាច​កែប្រែ​រូបរាង​ Android ប្រើ​លើ​ Device ផ្ទាល់​ខ្លួន​ ទៅ​តាម​ការ​ចង់​បាន​ ចេញ​ពី​រូបរាង​ដើម​ Stock Android ដោយ​បន្ថែម​មុខងារ​ រូបរាង​ បែបបទ​ប្រើប្រាស់​ តាម​វិធី​ខ្លួន​ ខុស​ពី​ជំនាន់​ Android ដទៃ​ទៀត​។

កុំ​បារម្ភ​ការ​ផ្លាស់ប្ដូរ​នេះ​ តែ​រូបរាង​ និង​មុខងារ​មួយ​ចំនួន​ប៉ុណ្ណោះ​ ខណៈ​កម្មវិធី​ប្រើប្រាស់​ដូច​ធម្មតា​។ ប៉ុន្តែ​បើ​ ចង់​ប្រើ​ប្រព័ន្ធ​មាន​ការ​អាប់ដេត​ចុង​ក្រោយ​ ទាំង​សុវត្ថិភាព​ និង​ដំណោះស្រាយ​បញ្ហា​ប្រព័ន្ធ​ គួរ​ប្រើ​ Stock Android device ដូចជា​ Google Pixel ឬ​ទូរសព្ទ​ប្រើ​ Android One ដោយសារ​មាន​ការ​អាប់ដេត​ដោយ​ផ្ទាល់​ពី​ Google។

ស្មាតហ្វូន​កែប្រែ​រូបរាង​ក្រុមហ៊ុន​ដទៃ​ទៀត​ អាច​ចំណាយ​ពេល​យូរ​ជាង​ ដើម្បី​អាប់ដេត​។ ឧទាហរណ៍​ Samsung Galaxy S8 អាប់ដេត​ឡើង​ Android 8.0 Oreo​ ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨ ខណៈ​កំណែទម្រង់​ចេញ​ជា​ផ្លូវការ​តាំង​ពី​ខែ​សីហា​ ឆ្នាំ​ ២០១៧។

មែនទែន​ទៅ​ សុវត្ថិភាព​ជា​ចំណុច​សំខាន់​ត្រូវ​ការ​អាប់ដេត​ទាន់​ពេលវេលា​ ដើម្បី​ការពារ​ប្រព័ន្ធ​ ខណៈ​រូបរាង​ និង​មុខងារ​បាន​កែប្រែ​ពី​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នានា​ ត្រឹម​ជា​សម្បក​ខាងក្រៅ​ប៉ុណ្ណោះ​។ គួរ​មាន​ការ​ស្រាវជ្រាវ​ ចំណូលចិត្ត​ផ្ទាល់​ខ្លួន​ មុន​ពេល​វិនិយោគ​។

អ្វី​ជា​ Forked Android? Android ជា​ប្រភេទ​ Open Source កូដ​ និង​មុខងារ​សំខាន់​ៗ អាច​ប្រើ​តាម​ការ​ចង់​បាន​ ជា​លទ្ធផល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ បង្កើត​ជំនាន់​ Android ផ្ទាល់​ខ្លួន​។ Android បើក​ទូលាយ​ក្នុង​ការ​ប្រើ​ជា​ប្រយោជន៍​ តែ​សេវាកម្ម​របស់​ Google មិន​ដូច្នេះ​ទេ​ ការ​ចូល​ឃ្លាំង​កម្មវិធី​លើ​ Google Play Store ត្រូវ​ចំណាយ​ ជា​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​។

ក្រុមហ៊ុន​ខ្លះ​ មិន​ដើរ​តាម​វិធី​ Google នោះ​ឡើយ​ ទើប​មាន​ Forked Android ដោយ​យក​ Android ជា​មូលដ្ឋាន​ តែ​មិន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ Google ឡើយ​។

Fire Tablet របស់​ Amazon ប្រព័ន្ធ​បាន​បង្កើត​ពី​ Android តែ​មិន​មាន​កម្មវិធី​ និង​សេវាកម្ម​របស់​ Google ក្នុង​នោះ​ឡើយ​។ ក៏​អាច​ឃើញ​លើ​ស្មាតហ្វូន​ចិន​ មួយ​ចំនួន​ផង​ដែរ​ មិន​មាន​ Google Play Store នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.digitaltrends.com/mobile/what-is-stock-android/

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម