ក្លាយជាមនុស្សស្រីសំខាន់ បើចេះគោរព និងឲ្យតម្លៃខ្លួនឯង ៥ចំណុចនេះ
- 2018-07-28 02:33:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាមនុស្សស្រីសំខាន់ បើចេះគោរព និងឲ្យតម្លៃខ្លួនឯង ៥ចំណុចនេះ
ចន្លោះមិនឃើញ
អ្នកដទៃនឹងមិនឲ្យតម្លៃ បើអ្នកខ្លួនឯងមិនឲ្យតម្លៃខ្លួនឯង។ ការឲ្យតម្លៃខ្លួនមិនមែនមានន័យថា អ្នកត្រូវធ្វើឬកពារក្រអឺតក្រទមនោះទេ តែគឺជាការឈរលើគោលការណ៍ខ្លួនឯង និងបញ្ជាក់ឲ្យអ្នកដទៃឃើញថា អ្នកមានតម្លាភាព។ ដូច្នេះមុននឹងចង់ឲ្យអ្នកដទៃគោរពឲ្យតម្លៃ និងចាត់ទុកអ្នកជាមនុស្សសំខាន់អ្នកគួរគោរពខ្លួនឯងត្រង់ ៥ ចំណុចនេះជាមុនសិន៖
១. ធ្វើអ្វីក៏ដោយក៏មានដែនកំណត់
ការលេងសើចជារឿងដែលល្អ ព្រោះវាជួយឲ្យអ្នកសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ តែអ្នកមិនត្រូវបណ្ដោយការលេងសើចនោះលើសជ្រុលនោះទេ។ បើការលេងសើចនោះប៉ះពាល់ផ្លូវចិត្តអ្នក អ្នកត្រូវតែប្រតិកម្មឬប្រាប់ទៅអ្នកលេងនោះថា អ្នកមិនពេញចិត្តឡើយ ហើយសុំឲ្យគេឈប់។
២. ប្ដូរចេញនូវការគិតអវិជ្ជមានមកលើខ្លួនឯង
ពេលអ្នកទៅក្រៅជួបមិត្តភក្តិ ហើយគេនិយាយពីភាពជោគជ័យរបស់គេ អ្នកដាច់ខាតមិនត្រូវនិយាយបន្ទោសបង្អាប់ខ្លួនឯងនោះទេ។ ការពិតជីវិតអ្នកមិនយ៉ាប់ដូចអ្វីដែលអ្នកយល់ឃើញពីខ្លួនឯងនោះ ឡើយ។ តែការនិយាយពីខ្លួនឯងអវិជ្ជមាន គឺជាការឲ្យដៃទៅមនុស្សខាងក្រៅឲ្យមានឱកាសមើលស្រាលមកលើអ្នកទៅវិញ។
៣.មិនធ្វើអ្វីដែលក្បត់ឧត្ដមគតិខ្លួនឯង
ធ្វើអ្វីដែលឈរលើគោលការណ៍ខ្លួនឯង គឺជាការគោរព និងឲ្យតម្លៃ។ មិនថាអ្នកដទៃឲ្យយោបល់ ឬបង្ខំអ្នកឲ្យធ្វើអ្វីមួយនោះទេ ប៉ុន្តែបើអ្នកយល់ថាមិនល្អ មិនត្រឹមត្រូវ អ្នកមិនចង់ធ្វើ គឺអ្នកបដិសេធភ្លាម។ អ្នកធ្វើតាមគំនិតខ្លួនឯង ហើយធ្វើឲ្យល្អ ដើម្បីបញ្ជាក់ថាគំនិតអ្នកត្រឹមត្រូវ។
៤. លាងជម្រះ មនុស្សពិសពុលចេញពីជីវិត
រៀនសង្កេតមើលមនុស្ស ហើយយល់ពីបំណងរបស់គេ។ ធ្វើចិត្តឲ្យរឹងមាំកុំស្ដាយស្រណោះ លាងជម្រះចេញនូវប្រភេទមនុស្សដែលនាំឲ្យអ្នកអន្តរាយ។ បាត់បង់ពួកគេ គឺជារឿងមួយដែលល្អបំផុត ដែលអ្នកអាចធ្វើសម្រាប់ខ្លួនឯង។
៥. រៀនចេះបដិសេធសំណើអ្នកដទៃខ្លះ
ការជួយគេគឺជារឿងល្អ ប៉ុន្តែមិនត្រូវជួយគ្រប់ពេល និងគ្រប់រឿងពេកនោះទេ។ អ្នកត្រូវដឹងថារឿងណាដែលត្រូវជួយ ឬមិនត្រូវជួយ។ មិនត្រូវឲ្យអ្នកដទៃ អាងដោយពឹងអ្នកបានគ្រប់ពេលនោះទេ តែត្រូវមានពេលវេលា និងកាលៈទេសៈសមស្រប ដូចជាមិនមែនពេលសម្រាក ឬថ្ងៃសំខាន់ផ្សេងៗរបស់អ្នក៕
ចុចអាន៖